CBS​ បង្កើត​ព្រឹត្តិការណ៍​ប្រដាល់​ដែល​មាន​ប្រាក់​រង្វាន់​ជិត​1​ម៉ឺ​ន​ដុល្លារ


រាជធានី​ភ្នំពេញ ៖ CBS​ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ នឹង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រដាល់​មួយ​ដែល​មានឈ្មោះ​ថា​៖ កម្ពុជា សង្វៀន​គុន​ខ្មែរ​(Champion of Champion)​ដែល​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចំនួន​៣​គឺ ស៊ី​ធី​អិន ស៊ី​អិន​ស៊ី និង​MyTV ។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា​នៅ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​ឬ​ស្សី​កែវ​វេលា​ម៉ោង​៨​ព្រឹក​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា លោក ស៊ី​ថូ ណា​ថា​ន់ ប្រធាន​គ្រប់គ្រង​កីឡា​CBS​បានឱ្យ​ដឹង​ថា កម្មវិធី​ប្រកួត​នេះ បាន​ប្រមូលផ្ដុំ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៨​រូប​និង​កីឡាករ​ថៃ​៨​រូប​ប្រកួត​តាម​រូបមន្ត​លី​គ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​ការ​ប្រកួត​បែងចែក​ជា​២​ដំណាក់កាល ដំណាក់កាល​ទី​១​មាន​កីឡាករ​កម្ពុជា​៤​រូប​ស្ថិត​នៅ​ក្នុង​ពូ​ល​A ប្រកួត​ជាមួយ​កីឡាករ​ថៃ​៤​រូប​ទៀត​ស្ថិត​នៅ​ពូ​ល​B​តាម​រូបមន្ត​ចាញ់​ធ្លាក់​ៗ ដោយ​ទាំង​២​ពូ​លយ​ក​តែ​កីឡាករ​៤​រូប​ប៉ុណ្ណោះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ ។

អ្នក​ឈ្នះ​នៅ​ក្នុង​ដំណាក់កាល​ទី​១​លេខ​១​ទទួល​បាន​ម៉ូតូ​ម៉ាក​ហ្សូ​មើ​១​គ្រឿង​អម​ដោយ​ប្រាក់​រង្វាន់​៥០០​ដុល្លារ លេខ​២​ទទួល​បាន​២​ពាន់​ដុល្លារ លេខ​៣​ទទួល​បាន​១៥០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​១០០០​ដុល្លារ ។ ប៉ុន្តែ​អ្នក​ឈ្នះ​លេខ​១​ពី​ការ​ប្រកួត​ក្នុង​ដំណាក់កាល​ទី​១​ត្រូវ​ឈរ​រង់ចាំ​ប្រកួត​ជាមួយ​អ្នក​ឈ្នះ​លេខ​១​ពី​ការ​ប្រកួត​ដំណាក់កាល​ទី​២​ជា​បន្ត​ទៀត ។ ការ​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​ទី​២​គឺ​ដូច​គ្នា​នឹង​ដំណាក់កាល​ទី​១​ដែរ ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង​២​ដំណាក់កាល​នេះ​ហើយ​អ្នក​ឈ្នះ​លេខ​១​ទាំង​២​រូប​ត្រូវ​ឡើង ទៅ​ប្រកួត​ដណ្ដើម​យក​ប្រាក់​រង្វាន់​ធំ​ដោយ អ្នក​ឈ្នះ​ទទួល​បាន​៦​ពាន់​ដុល្លារ អ្នក​ចាញ់​ទទួល​បាន​៣​ពាន់​ដុល្លារ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ