ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ស្រី​4​រូប​ហក់លោត​ចុះឡើង​ធ្លាក់​​មក​ទើរ​លើ​អាជីព​ចុង​ក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្ម​ក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាការិនី​៤​រូប​គឺ វី ស្រី​ខួច នូវ ស្រី​ពៅ អេ យ៉ា​នុ​ត…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្ម​ក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាការិនី​៤​រូប​គឺ វី ស្រី​ខួច នូវ ស្រី​ពៅ អេ យ៉ា​នុ​ត និង​សម ថា​រ័​ត្ន សុទ្ធតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ពិភព​កីឡា ដោយ​កីឡាការិនី​៣​រូប​ផ្ដើម​អាជីព​ពី​កីឡា​ប្រដាល់​នារី ហើយ​កីឡាការិនី​មួយ​រូប​ផ្ដើម​ចេញពី​អាជីព​កីឡា​ល្បុក្កតោ ដែល​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ហ្វឹក​ហាត់ ។ យ៉ាងណាមិញ​នៅ​ក្នុង​ពេល​នេះ គេ​កត់​សម្គាល់ថា អ្នក​ទាំង​៤ កំពុង​ទើរ នៅ​ក្នុង​សង្វៀន​តែ​មួយ បន្ទាប់​ពី​អាជីព​ដែល​ពួក​នាង​ធ្លាប់​ប្រឡូក លែង​មាន​ទីផ្សារ​។

កញ្ញា វី ស្រី​ខួច គឺជា​អតីត​ម្ចាស់​ពាន​ជើងឯក​ផ្នែក​ប្រដាល់​នារី​តែ​ម្ដង ដោយ​ក្នុង​ពេល​វិស័យ​ប្រដាល់​កំពុង​រីក​លូតលាស់​ខ្លាំង នាង​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ខ្លា​ញី​ដែល​ស្ទើរតែ​គ្មាន​កីឡាការិនី​ណា​ម្នាក់​ប្រកួត​ឈ្នះ​នោះ​ឡើយ ។ ក្នុង​ជំនាន់​ដែល​នាង​ឡើង​កូដ កីឡាការិនី​នូវ ស្រី​ពៅ សុ​ឹ​ង តុ និង​អេ យ៉ា​នុ​ត ជាដើម មិន​មែន​ជា​ដៃគូ​នោះ​ទេ ដោយសារ​តែ​ឡើង​ប្រកួត​លើក​ណា​ក៏​ចាញ់​បាក់មុខ ហើយ​កីឡាការិនី​នៅ​ក្នុង​ពេល​នោះ​ប្រមាណ​ជិត​២០​រូប ដែល​ឡើង​ប្រកួត​ជាមួយ​នាង​វិល​ចុះ​វិល​ឡើង គឺ​ពិបាក​ទប់​ជាប់​។

នាង​កាន់តែ​ល្បី​ក្រោយ​ពេល​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​បារាំង ហើយ​ឈ្នះ​កីឡាការិនី​បារាំង ដោយ​ត្រឡប់​មក​វិញ​ព្រម​ជាមួយនឹង​មោទនភាព​ខ្ពស់ ។ ប៉ុន្តែ​ភាព​ល្បី​របស់​នាង​ចាប់ផ្ដើម​ចុះ​ខ្សោយ បន្ទាប់​ពី​កីឡាការិនី​បន្ត​លាឈប់ និង​គ្មាន​អ្នក​ថ្មី ហើយ​សង្វៀន​ប្រដាល់​នារី​ក៏​ត្រូវ​បិទទ្វារ ។ នាង​ត្រូវ​ធ្លាក់ខ្លួន​ទៅ​ធ្វើការ​រោង​ចក្រ​​និង​បន្តដំណើរ​ក្នុង​អាជីព​ប្រដាល់​សាកល និង ចំបាប់​មួយ​រយៈ ប៉ុន្តែ​ក្រោយ​ពេល​អាជីព​ទាំង​ពីរ​មិន​ទទួល​បានការ​ចាប់អារម្មណ៍​ក៏​លាឈប់​វិញ ។

​នាង​ត្រូវ​គេ​ឃើញ​លេច​មុខជា​ថ្មី ក្នុង​អាជីព​ប្រដាល់​ដាក់​ទ្រុង បន្ទាប់​ពី​មានការ​លើក​ស្ទួយ​ពី​អ្នក​រៀបចំ​កម្មវិធី​អោយ​នាង​បាន​ប្រកួត​១​ខែ​ម្ដង ឬ​៣​ខែ​ម្ដង​យ៉ាងតិច នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង ដែល​រៀបចំ​ឡើង​​នៅ​ថៃ និង​នៅ​ប្រទេស​ផ្សេង​ៗ​ជាដើម ។ នៅ​ក្នុង​ពេល​នេះ វី ស្រី​ខួច បាន​ក្លាយជា​កីឡាការិនី​ប្រដាល់​ដាក់​ទ្រុងមាន​ទីផ្សារ​ម្នាក់ ស្រប​ពេល​ដែល​នាង​ក៏សកម្ម​ក្នុង​ការ​ហ្វឹកហាត់ ហើយ​ត្រូវ​គេ​ផ្គូផ្គង​អោយ​ឡើង​រេញ មិនសូវ​បាត់​មុខ​យូរ​។

អេ យ៉ា​នុ​ត កូនស្រី​លោក អេ ភូ​ថង ក៏​ត្រូវ​គេ​ស្គាល់​ថា គឺជា​អតីត​កីឡាការិនី​ប្រដាល់​នារី​តាំងពី​នៅ​ក្មេង​វ័យ នៅ​ក្នុង​បរិបទ​ដែល​ប្រដាល់​នារី​លេចធ្លោ​សំបូរ​ទីផ្សារ​ផង​ដែរ ។ បើ​ទោះជា​នាង​នៅ​ក្នុង​ពេល​នោះ ក្មេង​វ័យ​ជាងគេ ហើយ​ប្រកួត​មិនសូវ​មាន​ប្រៀប ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​នាង​ក៏​លេចធ្លោ​ខ្លាំង ។ យ៉ាងណាមិញ​ក្នុង​ពេល​​អាជីព​ប្រដាល់​នារី​បះជើង នាង​ក៏​រត់​ទៅ​ជ្រក​ក្នុង​អាជីព​ល្បុក្កតោ​មួយ​រយៈ និង​ប្រដាល់​សាកល​នារី ប៉ុន្តែ​នៅ​ទីបំផុត នាង​នៅ​តែ​ហក់​មក​កាន់​ទីផ្សារ​ផ្នែក​ប្រដាល់​ដាក់​ទ្រុង​ដូច​គ្នា​នឹង វី ស្រី​ខួច​ដែរ ដោយ​ទីផ្សារ​ចេញ​វ៉ៃ​ក្រៅប្រទេស​របស់​នាង​ក៏​មាន​ច្រើន​ដែរ​។

សម ថា​រ័​ត្ន នាង​ល្បី​បើក​ឆាក​ក្នុង​អាជីព​ល្បុក្កតោ ប៉ុន្តែ​ក្នុង​ពេល​បន្តបន្ទាប់​នាង​ក៏​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​នារី បន្ត​មក​ប្រឡូក​ក្នុង​អាជីព​ថតកុន ហើយ​ចុង​ក្រោយ គឺ​បាន​ប្រឡូក​អាជីព​ជា​អ្នក​ប្រដាល់​ដាក់​ទ្រុង​ដូច​គ្នា ។ ក្នុង​ចំណោម​កីឡាការិនី​ដែល​ចេញពី​ប្រភព​ប្រដាល់​ដូច​គ្នា សម ថា​រ័​ត្ន ត្រូវ​គេ​កត់​សម្គាល់ថា​មាន​ទីផ្សារ​ខ្លាំង​ជាង​មិត្ត​រួម​ជំនាន់​ផ្សេង​សម្រាប់​អាជីព​ប្រដាល់​ដាក់​ទ្រុង ដោយសារ​តែ​នាង​មាន​កាយសម្បទា​មាំមួន និង​មាន​គ្រឹះ​ក្បាច់គុន​ខាង​ផ្នែក​បោកចំបាប់ និង ល្បុក្កតោ​ខ្លាំងក្លា​ជាងគេ​។

នូវ ស្រី​ពៅ កីឡាការិនី​ដែល​ផ្ដើម​អាជីព​ពី​អ្នក​ប្រដាល់​នារី​រូប​នេះ ក៏​មក​ទើរ​នឹង​អាជីព​ជា​អ្នក​ប្រដាល់​ដាក់​ទ្រុង​ក្នុង​ពេល​មិត្ត​រួម​ជំនាន់​ប្រដាល់​នារី​របស់​នាង​ផ្សេង​លាឈប់​អស់​ភាគច្រើន ។

ដ្បិតថា​នៅ​ក្នុង​អាជីព​ប្រដាល់​នារី នាង​មិនសូវ​លេចធ្លោ​នៅ​ក្នុង​ពេល​នោះ ប៉ុន្តែ​អាជីព​ជា​អ្នក​ប្រដាល់​ដាក់​ទ្រុង​របស់​នាង មាន​ទីផ្សារ​មិន​ណ​យ​នោះ​ទេ ជា​ពិសេស​គឺ​ការ​ចេញ​ប្រកួត​នៅ​ថៃ ដោយសារ​តែ​នាង​វ័យក្មេង ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​ចាប់​ក្លេ និង​បោកចំបាប់ គឺ​ល្អ គ្រប់ពេល​តម្រូវ​ឱ្យ​ប្រកួត​ជាមួយ​កីឡា​ការិនី​បរទេស ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ