ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី សង្ឃឹមថាការចរចាសន្តិភាពដែលនឹងរៀបចំឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាសប្ដាហ៍ក្រោយនោះនឹងធ្វើឡើងប្រកបដោយភាពហ្មត់ចត់ប្រាកដប្រជា និងប្រកបដោយភាពសាច់ការ។ ប៉ុន្តែទន្ទឹមនឹងនោះ លោកបង្ហាញការខ្វាយខ្វល់ជាចំហតែម្ដងថាអ៊ុយក្រែនហាក់ដូចជាត្រូវគេបង្ខំឱ្យធ្វើសម្បទាននៅពេលចរចាគ្នា។

នៅឯកិច្ចប្រជុំស្ដីពីសន្តិសុខដែលរៀបចំនៅទីក្រុងមុយនិច (Munich) ប្រទេសអាល្លឺម៉ង់ លោកហ្សេឡិនស្គីថ្លែងថាយើងសង្ឃឹមដោយចិត្តស្មោះសថាគម្រោងជួបគ្នាត្រីភាគីនាសប្ដាហ៍ក្រោយនឹងធ្វើឡើងដោយភាពហ្មត់ចត់ និងសាច់ការ។ ពោលគឺជាការចរចាដែលផ្ដល់សេចក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា។ ប៉ុន្តែលោកសូមនិយាយតាមត្រង់ចុះថាពេលខ្លះភាគីជម្លោះទាំង២និយាយខុសគ្នាស្រឡះ។

មេដឹកនាំអ៊ុយក្រែនរូបនេះថ្លែងថាពេលខ្លះលោកមានអារម្មណ៍ថាអ៊ុយក្រែនទទួលរងសម្ពាធខ្លះៗពីលោកដូណាល់ត្រាំ។ កាលពីម្សិលមិញ លោកត្រាំថ្លែងថាលោកហ្សេឡិនស្គីគួរកុំបណ្ដោយឱ្យឱកាសកន្លងផុតទៅ, គួរទទួលយកកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់។ ហេតុនេះ លោកហ្សេឡិនស្គីថ្លែងត្រឡប់ទៅវិញថាពួកអាមេរិកាំងឧស្សាហ៍និយាយបកក្រោយទៅរកការធ្វើសម្បទានឱ្យគ្នា។ ហ្សេឡិនស្គីថាអាមេរិកបង្ខំឱ្យតែអ៊ុយក្រែនធ្វើសម្បទាន ចំណែកខាងរុស្ស៊ីអាមេរិកមិនបង្ខំសោះ។

ទោះជាយ៉ាងណាក្ដី លោកសង្ឃឹមថាអាមេរិកនឹងបន្តចូលរួមនៅក្នុងការចរចាគ្នា។ លោកសង្ឃឹមទៀតថាអឺរ៉ុបក៏អាចនឹងមានឱកាសបំពេញតួនាទីកាន់តែធំទូលាយ ខណៈដែលបច្ចុប្បន្ននេះអឺរ៉ុបត្រូវគេដាក់ឱ្យនៅខាងក្រៅសង្វៀន។ កាលពីមុននេះ ហ្សេឡិនស្គីបារម្ភថាគម្រោងរៀបចំបោះឆ្នោតសភានៅអាមេរិកអាចនឹងធ្វើឱ្យរដ្ឋបាលរបស់លោកត្រាំជាប់រវល់តែអំពីបញ្ហាក្នុងស្រុក។

ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមថាលោកត្រាំបានដាក់សម្ពាធឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតប្រធានាធិបតីនាពេលឆាប់ៗនេះ លោកហ្សេឡិនស្គីអះអាងថាលោកត្រៀមខ្លួនធ្វើរឿងនេះ។ សំខាន់ត្រូវមានបទឈប់បាញ់រយៈពេលពីរខែដើម្បីងាយស្រួលលោករៀបចំការបោះឆ្នោត។ លោកថាលោកត្រាំអាចធ្វើរឿងនេះបាន។ លោកត្រាំត្រូវតែបង្ខំឱ្យលោកពូទីនទទួលយកបទឈប់បាញ់។ ពេលនោះ រដ្ឋសភាអ៊ុយក្រែនអាចមានពេលវេលាដើម្បីធ្វើវិសោធនកម្មច្បាប់។ បន្ទាប់មក អ៊ុយក្រែនអាចរៀបចំការបោះឆ្នោតបានហើយ៕ ប្រភព៖ រ៉យទ័រ, អារ៉ាប់ញូស៍ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ