ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ឬ​យ៉ាងណា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​អចល​ទ្រព្យ ដីធ្លី និង​ឧ​ស្សហកម្ម​វាយនភ័ណ្ឌ បាន​លូតលាស់​ខ្លាំង​និង​វ៉ា​ដាច់​លើ​វិស័យ​កសិកម្ម​ក្ដី ក៏​វិស័យ​មួយ​នេះ​នៅ​តែ​ជា​វិស័យ​ស្នូល​មួយ​ក្នុង​ការ​ចូលរួម​អ​ភ​វិ​ឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ នៅ​តែ​ពឹង​លើវិស័យ​កសិកម្ម ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​នៅ​តែ​ស្វះស្វែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ…

​រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​អចល​ទ្រព្យ ដីធ្លី និង​ឧ​ស្សហកម្ម​វាយនភ័ណ្ឌ បាន​លូតលាស់​ខ្លាំង​និង​វ៉ា​ដាច់​លើ​វិស័យ​កសិកម្ម​ក្ដី ក៏​វិស័យ​មួយ​នេះ​នៅ​តែ​ជា​វិស័យ​ស្នូល​មួយ​ក្នុង​ការ​ចូលរួម​អ​ភ​វិ​ឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ នៅ​តែ​ពឹង​លើវិស័យ​កសិកម្ម ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​នៅ​តែ​ស្វះស្វែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ​ជា​ច្រើន​ទៀត ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម ។

បើ​តាម​លោក ស្រី វុ​ឌ្ឍី អគ្គលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ប្រសាសន៍​ថា ដោយសារ​តែ​វិស័យ​កសិកម្ម​នៅ​តែ​ដើរតួ​នាទី​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ​និង​ប្រជាជន ដូច្នេះ​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​សហគមន៍ ក្នុង​នោះ ក៏​មានការ​សហការ​រវាង​កសិករ និង​អ្នកទិញ ដោយ​មានការ​ចុះ​កិច្ចសន្យា​ច្បាស់លាស់​ផង​ដែរ ដើម្បី​ឱ្យ​កសិករ​ដែលផលិត​ទំនិញ​បាន​ហើយ មិន​ចាំបាច់​ភ័យ​ព្រួយ​រឿង​អត់​ទីផ្សារ​ទៀត​ឡើយ ពីព្រោះ មាន​អ្នកបញ្ជា​ទិញ​នៅ​រង់ចាំ​ទិញ​ស្រាប់​ហើយ ។ លោក​បាន​បន្ត​ថា ក្រៅពី​នោះ​ដែរ រដ្ឋាភិបាល​ក៏​នឹង​ជំរុញ​អោយ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​កសិកម្ម​ពី​ទីតាំង​ទៅ​កន្លែង​កែ​ច្នៃ ឬ សម្រាប់​នាំ​ចេញ​ជាដើម ។

​អគ្គលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​បញ្ជាក់​ថា
« ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ផ្លូវ​កាន់តែ​ច្រើន​នឹង​ជួយ​ជំរុញ​វិស័យ​កសិកម្ម​កាន់តែ​ខ្លាំង​។ ជាក់ស្ដែង​នៅ​ពេល​ដែល​មាន​ផ្លូវ​កាន់តែ​ស្រួល ការ​ដឹក​ជញ្ជូន​កាន់តែ​លឿន​រហ័ស និង​ចំណាយ​អស់​តិច ដូច្នេះ​តម្លៃ​កសិផល​អាច​នឹង​ឡើង​ខ្ពស់​ដែល​ធ្វើ​អោយ​ការ​ផលិត​កាន់តែ​ច្រើន ។ ការ​គ្រប់គ្រង​ទឹក ដោយ​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន និង​ធ្វើ​កសិកម្ម​តាម​បែប បច្ចេកវិទ្យា​ថ្មី ទទួល​បាន​ទិន្នផល​ខ្ពស់ » ។

បើ​តាម​លោក ចន្ទ ស៊ី​ណាត អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​វិនិយោគ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​ច្រើន​លាន​ដុល្លារ​អា​មេ​រិ​កមក​ហើយ ដែល​គិត​មក​ដល់​ពេល​នេះ ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​កម្ពុជា​មាន​ប្រមាណ​៣០០០​ហើយ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ តែ​ចំនួន​នេះ មិន​ទាន់​អាច​និយាយ​ថា​គ្រប់គ្រាន់​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​នៅឡើយ​ទេ ពោល​គឺ​ត្រូវការ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​វិស័យ​កសិកម្ម ដែល​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​ជា​វិស័យ​សំខាន់​មួយ ។

​លោក ស៊ុ​ង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដែល​ជា​វិស័យ​ឯកជន​មួយ​ក្នុង
វិស័យ​កសិកម្ម​បានឱ្យ​ដឹងផង​ដែរ​ថា បើ​ក្រឡេក​ទៅ​សណ្ឋាន​ដី​កម្ពុជា ធៀប​នឹង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ទាំង​តំបន់​អាស៊ាន​ផង​នោះ កម្ពុជា​គឺជា​ប្រទេស​កសិកម្ម​ដ៏​មាន​ស​សក្ដានុពល​មួយ ដូច្នេះ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ក្នុង​ការ​ផលិត​អាហារ សម្រាប់​ផ្គត់ផ្គង់​ទាំង​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស និង​បម្រើ​ឱ្យ​ការ​នាំ​ចេញ​ផង​ដែរ ។ ទន្ទឹម​នឹង​ឱ្យ​ការ​ផលិត​ទទួល​បាន​ជោគជ័យ និង​មាន​ផល​ចំណេញ​នោះ អ្វី​ដែល​សំខាន់​ត្រូវ​បន្ត គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​ដឹក​កសិផល​ពី​ស្រែ​ចំការ​ទៅ​កាន់​ទីផ្សារ ។ ក្រៅពី​នោះ​កម្ពុជា ត្រូវ​គ្រប់គ្រង​ការ​បម្រែបម្រួល​អាកាសធាតុ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កុំអោយ​ទិន្នផល​កសិកម្ម​ធ្លាក់​ចុះ​មក​នៅ​កម្រិត​ទាប ។

​លោក​បាន​បន្ត​ថា លោក​ចង់ឱ្យ​កសិករ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​អ៊ី​ន​ធើ​ណេ​ត​ប្រកប
ដោយ​ប្រសិទ្ធភាព និង​មាន​ប្រយោជន៍ ពីព្រោះ​ថា​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត និង​ស្មា​ត​ហ្វូ​ន​របស់​ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​នេះ ហាក់​មិន​ទទួល​បាន​ផលប្រយោជន៍​អ្វី​ជា​ដុំ​កំភួន ក្រៅ​តែ​ពី​ការ​កំសាន្ត​នោះ​ទេ ។ ​លោក​បាន​បន្ថែម​ថា «​កសិករ​គួរតែ​ប្រើប្រាស់ Apps មួយ ដើម្បី​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​បច្ចេកវិទ្យា​កសិកម្ម និង​ទីផ្សារ​ច្បាស់លាស់ ដើម្បី​កុំអោយ​ផលិត​ខុស​គោលដៅ ។ លោក​បន្ត​ថា « យើង​ចង់អោយ​កសិករ​កម្ពុជា ក្លាយជា​សហគ្រិន ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​កសិករ​របស់​គេ​ក្លាយជា​សហគ្រិន និង​អ្នក​ដែល​មាន​ចំណូល​ធូរធារ » ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ