ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​លេង​ធម៌​ក្តៅ​ហាម​ដាច់ខាត់​ចាយ​លុយ​១​កាក់​១​សេន​លើ​ផលិតផល​ក្រុមហ៊ុន Huawei

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​គ្រប់គ្រង និង​ថវិកា​ក្រោម White House…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​គ្រប់គ្រង និង​ថវិកា​ក្រោម White House របស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​ដល់​សភា​អា​មេ​រិ​កថា ពួក​គេ​នឹង​សម្រេច​គោលដៅ​ហាមឃាត់​រាល់​កិច្ចព្រមព្រៀង​អាជីវកម្ម​ជាមួយនឹង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ជាមួយនឹង​ក្រុមហ៊ុន Huawei ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ ។

លោក Russ Vought ដែល​ជា​ប្រធាន​ស្តីទី​របស់​ការិយាល័យ​ខាងលើ​បាន​និយាយ​ក្នុង​សំបុត្រ​មួយ​ដែល​ផ្ញើ​ជូន​លោក James Inhofe ដែល​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​ព្រឹទ្ធសភា​ថា «​សភាជាតិ​បាន​ឲ្យ​ដឹង​ច្បាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ពី​សារៈសំខាន់​នៃ​ការ​អនុម័ត​ច្បាប់​ក្នុង​រយៈពេល​២​ឆ្នាំ ហើយ​ពួក​យើង​នឹង​សម្រេច​គោលដៅ​នេះ​»​។

កាលពី​ស​ប្តា​ហ៍​មុន ការិយាល័យ​ខាងលើ​បាន​និយាយ​ថា ពួក​គេ​នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ក្នុង​ការ​អនុម័ត​ការ​ហាមឃាត់​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​កាត់​បន្ថយ​ការ​ទិញ និង​ប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ។ ប៉ុន្តែ​លោក Vought បាន​និយាយ​ថា White House បាន​ប្តូរ​គំនិត​បន្ទាប់​ពី​កិច្ច​សន្ទនា​ក្នុង​ពេល​ថ្មី​ៗ​ជាមួយនឹង​សភាជាតិ ។

ការ​ហាមឃាត់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុមហ៊ុន Huawei Technologies Co Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំ​ជាងគេ​របស់​ពិភពលោក ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​សហរដ្ឋអាមេរិក​ថា ប្រព្រឹត្ត​អំពើ​ចារកម្ម និង​រំលោភសិទ្ធិ​កម្ម​សិ​ទិ្ធ​បញ្ញា​ជាដើម ។

Huawei បាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​ថា ពួក​គេ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល យោធា ឬ​អង្គការ​ចារកម្ម​ចិន ។ ពួក​គេ​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​អា​មេ​រិ​ក​ផង​ដែរ​ទាក់ទិន​នឹង​ការ​ហាមឃាត់​ទាំងនេះ ។

ច្បាប់​ដែល​សហរដ្ឋអាមេរិក​ចង់​អនុម័ត​ទាំងស្រុង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ហាមឃាត់​ការ​ប្រើ​ថវិកា​រដ្ឋាភិបាល​ក្នុង​ការ​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន Huawei ព្រោះតែ​មូលហេតុ​ផ្នែក​សន្តិសុខ ។ វា​រួម​មានការ​ហាមឃាត់​មិន​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក​ទិញ​ឧបករណ៍ Huawei ដោយ​ផ្ទាល់ ដែល​នឹង​ចាប់​មាន​ប្រសិទ្ធិ​ភាព​ក្នុងឆ្នាំនេះ ៕

ប្រភព ៖ reuters , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ