ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ត្រូវការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវតាមដានតាំងពីយប់ថ្ងៃទី៧ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែមិថុនា ទើបសមត្ថកិច្ចក្របួចបានទាំងអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបន្តថា ក្រោមការបញ្ជាដោយផ្ទាល់របស់លោក កម្លាំងអាវុធហត្ថខេត្តចំនួន៩នាក់ និងរថយន្តចំនួន៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង បានឃាត់ខ្លួនជនសង្ស័យនៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ កំពុងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបន្តទៀតថា រួចក៏ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន៤នាក់ ក្នុងនោះ១-ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះ វិន សិលា ភេទប្រុស អាយុ២៤ឆ្នាំ ៣-ឈ្មោះ សេង រតនា ភេទប្រុស អាយុ២៤ឆ្នាំ និង៤-ឈ្មោះយឹម សុខលី ភេទប្រុស អាយុ៣០ឆ្នាំ ។ ជនសង្ស័យទាំង៤នាក់មានទីលំនៅបច្ចុប្បន្ននៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ដោយឡែកវត្ថុតាង រួមមានរថយន្ត១គ្រឿង ម៉ូតូ១គ្រឿង រួមនឹងម្សៅពណ៌ស ដែលសង្ស័យជាថ្នាំញៀនចំនួន១១កញ្ចប់តូច-ធំ ៕
ចែករំលែកព័តមាននេះ