ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​​ជីក​​យក​អាចម៍​ដី​​លក់​ រំលោ.ភ​អាង​ទឹក​​​ទួល​បារាយណ៍​​អណ្តែត​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សកម្មភាព​គ្រឿងចក្រ​របស់ឈ្មួញ ដែល​កំពុង​ជីក​យក​អាចម៍ដី​នៅ​ក្នុង​តំបន់​អាង​ទឹក​ទួល​បារាយណ៍​អណ្តែត ក្នុង​ក្រុង​ព្រៃវែង ដែល​មុន​នេះ​ បាន​ដាក់​ការ​សង្ស័យ​ថា ការ​ជីក​យក​អាចម៍ដី​នោះ​បាន​រំលោភ​ចូល​ក្នុង​ដី​អាង​ទឹក ទើប​លោក​អភិបាលខេត្ត​បញ្ជា​ឲ្យ​លោក​អភិបាលក្រុង​ព្រៃវែង ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ត្រួតពិនិត្យ​ទីតាំង​រណ្តៅ​ដី​នោះ…

ខេត្តព្រៃវែង ៖ សកម្មភាព​គ្រឿងចក្រ​របស់ឈ្មួញ ដែល​កំពុង​ជីក​យក​អាចម៍ដី​នៅ​ក្នុង​តំបន់​អាង​ទឹក​ទួល​បារាយណ៍​អណ្តែត ក្នុង​ក្រុង​ព្រៃវែង ដែល​មុន​នេះ​ បាន​ដាក់​ការ​សង្ស័យ​ថា ការ​ជីក​យក​អាចម៍ដី​នោះ​បាន​រំលោភ​ចូល​ក្នុង​ដី​អាង​ទឹក ទើប​លោក​អភិបាលខេត្ត​បញ្ជា​ឲ្យ​លោក​អភិបាលក្រុង​ព្រៃវែង ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ត្រួតពិនិត្យ​ទីតាំង​រណ្តៅ​ដី​នោះ ហើយ​ចាត់វិធានការ​ផ្លូវច្បាប់ បើ​ការ​ជីក​នោះ​រំលោភ​ចូល​ដី​អាង​ទឹក​ពិត មែន ។ គួររំលឹកថា៖ អាង​​ទឹក​​ទួល​បារាយណ៍​អណ្តែត​ កំពុង​​ត្រូវ​ឈ្មួញ​​ជីក​​យក​អាចម៍​ដី​?

ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នោះ ឈ្មួញ​ដែល​កំពុង​ជីក​យក​អាចម៍ដី ​គឺ​លោក អុ​ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង បាន​ប្រាប់​មន្ត្រី​ជំនា​ញ​ថា ដី​ដែល​គាត់​កំពុង​ជីក​នោះ ​គឺ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ ដោយ​មាន​អាជ្ញាធរ​ភូមិ ឃុំ​ដឹង​ឮ ។ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា ដី​នោះ​គឺជា​ដី​អាស្រ័យ​ផល​របស់​រដ្ឋ ដែល​មាន​ន័យ​ថា ជា​ដី​របស់​រដ្ឋ​ដែល​ពលរដ្ឋ​សុំ​អាស្រ័យ​ផល ហើយ​អាជ្ញាធរ​មិន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​ទេ ។ គាត់​បញ្ជាក់​ថា គាត់​ទិញ​ដី​នេះ​ក៏​មិន​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែរ គឺ​គ្រាន់តែ​ជីក​យក​តែ​អាចម៍ដី​ប៉ុណ្ណោះ ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ជា​អ្នកលក់ដី​ឱ្យ​លោក អុ​ឹ​ង ម៉េ​ង​ហ៊ា​ង បានឱ្យ​ដឹង​ថា ដី​ដែល​ពួក​គាត់​លក់​ឱ្យ​នោះ​គឺ​នៅ​ទីតាំង​រណ្តៅ​ទី​១ ប៉ុន្តែ​ចំពោះ​ទីតាំង​រណ្តៅ​ទី​២​ដែល​គេ​កំពុង​ជីកនោះ ជា​ដី​អាង​ទឹក​របស់​រដ្ឋ​គ្មាន​អ្នក​ណា​លក់​ឲ្យ​ទេ គឺ​លោក អុ​ឹ​ង ម៉េ​ង​ហ៊ា​ង ជីក​ពង្រីក​យក​ដោយ​ខ្លួនឯង​តែ​ម្តង ។ មិនតែប៉ុណ្ណោះ គេ​ថែម​ទាំង​ជីក​ប៉ះពាល់​ដល់​ដីស្រែ​ប្រាំង​របស់​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ​ទៀត​ផង ប៉ុន្តែ​ក្រោយ​ពី​ម្ចាស់​ដី​គេ​ប្តឹង
មក លោក អុ​ឹ​ង ម៉េ​ង​ហ៊ា​ង ក៏​ចេញ​មុខ​ដោះស្រាយ​សង​ជា​សំណង​បញ្ចប់រឿង ។

ក្នុង​ពេល​ចុះ​ពិនិត្យ​នោះ លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត បានឱ្យ​ដឹង​ថា សកម្មភាព​ជីក​យក​អាចម៍ដី​របស់​ឈ្មួញ​ខាងលើ គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ទេ ហើយ​រណ្តៅ​ដែល​ជីក​ក៏​មាន​ជម្រៅ​ជ្រៅ​លើស​ពី​ច្បាប់​កំណត់​ដែរ ។ ដូច្នេះ លោក​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ជំហាន​ដំបូង គឺ​ត្រូវ​ឱ្យ​ខាង​មន្ទីរ​ធនធានទឹក និង​អាជ្ញាធរ​ក្រុង​សិក្សា​ពី​ប្លង់​ដី​អាង​ទឹក​ទួល​បារាយ​ណ៍​អណ្តែត​នេះ​សិន ដើម្បី​ឱ្យ​ដឹង​ថា តើ​ទីតាំង​ដែល​ជីក​នេះ​ចូល​ក្នុង​ដី​អាង​ទឹក​ដែរ​ឬទេ ។

លោក ជា កក្កដា បញ្ជាក់​ថា ទីតាំង​រណ្តៅ​ដី​ដែល​ត្រូវ​ចុះ​ពិនិត្យ​នេះ​មាន​៣​កន្លែង ដែល​ទីតាំង​ទី​១​ជា​របស់​ឈ្មួញ​ឈ្មោះ អុ​ឹ​ង ម៉េ​ង​ហ៊ា​ង ហៅ ឆ លី​ហៀ​ង ទីតាំង​ទី​២​ជា​របស់​លោក យឹ​ម ភា​ង សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ទីតាំង​ទី​៣​ជា​របស់​ឈ្មួញ​ឈ្មោះ រិ​ទ្ធី តែ​ពេល​នេះ​បាន​ផ្អាក​សកម្មភាព​ហើយ ។

លោក ម៉​ន នី​បណ្ឌិត អភិបាលក្រុង​ព្រៃវែង បានឱ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​នេះ​កិច្ចការ​សំខាន់ គឺ​ឲ្យ​មន្ត្រី​ធន​ធានទឹក​ប្រើ​ម៉ាស៊ីន​ចុច​វាស់​ទីតាំង​រណ្តៅ​ដី ហើយ​យក​ទៅ​ធៀប​នឹង​ប្លង់​អាង​ទឹក​នៅ​ក្នុង​កុំព្យូទ័រ​របស់​មន្ទីរ ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​ទីតាំង​ដែល​ឈ្មួញ​ជីក​នេះ​រំលោភ​ចូល​ក្នុង​ដី​អាង​ទឹក​ដែរ​ឬទេ ។

ការ​ចុះ​វាស់​នេះ មិនមែន​ពិនិត្យ​តែ​រណ្តៅ​ដី​របស់​លោក អុ​ឹ​ង ម៉េ​ង​ហ៊ា​ង ម្នាក់​ទេ ទីតាំង​រណ្តៅ​ដី​២​កន្លែង​ផ្សេង​ទៀត ដែល​នៅ​ជុំវិញ​ដី​អាង​ទឹក​នេះ ហើយ​កំពុង​ធ្វើ​សកម្មភាព​ដូច​គ្នា​ដែរ​នោះ ក៏​ត្រូវ​ចុះ​ពិនិត្យ​ដូច​គ្នា​ដែរ ។ បើ​រក​ឃើញ​ថា ទីតាំង​ណាមួយ​ជីក​រំលោភ​ចូល​ដី​អាង នោះ​លោក​នឹង​បញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព​ភ្លាម ហើយ​ក៏​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​យោគយល់​ដែរ ។

លោក​អភិបាលក្រុង​បញ្ជាក់​ថា អាង​ទឹក​ទួល​បា រាយណ៍​អណ្តែត​នេះ មាន​ទំហំ​សរុប​១៧៥​ហិ​កតា នៅ​រដូវ​ប្រាំង​ដែល​អាង​គោក​រាក់ ដី​ជុំវិញ​អាងត្រូវ​ពលរដ្ឋ​អាស្រ័យ​ផល​ដោយ​ធ្វើស្រែ​ប្រាំង​នៅលើ​ដី​នេះ ។ ចំណែក​នៅ​រដូវវស្សា អាង​ទឹក​នេះ គឺជា​​ជង្រុក​មច្ឆជាតិ​សម្រាប់​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ធ្វើការ​នេសាទ​ចិញ្ចឹមជីវិត​ផង​ដែរ ។

ដោយឡែក លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា​ថា តាម​រយៈ​ការ​វាស់វែង​ទីតាំង​រណ្តៅ​ដី និង​ធៀប​ជាមួយ​ប្លង់​មេ​ដី​អាង​ទឹក​បញ្ជាក់​ថា ទីតាំង​រណ្តៅ​ដី​ទាំង​៣​កន្លែង​ដែល​គេ​កំពុង​ជីក​នោះ គឺ​បាន​រំលោភ​ចូល​ដី​អាង​ទឹក​ទាំងអស់ ហើយ​ពេល​នេះ​លោក​ធ្វើ​របាយការណ៍ដាក់​ជូន​លោក​អភិបាលខេត្ត ដើម្បី​ពិនិត្យ​និង​ចាត់វិធានការ​ផ្លូវច្បាប់ ៕