ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​និយម​បាល់ទាត់​ច្រើន​ឡើង​ងាក​ទៅ​ឱ្យ​តម្លៃ​តារាង​បាល់​ស្ដង់ដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈ​ចុង​ក្រោយ គេ​កត់​សម្គាល់ថា អាជីព​បើក​តារាង​បាល់​តូច​ៗ​ត្រូវ​បាន​ដួល​រលំ​ជា​បន្តបន្ទាប់ បន្ទាប់​ពី​បាន​ក្លាយជា​មុខរបរ​ដែល​អាច​រក​ចំណូល​បាន​កាក់កប​ខ្លាំង​តែ​មួយប៉ប្រិចភ្នែក ។ ហេតុផល​នៃ​ការ​ដួល​រលំ​ត្រូវ​បាន​គេ​អះអាង​ថា ដោយសារ​តែ​អ្នក​និយម​ជួល​តារាង​បាល់​តូច​ៗ​ដើម្បី​លេង ងាក​ទៅ​លេង​តែ​ក្នុង​តារាង​បាល់​ស្ដង់ដា​ជំនួស…

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈ​ចុង​ក្រោយ គេ​កត់​សម្គាល់ថា អាជីព​បើក​តារាង​បាល់​តូច​ៗ​ត្រូវ​បាន​ដួល​រលំ​ជា​បន្តបន្ទាប់ បន្ទាប់​ពី​បាន​ក្លាយជា​មុខរបរ​ដែល​អាច​រក​ចំណូល​បាន​កាក់កប​ខ្លាំង​តែ​មួយប៉ប្រិចភ្នែក ។ ហេតុផល​នៃ​ការ​ដួល​រលំ​ត្រូវ​បាន​គេ​អះអាង​ថា ដោយសារ​តែ​អ្នក​និយម​ជួល​តារាង​បាល់​តូច​ៗ​ដើម្បី​លេង ងាក​ទៅ​លេង​តែ​ក្នុង​តារាង​បាល់​ស្ដង់ដា​ជំនួស ស្របគ្នា​ដែល​អ្នក​និយម​លេង​ជា​លក្ខណៈ​សប្បាយ​ៗ​មាន​ការ​ថយ​ចុះ និង​បណ្ដាល​មក​ពី​ទីតាំង​ដែល​ធ្លាប់​ជួល​បើក​តារាង​បាល់ សុទ្ធតែ​ឡើងថ្លៃ​កប់​ពពក ធ្វើ​ឱ្យ​អ្នក​ជួល​តស៊ូ​បន្ត​កុងត្រា​លែង​បាន​។

កាលពី​មួយ​រយៈ​មុន តារាង​បាល់​ទាំង​តូច​ទាំង​ធំ ដែល​ត្រូវ​រៀបចំ​នៅ​ត្រង់​ប្រជុំជន​ទាំងនោះ ត្រួ​វ​គេ​បំពាក់​ភ្លើង​ភ្លឺ​ចិញ្ចាច​អាច​លេង​បាន​ដល់​ម៉ោង​១០​យប់​ដោយ​មិន​ភ័យ​ពី​រឿង​សុវត្ថិភាព ឬ​ងងឹត​លេង​មិន​ស្រួល​នោះ​ផង ។ ក្រុម​យុវវ័យ រួម​មាន​ទាំង​មនុស្ស​វ័យ​កណ្ដាល​ផង បាន​ប្រមូលផ្ដុំ​គ្នា​រៃ​លុយ​លេង​បាល់​នៅ​ក្នុង​តារាង​សិប្បនិមិត្ត​ដែល​មាន​ផាសុកភាព​ក្នុង​រូប​ភាព​គគ្រឹកគគ្រេង ។ ចាប់ពី​ម៉ោង​៣​រសៀល​តទៅ​គេ​ឃើញ​អ្នក​និយម​លេង​បាល់​ច្រើន​ឡើង​ជួបជុំ​គ្នា​នៅ​តាម​តារាង​បាល់ ដោយ​អ្នកខ្លះ​មាន​ស្លៀកពាក់​ជា​ឯកសណ្ឋាន​ក្រុម​ណាមួយ​ផង ដើម្បី​ចូល​លេង​ក្នុង​តារាង ខណៈ​ដែល​ក្រៅពី​បង្ហាញ​ពី​ការ​រីក​ចម្រើន​ក៏​មាន​បញ្ហា​អវិជ្ជ​មាន​ខ្លះ​ៗ​កើតឡើង​ផង​ដែរ​សម្រាប់​ក្មេង​ៗ​ដែល​ញៀន​ញ៉ាម​នឹង​ការ​លេង​កីឡា​មួយ​នេះ​នៅ​ក្នុង​តារាង​ដែល​បាន​បង្កើត​ឡើង ។

អ្នក​ទាំងនោះ​ច្រើន​បែងចែក​ជា​ក្រុម​ម្ខាង​ម្នាក់ ដោយ​មានការ​សន្មតគ្នា​ថាបើ​ក្រុម​ណា​ចាញ់​គឺ​ចែក​គ្នា​ចេញ​ថ្លៃ​តារាង ឬ​មានការ​ប្រកួត​ភ្នាល់​ដាក់​លុយ​តែ​ម្ដង ដោយ​ក្រុម​កំណត់​ចំនួន​តាម​គ្រាប់​បាល់ ឬ​ស្ថានភាព​ចាញ់​ឈ្នះ​អាស្រ័យ​ទៅ​លើ​ការ​ព្រមព្រៀង​។ យ៉ាងណាមិញ​ពួក​គេ​មិន​លេង​ភ្នាល់​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​ទេ គឺ​គ្រាន់តែ​ដើម្បី​បង្កើន​ការ​ប្រឹងប្រែង និង​ដើម្បី​អោយ​អ្នក​ឈ្នះ​មាន​ទឹកចិត្ត​លេង​ដោយសារ​តែ​មិន​អស់​ថ្លៃ​តារាង និង​អាច​ទទួល​បាន​ថវិកា​ខ្លះ​ៗ ត្រឡប់​ទៅ​វិញ​ប៉ុណ្ណោះ ។

យុវវ័យ​ទាំងនោះ​បាន​អះអាង​ថា ដោយសារ​តែ​កំណើន​តារាង​បាល់​ហើយ​តារាង​ទាំងនោះ​ក៏​មាន​ទីតាំង​អំណោយផល​ផង ទើប​ចេះ​តែ​បំផុស​អោយ​ពួក​គេ​មានគំនិត​ចង់​ប្រកួត​បាល់ទាត់ ក្នុង​បំណង​ហាត់ប្រាណ​ដើម្បី​សុខភាព​ផង និង​ដើម្បី​បាន​ជួបជុំ​គ្នា​សប្បាយ​ៗ​ផង ។ ម្នាក់​ៗ​សុទ្ធតែ​យល់​ឃើញ​ថា​កីឡា​នាំ​មក​នូវ​សុខភាព តែ​ថា​ហេតុផល​ដែល​យុវវ័យ​ភាគច្រើន​ផ្ដោត​លើ​ការ​ជុំ​គ្នា​លេង​បាល់​គឺ​ដោយសារ​តែ​កំណើន​តារាង​បាល់​លេចឡើង​ព្រោងព្រាត​ស្ទើរតែ​គ្រប់កន្លែង​ដែល​ធ្វើ​អោយ​អ្នក​ទំនេរ​ពី​ការងារ និង​ពី​ការ​សិក្សា​ចង់​ជួបជុំ​គ្នា​លេង​បាល់​នោះ​ឯង ។ ផ្អែក​តាម​ការ​បញ្ជាក់​តម្លៃ​តារាង​ត្រូវ​គេ​គិត​ជា​ម៉ោង ដោយ​មួយ​ម៉ោង​ពី​១០​ដុល្លារ​ទៅ​១៨​ដុល្លារ​សម្រាប់​តារាង​តូច និង​ពី​២០​ដុល្លារ​ទៅ​៥០​ដុល្លារ​ក៏​មាន​សម្រាប់​តារាង​ធំ​ដែល​អាច​លេង​បាន​គ្នា​១១​នាក់​ម្ខាង​ៗ​។

តារាង​តម្លៃ​នេះ មានការ​ប្រែប្រួល​អាស្រ័យ​ទៅ​តាំងទី​តាំង និង​អំឡុង​ពេល​មាន​មនុស្ស​ទៅ​លេង​ច្រើន ប៉ុន្តែ​តារាង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ក៏​ត្រូវ​បាន​គេ​និយម​ទៅ​លេង​ភាគច្រើន​ផង​ដែរ បើ​ទោះជា​ទីតាំង​ស្ថិត​នៅ​កន្លុកកន្លៀត​បន្តិច​ក្ដី​។ យ៉ាងណាមិញ ទីតាំង​តូច​ៗ​ទាំងនោះ ត្រូវ​បាន​បិទទ្វារ​បណ្ដាក់​គ្នា​ដោយសារ​តែ​ហេតុផល​អ្នក លេង​ថយ​ចុះ​។

លោក​សីហា ម្ចាស់​តារាង​បាល់​នៅ​ខណ្ឌ​សែន​សុខ ជិត​សាកលវិទ្យាល័យ​IU ដែល​ទើប​បិទ​ចោល​តារាង​បាល់ បាន​អះអាង​ថា ក្រោយ​បើក​ដំណើរការ​តារាង​បាល់​ប្រមាណ​ជាង​១​ឆ្នាំ​លោក​កត់​សម្គាល់ថា​ចំនួន​អ្នក​មក​លេង​បាល់​មានការ​ថយ​ចុះ​រហូត​ដល់​ថ្នាក់​មិន​អាច​បន្ត​អាជីវកម្ម​។

លោក​សម្រេចចិត្ត​ចោល​តារាង​បាល់ទាត់ ដោយសារ​តែ​ហេតុផល​ចំណូល​ដែល​ធ្លាប់​បាន​ខ្ពស់ ធ្លាក់​ដល់​កម្រិត​ទប់​ការ​ចំណាយ​លែង​ជាប់ ស្រប​ពេល​ដែល​លោក​យល់​ថា​មុខរបរ​មួយ​នេះ បើ​ចង់​ឈរជើង​បន្ត លុះត្រាតែ​ស្ថិត​ក្នុង​ទីតាំង​អំណោយផល និង​ត្រូវ​រៀបចំ​អោយ​ក្លាយជា​តារាង​ធំ​ស្ដង់ដា ហើយ​ត្រូវ​មាន​អាជ្ញាកណ្ដាល ចាត់ចែង​ការ​ប្រកួត​អោយ​ក្រុម​នីមួយ​ៗ​ផង​។

កាលពីមុន​លោក​គាំទ្រ​អោយ​បើក​តារាង​បាល់ ដោយ​អះអាង​ថា ដើម្បី​អាច​បើក​អាជីវកម្ម​នេះ​បាន​លុះ​ត្រាតែ​មាន​ដើម​ច្រើន​គួរសម ហើយ​ត្រូវ​មាន​ទីតាំង​ច្បាស់លាស់​ក្នុង​ការ​រកស៊ី​ទៅ​ទៀត ដោយសារ​តែ​មុខរបរ​នេះ​បើ​កុងត្រា​រក​ដី​ជួល​មិន​បាន​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​ទេ គឺ​មិន​ចំណេញ​ច្រើន ។ ក្នុង​នោះ​ចំណាយ​តែ​លើ​ការ​ដំឡើង​តារាង និង​រៀបចំ​ស្មៅ​សិប្បនិមិត្ត ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ ហើយ​កែកុន​អោយ​មាន​កន្លែង​ចត​រថយន្ត មាន​សំណាញ់​ការពារ​បាល់ និង​ដំឡើង​ភ្លើង​គឺជា​ការ​ស្រេច ។

លោក​ថា មុខរបរ​មួយ​នេះ​បើ​អាច​ទៅ​រួច​គឺ​ត្រូវ​ចូល​គ្នា ហើយ​ត្រូវ​តែ​រកតែ​ដៃគូ​ដែល​មាន​ចំណូលចិត្ត​លើ​មុខ​របរ​បើក​តារាង​បាល់​ដូច​គ្នា​ទើប​អាច​ទៅ​រួច ។ ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ លោ​កថា​មុខរបរ​តារាង​បាល់ គឺ​ដូច​តែ​យក​ដើមទុន​បោះចោល​អុី​ចឹ​ង ដោយ​បើ​រៀបចំ​មិន​បាន​ល្អ គឺ​នឹង​គ្មាន​អ្នក​មក​លេង​នោះ​ទេ ហើយ​តារាង​នៅ​ក្នុង​ពេល​នេះ ក៏​បើក​មិន​ចំណេញ​នោះ​ដែរ ដោយសារ​ដី​ជួល​ក្នុង​ទីប្រជុំជន​ថ្លៃ អ្នកលេង​ត្រូវការ​ស្ដង់ដា​ខ្ពស់ ហើយ​ក៏​មិនសូវ​មាន​អ្នកលេង​ផុលផុស​ដូច​មុន​នោះ​ដែរ​។

មិន​ខុស​គ្នា​ដែរ ម្ចាស់​តារាង​បាល់​ដែល​បាន​បិទ​ចោល​ផ្សេង​ទៀត ក៏​អះអាង​ថា បើ​ចង់រក​ស៊ី​បើក​តារាង​បាល់​ដូច​មុន គឺ​លុះត្រាតែ​ប្រើ​ដើម​ធំ រក​ដី​ធំ និង​មាន​សេវា​ច្រើន​យ៉ាង ។ ម្នាក់​ៗ​និយាយ​ថា មនុស្ស​កាន់តែ​ទំនើប តារាង​បាល់​ដែល​បាន​បង្កើត​ឡើង​មិន​អាច​លំ​ៗ​ដូច​មុន​កើត​ទេ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ ដែល​មនុស្ស​ចាប់ផ្ដើម​ចង់​លេង​តែ​ក្នុង​តារាង​ធំ ស្ដង់ដា​ហើយ​លែង​ចង់​លេង​តារាង​តូច​ៗ ។ យ៉ាងណាមិញ​សម្រាប់​អ្នក​បើក​តារាង​ស្ដង់ដា គឺ​មានការ​កក់​គូប្រកួត​រាល់ថ្ងៃ​នៅ​ក្នុង​ពេល​នេះ គឺ​អាច​ច្រើន​ជាង​មុន​ដាច់​ឆ្ងាយ ដោយសារ​តែ​តារាង​តូច​ៗ​បិទ​ចោល ហើយ​មនុស្សរ​ត់ទៅ​សម្រុក​តែ​ក្នុង​តារាង​ធំ​ៗ​ជា​ជំនួស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ