រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX-570 ស៊េរីឆ្នាំ២០១៩ ត្រូវចំណាយប្រាក់ក្នុងការជួសជុលឡើងវិញរហូតដល់ទៅ១៦.០០០ដុល្លារ ទើបរួចរាល់ ដែលតម្លៃជួសជុលនេះអាចទិញបានរថយន្តប្រភេទមួយទឹកបានមួយគ្រឿងទៅហើយ។ បន្ទាប់ពីរថយន្តស៊េរីទំនើបខាងលើនេះរងការខូចខាតបែកស្ដុប និងក្រពឹតផ្នែកក្រោយយ៉ាងដំណំ ដោយសារតែរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយមានដឹកគ្រឿងចក្រឈូសដី(អាប៊ុល)មួយគ្រឿង ហើយជ្រុលទៅបុកពីក្រោយ ក្នុងពេលកំពុងបើកបរក្នុងទិសដៅស្របគ្នា។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តដែលរងការខូចខាត បែកស្ដុប និងក្រពឹតផ្នែកក្រោយយ៉ាងដំណំខាងលើម៉ាកឡិចស៊ីស LX-570 KURO ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AZ-២០៦៨ បើកបរដោយបុរម្នាក់មិនស្គាល់ឈ្មោះ ។
ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង ៣A-០៣១០ មានដឹកគ្រឿងចក្រឈូសឆាយដី (អាប៊ុល) មួយគ្រឿង បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំង២គ្រឿងបានធ្វើដំណើរស្របគ្នាក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ បានបន្ថែមល្បឿនជែងរថយន្តមួយគ្រឿងទៀតនៅខាងមុខ រួចក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកឡិចស៊ីស LX-570 បណ្ដាលឲ្យ រថយន្តម៉ាកឡិចស៊ីស LX-570 រងការខូចខាតបែកស្តុប និងក្រពឹតផ្នែកខាងក្រោយយ៉ាងដំណំតែម្ដង។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តឡិចស៊ីស LX-570 មានការអន់ចិត្តយ៉ាងខ្លាំង ហើយគាត់បានទូរស័ព្ទទៅសាកសួរក្រុមហ៊ុនដែលគាត់ទិញរថយន្តដើម្បីសួរពីការជួសជុល ខណៈនោះត្រូវបានខាងក្រុមហ៊ុនប្រាប់ពីតម្លៃក្នុងការជួសជុលឡើងវិញថា ទាំងគ្រឿងបន្លាស់ និងថ្លៃឈ្នួលជួសជុលត្រូវចំណាយប្រាក់អស់ចំនួន១៦.០០០ដុល្លារ មិនតែប៉ុណ្ណោះនឹងត្រូវរង់ចាំរយៈពេលយ៉ាងហោចណាស់ក៏១ខែដែរ ទើបគ្រឿងបន្លាស់មកដល់តាមការកុំម្ម៉ង់។
តាមប្រភពព័ត៌មានបានបន្តថា នេះគឺជាតម្លៃមួយដែលជាការប្រាប់ឲ្យដឹងពីខាងក្រុមហ៊ុនជួសជុលរថយន្ត ពុំមែនជាការទាមទារដោយចិត្តនឹកឃើញរបស់ម្ចាស់រថយន្តរងគ្រោះនោះទេ ព្រោះបើតាមមើលទៅទឹកចិត្តម្ចាស់រថយន្តរងគ្រោះក៏មិនចង់ទាមទារសំណងអ្វីច្រើនឡើយ ។ បន្ទាប់ពីបានឮបែបនេះធ្វើឱ្យភាគីខាងអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយគ្រវីក្បាលដូចគោស្រាំងទិច ព្រោះតែខ្លួនគ្មានលទ្ធភាពដើម្បីសង ។
ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បានចុះទៅសម្របសម្រួលដែរ ប៉ុន្តែមិនអាចទៅរួចទេ ព្រោះរថយន្តម៉ាកឡិចស៊ីស LX-570 ត្រូវចំណាយប្រាក់ក្នុងការជួសជុលច្រើនពេក ទើបសុំឲ្យកម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យទៅធ្វើការសម្របសម្រួលជាបន្តទៀត ប៉ុន្តែរហូតដល់វេលារសៀលថ្ងៃដដែល ភាគីទាំង២នៅតែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ