ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោកអនុទីន ចាន់វីរៈគុល ថ្លែងថាគណបក្សភឿថៃនឹងចូលរួមនៅក្នុងរដ្ឋាភិបាលចមុ្រះដែលដឹកនាំដោយគណបក្សភូមិចៃថៃរបស់លោក។ គណបក្សភូមិចៃថៃទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះជាមួយនឹងអាសនៈចំនួន១៩៣នៅក្នុងចំណោមអាសនៈសរុប៥០០។ ក្នុងនោះ ៤០០អាសនៈបោះឆ្នោតបែបឯកត្តនាម (គូសលើបេក្ខជនដែលខ្លួនពេញចិត្ត) និង១០០អាសនៈបោះឆ្នោតបែបសមាមាត្រ (គូសលើគណបក្សដែលខ្លួនពេញចិត្ត)។

អ្នកដែលទទួលបានសំឡេងគាំទ្រលំដាប់ទី២គឺគណបក្សប្រជាជនជាមួយនឹងអាសនៈចំនួន១១៨។ ប៉ុន្តែគណបក្សនេះប្រកាសរួចហើយថាខ្លួនមិនចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះទេ សុខចិត្តធ្វើជាគណបក្សប្រឆាំងជាបន្តទៀត ហើយក៏មិនព្រមបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភូមិចៃថៃដែរ។ ដោយឡែក គណបក្សភឿថៃទទួលបាន៧៤អាសនៈ។ ដូច្នេះ ឃើញថាធ្លាក់សំឡេងឆ្នោតខ្លាំងមែនទែន។ គណបក្សនេះគាំទ្រដោយលោកថាក់ស៊ីនដែលកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ។

នៅពេលគណបក្សភឿថៃចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះទៀតនោះ វាកាន់តែច្បាស់មែនទែនហើយថាគម្រោងបង្កើតរដ្ឋាភិបាលនៅអាណត្តិថ្មីគ្មានអ្វីជាឧបសគ្គទេ។ គេរំពឹងថារដ្ឋាភិបាលអាណត្តិថ្មីនឹងមានស្ថិរភាពល្អ មិនរង្គោះរង្គើដូចកាលពីពេលកន្លងមកនោះឡើយ។ ក្រោយពេលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សភឿថៃរួចមក លោកអនុទីនថ្លែងថាយើងនឹងធ្វើការជាមួយគ្នាក្នុងនាមជារដ្ឋាភិបាល និងគ្រប់គ្រងប្រទេសដើម្បីធ្វើរឿងល្អៗសម្រាប់ជាតិ។

សូមរំលឹកថាគណបក្សភូមិចៃថៃធ្លាប់ចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយភឿថៃកាលពីអាណត្តិមុន។ ប៉ុន្តែក្រោយមកនៅខែមិថុនា ឆ្នាំ២០២៥ ភូមិចៃថៃដើរចេញពីរដ្ឋាភិបាលចម្រុះ។ ក្រោយមក តុលាការធម្មនុញ្ញសម្រេចដកតំណែងលោកស្រីផែថងថាន។ ដូច្នេះ លោកអនុទីនក៏មានឱកាសក្លាយជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក្ដីនៅថ្ងៃនេះ លោកអនុទីនចង់ទុករឿងសោកសៅពីអតីតកាលមួយឡែកសិន។ លោកថ្លែងថាសូមលុបចោលនូវការមិនយល់ចិត្តគ្នាពីអតីតកាល។ យើងត្រូវការធ្វើការជាមួយគ្នា និងគ្រប់គ្រងប្រទេសរួមគ្នា៕ ប្រភព៖ អារ៉ាប់ញូស៍ (Arab News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ