ប្រទេសសូម៉ាលី ៖ ប្រភពព័ត៌មានមន្ទីរពេទ្យនិងប៉ូលិសរាយការណ៍ថា មនុស្សយ៉ាងតិច៨នាក់ស្លាប់និង១៦នាក់រងរបួស ក្នុងការបំផ្ទុះរថយន្តមួយកាលពីថ្ងៃទី១៥មិថុនានៅទីក្រុងមូហ្គាឌីស្យូរដ្ឋធានីសូម៉ាលី។
ខាងផ្នែងរថយន្តសង្គ្រោះក្រុងអះអាងថា យើងអាចនិយាយថា មនុស្ស៨នាក់ស្លាប់និង១៦នាក់រងរបួសក្នុងការផ្ទុះ។ ចំណែកការផ្ទុះទី២មួយទៀតកើតមានលើផ្លូវថ្នល់មួយទៅកាន់ព្រលានយន្តហោះ តែពុំបណ្ដាលឲ្យមានជនរងគ្រោះឡើយ។
ពួកឧទ្ទាមអ៊ិស្លាមនិយមក្រុមSHEBAB បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារទាំងនេះដោយបញ្ជាក់ថា ពួកគេធ្វើនៅចំណុចត្រួតពិនិត្យ តាមបណ្ដោយផ្លូវថ្នល់ទៅកាន់ព្រលានយន្តហោះ ហើយការវាយប្រហារមួយទៀតតាមផ្លូវថ្នល់ទៅកាន់សភា។ ក្នុងសង្កាត់មានទីតាំងសភា សាក្សីទាំងឡាយនិយាយថា បានឃើញសាកសពជនរងគ្រោះនៅរាយប៉ាយលើដី បន្ទាប់មកប៉ូលិសបានបិទផ្លូវ។
យោងតាមប៉ូលិសថារថយន្តផ្ទុកគ្រឿងផ្ទុះទី២ជារថយន្តតូយ៉ូតាមួយ ត្រូវបានប្រទះឃើញនៅត្រង់បារ៉ាស់មួយ ហើយកងកម្លាំងសន្តិសុខបានបាញ់ប្រហារ។ បុរសម្នាក់ក្នុងចំណោមមនុស្សជិះលើរថយន្តនោះបានត្រូវសម្លាប់ ហើយម្នាក់ត្រូវចាប់ខ្លួន។ បន្ទាប់មករថយន្តនោះក៏ផ្ទុះតែពុំបណ្ដាលឲ្យមានជនរងគ្រោះទេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ