កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​


រាជធានី​ភ្នំពេញ ៖ នៅ​ដើមឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ខណៈ​ដែល​ព្រឹត្តិការណ៍​នោះ​នឹង​ក្លាយ ជា​ផលិតផល​ទេសចរណ៍​ដ៏​ធំ​ថ្មី​មួយ​ទៀត​ប្រចាំឆ្នាំ​សម្រាប់​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​បំផុត​លើ​ពិភពលោក ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​បញ្ជាក់​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ដឹកនាំ​ដោយ លោក Bruno Bodard អគ្គនាយក ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​នា​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​នោះ​ក៏​មានការ​ពិភាក្សា​អំពី​ការ​រៀបចំ​នូវ​ព្រឹត្ដិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ។

លោក ថោ​ង ខុន បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​ការ​រៀបចំ​នូវ​ព្រឹត្ដិការណ៍ ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១​នេះ​ទាំង​លើ​ផ្នែក​បច្ចេកទេស រៀបចំ ការងារ​សម្រប​សម្រួល​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ការ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិ ការ​អន្ដរជាតិ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​អះអាង​ថា ព្រឹត្ដិការណ៍​នេះ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ដ៏​ធំ​ថ្មី​មួយ​ប្រចាំឆ្នាំ​សម្រាប់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ហើយ​ព្រឹត្ដិការណ៍​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​ពិភពលោក​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ធំ​ៗ​នានា​នៅ​ក្នុង​តំបន់​ដែល​ជា​ឱកាស​ដ៏​មាន តម្លៃ​សម្រាប់​ការ​ផ្សព្វផ្សាយ​នូវ​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ទាំង​ដែល​មាន​ស្រាប់ និង​តំបន់ ដែល​មាន​សក្ដានុពល​ទេសចរណ៍​នានា​ក្នុង​ខេត្ដ​តំបន់ឆ្នេរ​សមុទ្រ​ទាំង​បួន ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​កាន់តែ​ច្បាស់ និង​មក​លេង​កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កាន់តែ​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ