រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះមួយគ្រឿងមកឈប់ រួចចុះទៅមើលករណីគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងនៅតាមដងផ្លូវមួយភ្លែត ភ្លេចដកសោពីម៉ូតូ ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពលួចជិះចេញយកទៅបាត់ស្រមោល បង្កឲ្យមានភ្ញាក់ផ្អើលកាលពីម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខសាលាអន្តរជាតិណត្សឡាញន៍ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ហង្ស ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅក្រោយអធិការដ្ឋាននគរបាលខណ្ឌដង្កោ មានស្រុកកំណើតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែកម៉ូតូដែលចោរលួចយកទៅបាត់នោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HA-3020។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងចេញពីជប់លៀងមិត្តភក្តិគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រូបគាត់ឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈពេលនោះរូបគាត់ក៏ឈប់ម៉ូតូចុះទៅមើល ដោយមិនបានដកសោចេញពីម៉ូតូនោះទេ ស្រាប់តែមានគេលួចដកសោម៉ូតូយកទៅបាត់ បន្ទាប់មករូបគាត់ដើរទៅមើលម៉ូតូឃើញបាត់សោ រូបគាត់ក៏បណ្តើរម៉ូតូមកទុកក្បែរចិញ្ចើមផ្លូវ ដើម្បីកុំឲ្យមានកកស្ទះដល់បងប្អូនធ្វើដំណើរទៅមក រួចក៏បានបន្តដើររកសោម៉ូតូដើរឆ្ងាយពីម៉ូតូបន្តិច និងមានមនុស្សអូរអរច្រើនពេកនោះ ក៏មិនបានចាប់អារម្មណ៍មើលម៉ូតូដែរ ស្រាប់តែជនសង្ស័យដែលលួចដកសោទុកជាមុននោះ បានយកសោមកចាក់ជិះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលស្ទឹងមានជ័យ១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ និងស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ