ហារី ផុតធ័រ គឺជាវីរបុរសកណ្តុរដែលដាក់ឈ្មោះតាមតួកុនហូលីវូដដ៏ល្បីល្បាញក្នុងរឿងHarry Potter ។ វីរសបុរសកណ្តុរនេះមានបេកសកម្មរបស់ខ្លួន ដើម្បីស្វែងរកមីននៅកម្ពុជាដើម្បីសង្គ្រោះជីវិតមនុស្ស ។

បន្ទាប់ពីបានបណ្តុះបណ្តាលនៅប្រទេសតង់ហ្សានី ហារីផុតធ័រ បានត្រូវគេបញ្ជូនអោយមកបំពេញបេសកម្មស្វែងរកមីននៅក្នុងប្រទេសកម្ពុជា កាលពីខែឧសភា ។ ហារីផុតធ័រ ត្រូវបានបណ្តុះបណ្តាលសមត្ថភាពស្វែងរកមីនដោយអង្គការមួយដែលមានឈ្មោះថា APOPO ។

ហារីផុតធ័រ និងគ្នីគ្នារបស់វានឹងចូលរួមប្រតិបត្តិការស្វែងរកមីននៅកម្ពុជាជាមួយក្រុមកណ្តុរចាស់ៗដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ មកដោយធ្វើការសហការជាមួយមជ្ឈមណ្ឌលបោសសម្អាតមីនកម្ពុជា ។

កណ្តុរខ្លះមានអាយុច្រើន និងត្រូវចូលនិវត្តន៍ ដូច្នេះវាត្រូវធ្វើការជាមួយកណ្តុរថ្មីនៅចន្លោះពេលដែលត្រូវមានការផ្លាស់ប្តូរនេះ ។

អង្គការ APOPO និយាយនៅក្នុងវេបសាយរបស់ខ្លួនថា «កណ្តុរមួយអាចធ្វើការរាវរកគ្រាប់មីនលើផ្ទៃដីទំហំប៉ុនតារាងតឺន្នីសក្នុងរយៈពេល៣០នាទី »។

ដូច្នេះវាពិតជាចូលរួមបានច្រើននៅក្នុងការស្វែងរកគ្រាប់មីននៅកម្ពុជា ហើយបានសង្គ្រោះមនុស្សជាច្រើនពីការស្លាប់ដោយសារគ្រាប់មីន ។ កណ្តុរត្រូវបានគេចាត់ទុកថាឆ្លាត និងពូកែហិតក្លិន ។ ហេតុដូច្នេះហើយបានជាវាមាន សមត្ថភាពជួយដល់ការរុករកមីនដូចជា សត្វឆ្កែដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ