ឃាត់ខ្លួន​ជាង​100​នាក់ ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀនជ្រក​​ស្លាក​កាស៊ីណូ​​


ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់ ​បុរស​ស្ត្រី​ជាង​១០០​នាក់ បាន​ត្រូវ​កម្លាំង​នគរបាលប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត និង​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​សម្របសម្រួល​នីតិ វិធី​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើការ​បង្ក្រាប​និងឃាត់ខ្លួន​សួរនាំ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន នៅ​ទីតាំង​មួយ​កន្លែង​សង្ស័យ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ឡាក់​គី ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី១៨ ខែមិថុនា និង​ពេញ​១​យប់​ឈាន​ដល់​ព្រឹក​ថ្ងៃទី​១៩ ខែ មិថុនា ដែល​ក្រៅពី​លោក​ព្រះរាជអាជ្ញាគេ​ឃើញ​មាន​វត្តមាន​លោក ញៀន សុ​ជា ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន លោក​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តលោក សាង សុខុម និង​លោក កែវ ដូ​ល អ​ធិការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​កងកម្លាំង​រាប់​សិប​នាក់​ទៀត ។

នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ក្រសោប​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ជិត​៣០​នាក់ តែ​សមត្ថកិច្ច​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ទេ ព្រោះ​ត្រូវ​បន្ត​ប្រតិបត្តិការ​នេះ ខណៈ​មានការ​ឆ្មក់​ចូល​ទីតាំង​ដដែល​ស្ទើរ​ពេញ​មួយ​យប់​ដែល​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែមិថុនា និង​ក្រសោប​បាន​ជនសង្ស័យ​ជាង​១០០​នាក់​បន្ថែម​ទៀត ជាមួយ​សារធាតុ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ថា ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​ដំបូង​ជិត​១៨០​នាក់ក្នុង​នោះ​ជាង​២០​នាក់​មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទេ ដោយ​ខ្លះ​ជា​អ្នកគ្រប់គ្រង​ទូ​ហ្គេ​ម​និង​ស្លុត​ម៉ាស៊ីន ខ្លះ​ជា​អ្នក​ចូល​ទៅ​លេងល្បែង និង​ខ្លះ​ជា​ជនសង្ស័យ​ជួញដូរ ។ ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​ជនសង្ស័យ​ភ្លាម​ៗហើយ​ក្រោយ​ការ​បង្ក្រាប​ក៏​បាន​នាំ​យក​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដោយ​ដឹក​តាម​រថយន្តក្រុង​ទាំង​យប់​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​បង្ក្រាប​នេះ​ធ្វើ​ឡើង​ទាំងថ្ងៃទាំងយប់ ជា​ប្រតិបត្តិការ​ក្តៅ​គគុក​មួយ​មិន​ធ្លាប់​មាន ដែល មនុស្ស​ប្រុស​ស្រី​សរុប​១៤៥​នាក់​រក​ឃើញ​ថា ​ជាប់ពាក់ព័ន្ធ​គ្រឿងញៀន ក្នុង​នោះ​១៤៤​នាក់​ប្រើប្រាស់ និង​ម្នាក់​ជា​អ្នក​ជួញដូរ ហើយ​ក៏​បានឃាត់ខ្លួន​អ្នកគ្រប់គ្រង​ហ្គេ​ម​និង​ស្លុត​ម៉ា​សុ​ី​ន​ប្រុស​ស្រី​ចំនួន​២​នាក់​នាំ​យក​ទៅ​សាកសួរ​ដែរ ។

នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​យ៉ា​ម៉ា​ប្រភេទ​ពណ៌​ក្រហម​មាន​អក្សរ​WY​ចំនួន​៥៤​គ្រាប់ ម៉ា​ទឹកកក​៥​កញ្ចប់​តូច ម្សៅ​ពណ៌​ស​សង្ស័យ​ជា​សារធាតុ​ញៀន​១កូន​ថង់ និង​ថ្នាំ​គ្រវី​១​គ្រាប់ ទូ​បាញ់​ត្រី​និង​ស្លុត​ម៉ា​សុ​ី​ន​សរុប​១២​គ្រឿង ម៉ូតូ​ចម្រុះ​៨​គ្រឿង ព្រមទាំង​បិទទ្វារ​ទីតាំង​ខាងលើ​តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា​ទៀត​ផង ។

ពេល​សាកសួរ​ថា តើ​ទីតាំង​ដែល​បង្ក្រាប​ជា​របស់​កាស៊ីណូ​ឡាក់​គី ឬ​យ៉ាង​ណា លោក​អធិការ​ប្រាប់​ថា មិន​ទាន់​ដឹង​ទេ ព្រោះ​រឿង​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​អ្នកគ្រប់​គ្រង​ទូ​ហ្គេ​ម​និង​ស្លុត​ម៉ា​សុ​ី​ន​នៅឡើយ ៕


Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ