ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសានវាទមច្ចុរាជ! លោក ត្រាំ ព្រមាន​ទម្លាក់​អ៊ីរ៉ង់ក្នុងឋាននរក បើមិនព្រមចុះចាញ់សង្គ្រាម!

2 ម៉ោង មុន

​ទីក្រុងវ៉ាស៊ីនតោន៖ ភាពតានតឹងរវាងមហាអំណាចអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់កម្រិតកំពូលសាជាថ្មីកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗថា ប្រធានាធិបតី…



ទីក្រុងវ៉ាស៊ីនតោន៖ ភាពតានតឹងរវាងមហាអំណាចអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់កម្រិតកំពូលសាជាថ្មីកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗថា ប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមខ្លួននឹង “បើកទ្វារនរក” ​វាយប្រហារលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះនៅតែរឹងរូសមិនព្រមចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៦ ខែមីនានេះ។

សេតវិមានបានសង្កត់ធ្ងន់ថា លោក ត្រាំ មិនមែននិយាយលេងសើចឡើយ ហើយរាល់អំពើហិង្សាដែលនឹងកើតឡើងបន្ទាប់ពីនេះ គឺជាកំហុសរបស់អ៊ីរ៉ង់ដែល “មិនព្រមទទួលស្គាល់ថាខ្លួនបានចាញ់សង្រ្គាមរួចទៅហើយ”។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ ខណៈដែលអាម៉េរិកអះអាងថាកំពុងមាន “កិច្ចចរចាការទូតដ៏រសើប” កើតឡើង ខាងភាគីអ៊ីរ៉ង់បែរជាចេញមុខបដិសេធទាំងស្រុង។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា “មិនមានការចរចាណាមួយឡើយ” ព្រោះគ្មាននរណាម្នាក់អាចទុកចិត្តការទូតរបស់អាម៉េរិកបានឡើយ ដោយយោងលើបទពិសោធដ៏ជូរចត់កាលពីអតីតកាល។ លើសពីនេះ មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ថែមទាំងបានឌឺដងវិញថា អាម៉េរិកប្រហែលជាកំពុង ​”ចរចាជាមួយខ្លួនឯង”​ ដើម្បីបិទបាំងភាពបរាជ័យយុទ្ធសាស្ត្ររបស់ខ្លួន ហើយព្យាយាមប្រែក្លាយវាឱ្យទៅជា “កិច្ចព្រមព្រៀង” តែម្នាក់ឯង។

សង្រ្គាមដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈនេះ ត្រូវបានសេតវិមានរំពឹងថាអាចនឹងអូសបន្លាយចន្លោះពី ៤ ទៅ ៦ សប្តាហ៍។ ប៉ុន្តែជាមួយនឹងជំហររឹងត្អឹងរៀងៗខ្លួន និងការបដិសេធមិនចរចារបស់អ៊ីរ៉ង់ ពិភពលោកកំពុងបារម្ភថា រយៈពេលពន្យារពេលវាយប្រហារ ៥ ថ្ងៃដែលលោក ត្រាំ បានផ្ដល់ឱ្យ អាចនឹងប្រែទៅជាមហន្តរាយដ៏ធំធេងវិញ ប្រសិនបើឱសានវាទនេះត្រូវផុតកំណត់ដោយគ្មានលទ្ធផល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ