កក្រើកសង្វៀនទៀតហើយ ឡុង សំណាង ប៉ះជើងខ្លាំងថៃនៅថ្ងៃសៅរ៍នេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បាត់មុខពីសង្វៀនតែមួយរយៈ ពេលនេះ កីឡាករជើងខ្លាំង ឡុង សំណាង ត្រូវគេឃើញមានមុខឡើងប្រកួតនៅលើសង្វៀនអន្តរជាតិប៉ះជាមួយកីឡាករថៃ លំ ឡេង…
រាជធានីភ្នំពេញ ៖ បាត់មុខពីសង្វៀនតែមួយរយៈ ពេលនេះ កីឡាករជើងខ្លាំង ឡុង សំណាង ត្រូវគេឃើញមានមុខឡើងប្រកួតនៅលើសង្វៀនអន្តរជាតិប៉ះជាមួយកីឡាករថៃ លំ ឡេង…
រាជធានីភ្នំពេញ ៖ បាត់មុខពីសង្វៀនតែមួយរយៈ ពេលនេះ កីឡាករជើងខ្លាំង ឡុង សំណាង ត្រូវគេឃើញមានមុខឡើងប្រកួតនៅលើសង្វៀនអន្តរជាតិប៉ះជាមួយកីឡាករថៃ លំ ឡេង ដែលជាជើងខ្លាំងមិនធម្មតា នៅក្នុងប្រទេសថៃ ។ មួយគូនេះ ត្រូវគេរំពឹងថា ពិតជាធ្វើឱ្យរញ្ជួយសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥នាថ្ងៃសៅរ៍ទី២២ មិថុនា ក្នុងព្រឹត្តិការណ៍ TV5 Knock out Serie by K-Cement ដែលឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយនោះ ។
ការប្រកួតដែលចាប់ផ្ដើមឡើងនៅវេលាម៉ោង៦ល្ងាចនោះមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រាតប្រដេញគ្នា ។ កីឡាករកម្ពុជា ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឱ្យស្វាគមន៍កីឡាករថៃ លំ ឡេង ដែលអ្នកណាៗក៏ទទួលស្គាល់ថាជាជើងខ្លាំងធ្លាប់ប្រកួតឈ្នះលើកីឡាករកម្ពុជាកន្លងមក។
វត្តមានកីឡាករទាំងកម្ពុជា និងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកទេគឺពិតជាធ្វើអោយអ្នកស្នេហាវិស័យប្រដាល់ មានការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានរបស់ កីឡាករ ឡុង សំណាង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាកររូបនេះ បាត់មុខមួយរយៈមកហើយ ។ សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថាមានការសម្រាំងយ៉ាងពិសេស ដើម្បីអោយអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាសប្ដាហ៍ដែលតម្រូវអោយអ្នកឈ្នះទាំង៤នាក់ចុងក្រោយ ឡើងប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរក២នាក់ទៅប្រកួតយកជើងឯក។
លោក សេង កដិកា បញ្ជាក់ថា សមាសភាពខាងកម្ពុជា សម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ ឡុង សំណាង ដ្បិតថាគេមិនសូវមានឱកាសឡើងប្រកួតអន្តរជាតិ។
លោកសម្រេចដាក់អោយប្រកួតជាលក្ខណៈអន្តរជាតិ គឺដោយសារតែកីឡាកររូប គេមានសមត្ថភាពខ្លាំងជាយូរមកហើយ និងទទួលបានការចាប់អារម្មណ៍នៅក្នុងវិស័យប្រដាល់។ លោកប្រកាសថា វត្តមានចុះមករបស់កីឡាករ លំ ឡេង លោកចង់ផ្ដល់ឱកាសអោយឡុង សំណាង ដោយសារតែអ្នកទាំងពីរសុទ្ធតែជាម្ចាស់ជើងឯកដូចគ្នា ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជាអាចនឹងពិបាកទប់ជាមួយកីឡាករថៃ ព្រោះគេស្ងាត់ប្រកួតមួយរយៈក្ដី ។ លោកក៏បានកំណត់អោយកីឡាករកម្ពុជា ហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរ មុនពេលផ្គូផ្គង ទើបលោកយល់ថាសមាសភាពរបស់កីឡាករកម្ពុជារូបនេះ គ្រប់គ្រាន់សម្រាប់អោយប៉ុស្តិ៍លេខ៥ដាក់ប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍នេះ។
លោកថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍អ្នកទាំងពីរនៅពេលប៉ះគ្នា ។ ម្យ៉ាងកីឡាករកម្ពុជា ឡុង សំណាង មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ ស្របគ្នាដែលគេជាកីឡាករក្លាហាន និងវាយស៊ូផង ទើបលោកពេញចិត្ត ។
លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកអោយអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជា វិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោក តាំងពីមុនផ្គូផ្គង ។
យ៉ាងណាមិញ លោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹង តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ ។ ដោយឡែកសម្រាប់ការប្រកួតស្វែងរកអ្នកឈ្នះ២នាក់ឡើងទៅប្រកួតយកជើងឯក ក៏ត្រូវបានគេរំពឹងថា នឹងកក្រើកផងដែរនៅសប្ដាហ៍នេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ