រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយអភិបាលរង និងមន្ត្រីសាលារាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យទីតាំងទទួលអំណោយ សប្បុរសធម៌ ទីតាំងEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាកន្លែងទទួលអំណោយពីសប្បុរសជន ពីគ្រប់ទិសទីបន្ទាប់ពីទាហានសៀមឈ្លានពានបូរណភាពទឹកដីកម្ពុជា ។
ខណៈអភិបាលចុះទៅពិនិត្យទីតាំងខាងលើម្ចាស់ទីតាំងទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់ បានស្នើរដ្ឋបាល រាជធានីភ្នំពេញ សុំកិច្ចសហការពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចបង្កើតទីបញ្ជាការស្រាលមួយនៅក្បែរទីតាំងនោះ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូន និងរៀបចំកន្លែងផ្ញើម៉ូតូជូនអ្នកស្ម័គ្រចិត្តមកចូលរួម រៀបចំវេចខ្ចប់ សម្ភារៈ ស្បៀង អាហារ សម្រាប់ ដឹកជូន បងប្អូន វីរកងទ័ព ជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ។
អភិបាលបានណែនាំឲ្យអាជ្ញាធរដែនដី ពាក់ពន្ធ័ត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ នៅបរិវេណទីតាំងទទួលអំណោយ និងជួយសម្រួលដល់ទីតាំងចតយានយន្តរបស់សប្បុរសជន តាមរយៈការបង្កើតទីបញ្ជាការស្រាលមួយកន្លែង ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាមួយគ្នានេះ អភិបាលក៏បានទទួលជួយរថយន្តដឹកជញ្ជូន សម្ភារបរិក្ខា ដែលទទួលបានពីសប្បុរសជនទៅសមរភូមិជួរមុខ។ ដោយប្រកាន់ខ្ជាប់ពាក្យស្លោក ៖ ពួកយើងនៅទីនេះ ដើម្បីរៀបចំស្បៀងសម្រាប់បងប្អូនភាសសឹក និងវីរកងទព័ ក្នុងស្មារតីខ្មែរជួយខ្មែរ តាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ដោយចាប់ទទួលអំណោយពីម៉ោង៧ព្រឹក ដល់ម៉ោង១១យប់ ជារៀងរាល់ថ្ងៃ ។
លោក ឃួង ស្រេង មានប្រសាសន៏លើកទឹកចិត្តដល់ក្រុមយុវជនស្មគ្រ័ចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួន រួមចំណែកជួយឧបត្ថម្ភដល់វីរកងទ័ពនៅសមរភូមិជួរមុខការពារទឹកដីពីសត្រូវឈ្លានពាន និងបងប្អូនភាសសឹក ។
ទីតាំទទួលអំណោយសប្បុរសជន Eat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ មានរោងដាក់ជាស្តង់ប្រកកៅស៊ូជាច្រើន រៀបទៅតាមផ្នែកនិមួយៗចាំទទួលអំណោយពីសប្បុរសជន ដែលបាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ អង្ករ មី ទឹកសុទ្ធ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត។ ក្រុមយុវជនស្មគ្រ័ចិត្តជាច្រើន ក្រុមបានចូលរួមវេចខ្ចប់សម្ភារៈដើម្បីរៀបចំបញ្ជូនទៅសមរភូមិជូនវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក មកកាន់ទីតាំងមានសុវត្ថិភាព ។
គិតពីពេល ដែលចោរសៀមឈ្លានពានមកដល់ពេលនេះ ក្រុមយុវជនស្មគ្រ័ចិត្តប្រមូលបានទាំងថវិកា និងសម្ភារៈផ្សេងៗជិត៣ពាន់តោន មានចំនួន១៧៧ កុងទីន័រ បានដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងជនភៀសសឹកនៅតាមបណ្ដាខេត្តរួចហើយ៕









ចែករំលែកព័តមាននេះ