ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចាប់អារម្មណ៍​ក្នុង​ការ​វិនិ​យោគ​​លើ​ថាមពលបៃតង

4 ឆ្នាំ មុន

ប្រទេស​វៀតណាម​៖ មន្ត្រី​ធនាគារ HSBC បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន Viet Nam News ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ច័ន្ទ​ខែមិថុនា​កន្លង​មក​ថា វិនិយោគិន​កូរ៉េ​ចាប់អារម្មណ៍​វិនិយោគ​លើ​​ថាមពល​បៃតង​…

ប្រទេស​វៀតណាម​៖ មន្ត្រី​ធនាគារ HSBC បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន Viet Nam News ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ច័ន្ទ​ខែមិថុនា​កន្លង​មក​ថា វិនិយោគិន​កូរ៉េ​ចាប់អារម្មណ៍​វិនិយោគ​លើ​​ថាមពល​បៃតង​ ព្រោះតែ​វា​មាន​សក្តានុពល និង​ព្រោះតែ​អត្ថប្រយោជន៍​ដែល​វៀតណាម​ផ្តល់​ជូន​វិនិយោគិន​បរទេស។

​លោក Pham Hong Hai ដែល​ជានា​យក​ប្រតិបត្តិ​របស់ HSBC Viet Nam បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​ប្រាប់​ដល់​សារ​ព​ត៌​មាន​ខាងលើ​ថា អគ្គិសនី​គឺជា​ការ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​កូរ៉េ​ក្នុង​ប្រទេស​​វៀតណាម​។ លោក​បាន​បន្ត​ថា ក្រុមហ៊ុន​កូរ៉េ​កំពុង​តែ​ចង់​វិនិយោគ​ក្នុង​វិស័យ​ថាមពល​បទ​សង​។

​លោក​បាន​បន្ថែម​ដែរ​ថា វៀតណាម​មាន​គម្រោង​សហការ​ជាមួយនឹង​កូរ៉េ​ខាងត្បូង​ក្នុង​ការ​កាត់​បន្ថយ​ឧ​ស្ម័​ន្ទ​ផ្ទះ​កញ្ចក់ និង​សម្រប​ទៅ​តាម​បម្រែបម្រួល​អាកាសធាតុ និង​ការ​ការពារ​បរិស្ថាន​ជាដើម​។ កូរ៉េ​ខាងត្បូង​ក៏​នឹង​ជួយ​ដល់​វៀតណាម​ក្នុង​ផ្នែក​ផ្តល់​ការ​ហ្វឹកហាត់​ដល់​បុគ្គលិក និង​ផ្ទេរ​បច្ចេកវិទ្យា​ក្នុង​វិស័យ​នេះ​ដែរ​។

ខណៈ​ដែល​វៀតណាម​កំពុង​តែ​លូតលាស់​យ៉ាង​លឿន ប្រទេស​នេះ​ក៏​ត្រូវការ​ប្រភព​ថាមពល​បន្ថែម​ដែរ​។ ធ្យូងថ្ម និង​ថាមពលនុយក្លេអ៊ែរ​គឺជា​ដំណោះស្រាយ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​គុណភាព​ខ្យល់អាកាស​នឹង​ទទួល​រង​គ្រោះ​។

​រដ្ឋាភិបាល​វៀតណាម​បាន​ចេញ​វិធានការ​អនុគ្រោះ​ពន្ធ​សម្រាប់​គម្រោង​ថាមពល​បទ​សង និង​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​នេះ និង​គម្រោង​អភិវឌ្ឍន៍​ថាមពល​ជាតិ​ផង​ដែរ​។ តម្រូវការ​ថាមពល​ក្នុង​ប្រទេស​​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​លូតលាស់​ច្រើន​ជាង ១០%​ទៅ​ទៀត​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​បច្ចុប្បន្ន​ទៅ​ដល់​ចុងឆ្នាំ ២០២០ ខណៈ​ដែល​នឹង​លូតលាស់​បាន ៨%​ក្នុង​មួយ​ឆ្នាំ​នៅ​កំឡុង​ឆ្នាំ ២០២១ ដល់​២០៣០​។

​យោង​ទៅ​តាម​សមាគម​ន៍​ថាមពល​វៀតណាម​បាន​ឲ្យ​ដឹង​ដែរ​ថា វៀតណាម​មាន​គម្រោង​បង្កើន​ការ​ប្រើ​ប្រាស់​ថាមពល​បទ​សង​មក​ស្មើ ៣២%​នៃ​ការ​ថាមពល​សរុប​ក្នុង​ឆ្នាំ ២០៣០ និង​ដល់ ៤៣%​ក្នុង​ឆ្នាំ ២០៥០​។

​សក្តានុពល​សម្រាប់​ការ​វិនិយោគ​លើ​ថាមពល​ទាំងនេះ​គឺ​ពិតជា​ធំ​ណាស់ ជា​ពិសេស​ម្រា​ប់​ផលិតកម្ម​ថាមពល​សូ​ឡា​ព្រោះ​វៀតណាម​មាន​ទី​តាំងនៅ​តំបន់​អេក្វាទ័រ​ដែល​មាន​អាកាសធាតុ​ក្តៅ​ពេញ​មួយ​ឆ្នាំ​នៅ​ប៉ែក​ខាងត្បូង និង​តំបន់​កណ្តាល​នៃ​ប្រទេស​។

​លោក Hai បាន​ឲ្យ​ដឹង​ដែរ​ថា ប្រភព​ថាមពល​ជា​ច្រើន​ដូច​ជា​ខ្យល់ សូ​ឡា និង​ជីវសាស្ត្រ​ចម្រុះ​នៅ​មិន​ទាន់​ទទួល​បានការ​វិនិយោគ​។

​គួរ​បញ្ជាក់​ដែរ​ថា ការ​វិនិយោគ​ពី​កូរ៉េ​ខាងត្បូង​ក្នុង​ប្រទេស​អាស៊ាន​កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ប្រមាណ ១៦.៧%​។ វៀតណាម​ស្មើ​ប្រមាណ ៥១.៥% នៃ​ការ​វិនិយោគ​សរុប​ពី​កូរ៉េ​ខាងត្បូង​ក្នុង​អាស៊ាន​។ កាលពី​ឆ្នាំ​មុន ការ​វិនិយោគ​ពី​កូរ៉េ​ខាងត្បូង​ក្នុង​វៀតណាម​បាន​កើនឡើង​ប្រមាណ​៦០.២% ដោយ​ចំនួន​បាន​កើន​ដល់ ៣.១៦​ប៊ី​លាន​ដុល្លារ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ