សៀងហៃ៖ យោងតាមសេចក្តីរាយការណ៍របស់ Channel News Asia កាលពីថ្ងៃទី១៦ មិថុនា កន្លងមកបានឲ្យដឹងថា បទអត្ថាធិប្បាយមួយរបស់គណបក្សកម្មុយនីស្តចិនបានអះអាងថា សហរដ្ឋអាមេរិកបានប្រមាណស្ទើរលើការប្តេជ្ញារបស់ប្រជាជនចិនក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងជម្លោះពាណិជ្ជកម្មរយៈពេលវែងនេះ ។
បទអត្ថាធិប្បាយ Quishi របស់ប្រទេសចិនបានឲ្យដឹងទៀតថា ប្រទេសចិននឹងមិនលោះបង់គោលការណ៍សំខាន់ៗរបស់ខ្លួនក្នុងការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះទេ និងបានបន្តថា «ប្រទេសចិនមិនភ័យខ្លាចនឹងរាល់ការគម្រាមកំហែង ឬសម្ពាធដែលសហរដ្ឋអាមេរិកកំពុងតែបង្កឲ្យជម្លោះពាណិជ្ជកម្មនិងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទេ ។ ប្រទេសចិនមិនមានជម្រើស ឬផ្លូវចាកចេញដែរ ហើយនឹងតស៊ូរហូតដល់ទីបញ្ចប់»។
គួរបញ្ជាក់ដែរថាសហរដ្ឋអាមេរិកបានចាប់ផ្តើមការដាក់ពន្ធលើប្រទេសចិននៅឆ្នាំ ២០១៨ ដើម្បីទាមទារការធ្វើកំណែទម្រង់ពីប្រទេសចិន និងចោទប្រកាន់ថាប្រទេសចិនបានលួចកម្មសិទ្ធិបញ្ញារបស់ខ្លួនអស់ជាច្រើនឆ្នាំ។
ប៉ុន្តែភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងខែឧសភាបន្ទាប់ពីរដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump ចោទប្រកាន់ថា ប្រទេសចិនលេបពាក្យសម្តីដែលបានព្រមព្រៀងគ្នាក្នុងពេលចរចា ។ បទអត្ថាធិប្បាយខាងលើក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាមានគោលបំណងបង្កឧបសគ្គដល់ការបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យាចិនដែរ ។
លោក Larry Kudlow ដែលជាទីប្រឹក្សាសេដ្ឋកិច្ចថ្នាក់ខ្ពស់របស់លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ មុនថាសម្ពាធសេដ្ឋកិច្ចដែលបង្កឡើងពីសង្គ្រាមនឹងធ្លាក់លើប្រទេសចិន ។ ប៉ុន្តែ Quishi បាននិយាយថា អតិថិជន និងអាជីវកម្មអាមេរិកបានទាញអត្ថប្រយោជន៍ជាច្រើនពីការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសចិន និងបានព្រមានថា ជម្លោះពាណិជ្ជកម្មនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកវិញ ។
បទអត្ថាធិប្បាយបានបន្តថា «ក្នុងសម័យសកលភាវូបនីយកម្មសេដ្ឋកិច្ច ការការពារពាណិជ្ជកម្មប្រៀបបានជាថ្នាំពុល មិនមែនឱសថព្យាបាលទេ» និងបានបន្ថែមថា ពន្ធនឹងបង្កើនការចំណាយផលិតកម្មសម្រាប់អាជីវកម្មអាមេរិកនិងបង្កើនអតិផរណាសម្រាប់អតិថិជនផងដែរ ៕
ប្រភព ៖ channelnewsasia , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ