រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជាចំនួន២រូបដែលបានបាត់មុខពីលើសង្វៀនជាយូរមកហើយនោះ ត្រូវបានគេរៀបចំឱ្យជួបប្រកួតជាមួយកីឡាករជើងខ្លាំងថៃនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី នាថ្ងៃសៅរ៍ ទី២២ មិថុនា ក្នុងព្រឹត្តិការណ៍ដណ្ដើមប្រាក់លាន។
សមាសភាពប្រកួតដណ្ដើមប្រាក់លាននៅថ្ងៃនោះមាន កីឡាករកម្ពុជា ប៉ោ ភារិទ្ធ មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះ កែវកាំងវ៉ាន ព្រីវវ៉ាយូ៉ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម និងកីឡាករផាន់ គ្រាន់ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ប្រកួតជាមួយកីឡាករថៃឈ្មោះណាត់តាផុន គៀតអាវ៉ន ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមដូចគ្នា។
ប៉ោ ភារិទ្ធ ជាកីឡាករជើងចាស់មួយរូបដែលបាត់មុខពីលើសង្វៀនជាយូរមកហើយ ពេលនេះត្រូវបានអ្នកគ្រប់គ្រងកម្មវិធីប្រកួតប្រដាល់ប្រចាំសង្វៀនស៊ីអិនស៊ី ហៅឱ្យមកប្រកួតបង្ហាញសមត្ថភាពសាជាថ្មីឡើងវិញ ។ ប៉ុន្តែគេមិនទាន់ដឹងថា ប៉ោ ភារិទ្ធ នៅមានសមត្ថភាព ប្រកួតល្អដូចដើមទៀតឬអត់នោះទេ ។ កីឡាករ រូបនេះមានជំនាញប្រើស្នៀតកែងនិងជង្គង់យ៉ាងប៉ិនប្រសប់ លើកនេះគេមកប៉ះចំអ្នកប្រដាល់ជើងខ្លាំងថៃដែលមិនស្គាល់ពីប្រវត្តិប្រកួតច្បាស់ លាស់ទើបពិបាកវាយតម្លៃទុកមុនពីលទ្ធផលចុងក្រោយ ។ ប៉ុន្តែអ្នកគាំទ្រភាគច្រើននៅតែមានការជឿជាក់លើសមត្ថភាព ប៉ោ ភារិទ្ធថាអាចទប់ទល់បាន។
ចំណែក ផាន់ គ្រាន់ វិញមានជំនាញខាងប្រើស្នៀតកណ្ដាប់ដៃផ្ដួលគូប្រកួត តែមួយរយៈមកនេះគេហាក់បីដូចជាមានការអន់ថយផ្នែកកម្លាំងជាងមុនឆ្ងាយណាស់។ជាពិសេសទម្ងន់កណ្ដាប់ដៃឆ្វេងដែលធ្លាប់តែធ្វើព្យុះភ្លៀងកក្រើកសង្វៀនជាយូរឆ្នាំមកហើយនោះ ពេលមកប៉ះជាមួយកីឡាករថៃ ណាត់តាផុន គៀតអាវ៉នលើកនេះមិនដឹងថាអាចទៅរួចឬអត់នោះទេ។ម្យ៉ាងវិញទៀតកីឡាករថៃម្នាក់នេះធ្លាប់់ប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមិនតិចនាក់ទេហើយរមែងស្ពាយជ័យជម្នះត្រឡប់ទៅវិញ ដូច្នេះចាំមើលផាន់ គ្រាន់ អាចក្លាយជាម្ចាស់ប្រាក់លានបានឬអត់ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ