ទីក្រុងបាងកក ៖ ករណីចៅក្រមលម្អៀងទៅក្រុមម្ចាស់ផ្ទះ បានកើតឡើងក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ហើយអ្នកជួបប្រទះករណីនេះ គឺក្រុមកីឡារបស់ប្រទេសម៉ាឡេស៊ី។
បើយោងតាមការចេញផ្សាយពីកាសែតម៉ាឡេស៊ី New Straits Times (NST Online) បានឱ្យដឹងថា ឱកាសប្រជែងដណ្តើមមេដាយមាសពីការប្រកួតក្នុងវិញ្ញាសាសម្ដែងដៃគូ នៃប្រភេទកីឡាតេក្វាន់ដូរ WT បានបញ្ចប់ទៅជាមួយរឿងដ៏ចម្រូងចម្រាស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការប្តឹងឧទ្ធរណ៍របស់ក្រុមតេក្វាន់ដូ WT ម៉ាឡេស៊ីប្រឆាំងនឹងការវិនិច្ឆ័យរបស់ចៅក្រមត្រូវបានបដិសេធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៥។
ប្រភពដដែលបានបន្តថា ដំបូងឡើយ តារាងពិន្ទុបានបង្ហាញថា កីឡាករ Jason Loo និងកីឡាការិនី Nur Humaira Karim របស់ម៉ាឡេស៊ីទទួលបាន ៨,៥២០ ពិន្ទុ ដោយនាំមុខគូប្រជែងថៃ Chonlakorn Chayawatto និង Thana Kiewlailerd ដែលទទួលបានត្រឹម ៨,៤៦០ ពិន្ទុយ៉ាងប្រកៀកប្រកិត។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក លទ្ធផលត្រូវបានផ្លាស់ប្តូរដោយអ្នករៀបចំបានប្រកាសថា ថៃគឺជាអ្នកឈ្នះ ផ្អែកទៅលើការវាយតម្លៃការសម្តែងពីចៅក្រមឡើងវិញ ហើយផ្តល់ជ័យជម្នះទៅថៃដោយឱ្យពិន្ទុលើស ០,០៤ ពិន្ទុ។ តាមរយៈលទ្ធផលនេះ ម៉ាឡេស៊ីត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំដំបូង។
លោក Adam Adli អនុរដ្ឋមន្ត្រីយុវជន និងកីឡាម៉ាឡេស៊ី បានបញ្ជាក់ថា ការតវ៉ាត្រូវបានបដិសេធ។ ទោះយ៉ាងណា លោកគោរពការសម្រេចនេះ ប៉ុន្តែក៏មិនបដិសេធអំពីការខកចិត្តរបស់ក្រុមលោកនោះទេ។ លោកបានថ្លែងចេញពីទីក្រុងបាងកកថា «យើងទទួលយកការសម្រេចចិត្តដោយវិជ្ជាជីវៈ ប៉ុន្តែតាមក្រមសីលធម៌ យើងពិតជាខកចិត្ត»។
ដោយឡែក លោក Jefri Ngadirin អគ្គនាយកក្រុមប្រឹក្សាកីឡាជាតិម៉ាឡេស៊ី (NSC) ក៏បានថ្លែងថា តាមរយៈប្រកួតវគ្គនេះ គឺជាការរំលឹកអំពីរបៀបដែលអត្តពលិកងាយរងគ្រោះក្នុងកីឡាអត្តពលកម្ម ជាពិសេសនៅពេលប្រឈមមុខជាមួយនឹងម្ចាស់ផ្ទះ។ យើងចង់ឱ្យគ្រូបង្វឹក និងអ្នកចាត់ការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តណាមួយដែលអយុត្តិធម៌ ឬគួរឱ្យសង្ស័យជាបន្ទាន់។ ទោះបីជាយើងជាអ្នកទទួលបានមេដាយសំរឹទ្ធលំដាប់ជើងឯកពិភពលោកក៏ដោយ ប៉ុន្តែយើងបានចាញ់ក្រុមម្ចាស់ផ្ទះក្នុងជុំទី១។ យើងពិតជាមានអារម្មណ៍ថា ពិន្ទុគួរតែនៅខាងយើង»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ម្ចាស់ផ្ទះថៃ កំពុងតែឈរលើកំពូលតារាងមេដាយសរុបបណ្តោះអាសន្ន ដោយឈ្នះមេដាយ ៤១ គ្រឿង មាស ១៩ ប្រាក់ ១៣ និងសំរឹទ្ធ ៩ តាមពីក្រោយដោយឥណ្ឌូណេស៊ី និងសិង្ហបុរី៕

ចែករំលែកព័តមាននេះ