ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ស្នងការខេត្តបាត់ដំបង បញ្ជាក់ថា ពិតជា​កូនលោក​ស្នងការ​រង ​បើកបរ​រថយន្ត​បង្ក​ហេតុ​ពិតប្រាកដមែន

1 នាទី មុន

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចេញសេចក្តី​ប្រកាស​ព័ត៌មាន នៅថ្ងៃទី៣១ មីនានេះ​ថា កាលពី​យប់​ថ្ងៃ​ទី​២៧​ ខែមីនា ឆ្នាំ​២០២៦​…

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចេញសេចក្តី​ប្រកាស​ព័ត៌មាន នៅថ្ងៃទី៣១ មីនានេះ​ថា កាលពី​យប់​ថ្ងៃ​ទី​២៧​ ខែមីនា ឆ្នាំ​២០២៦​ វេលា​ម៉ោង​២២​និង​៤០​នាទី ​លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត លេខ 246-247 ស្ថិត​ក្នុង​ក្រុម​ទី​១២ ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​០១​គ្រឿង​ម៉ា​កមក​ស៊ី​ដេ​ស ​MERCEDESBENZ AMG GT53​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​២០២០ ​ពាក់​ផ្លា​ក​លេខ​កម្ពុជា​ C.S.6168 (​អ្នកបើកបរ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​) ជាមួយនឹង​ម៉ូតូ​ចំនួន​០២គ្រឿង​ ដែល​ម៉ូតូ​ទី​១​ ម៉ាក​ហុង​ឌី​ម ​HONDADREAM​ ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​បាត់ដំបង​1H-2105 ជិះ​គ្នា​ចំនួន ០៣នាក់ បណ្តាល​ឱ្យ​ស្លាប់​ចំនួន ០២​នាក់​ស្រី និង​រង​របួសធ្ងន់​ចំនួន ០១​នាក់​ប្រុស រីឯ​ម៉ូតូ​ទី​២ ម៉ាក​ហុងដា​ឌ្រី​ម HONDA DREAM ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ បាត់ដំបង 1S-1965 ជិះ​គ្នា​ចំនួន ០៣​នាក់​បណ្តាល​ឱ្យ​ស្លាប់​ចំនួន ០៣​នាក់​ប្រុស ​ចំនួន ០២​នាក់​ស្រី​ចំនួន ០១​នាក់ ។

អ្នកនាំពាក្យ បានអោយដឹងថា សរុប​ជន​រង​គ្រោះ​ស្លាប់​ ចំនួន​០៥​នាក់ ប្រុស​ចំនួន​០២​នាក់ ​ស្រី​ចំនួន​០៣​នាក់ ដែល​ក្នុង​នោះ​ស្រី​ម្នាក់​មាន គភ៌​ចំនួន​០៣​ខែ​ផង (​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​សព​) និង​រង​របួសធ្ងន់​ចំនួន ០១​នាក់​ប្រុស ជន​រង​គ្រោះ​ទាំងអស់ រស់នៅ​ភូមិ​កកោះ​ឃុំ​កកោះ ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​វិល​ត្រឡប់​មក​ពី​មើល ការ​ប្រគុំ​តន្ត្រី​មួយ​កន្លែង​ស្ថិត​នៅទីរួមស្រុក​មោងឫស្សី នា​រាត្រី​នោះ​ ។

អ្នកនាំពាក្យ បានអោយដឹងបន្តទៀតថា បន្ទាប់​ពី​កើតហេតុ​រួច​មក ​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី រួម​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាលការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ អ្នក​បើករថយន្ត បង្ក​គ្រោះថ្នាក់​បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ ដោយ​បន្សល់​ទុក​រថយន្ត​បង្ក​នៅ​ទីនោះ ​ហើយ​សមត្ថកិច្ច និង​អ្នកបាន​ជួយ​​សង្គ្រោះ​នាំ​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ និង​អ្នក​ស្លាប់​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព វាស់វែង​ពិនិត្យ​កន្លែងកើតហេតុ និង​ប្រមូល​ភស្តុ​តាង​នានា ​នៅ​កន្លែង​កើតហេតុ​ ។

អ្នកនាំពាក្យ បញ្ជាក់ថា តាម​រយៈ​ផ្លា​ក​លេខ​រថយន្ត កម្ពុជា ​C.S.6168 សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ឃើញ​អត្តសញ្ញាណ ម្ចាស់​រថយន្ត​មានឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ភេទ​ប្រុស​ឆ្នាំ កំណើត ០២.១២.២០០៦ មាន​ទីលំនៅ​ផ្ទះ​លេខ ១៧ ផ្លូវ លេខ ១២ ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​នគរបាល​ បាន​ចាត់វិធានការ​ស្រាវជ្រាវ​ស្រប​តាម​ជំនាញ​ស្រប​តាម​នីតិវិធី​ជា​បន្តបន្ទាប់ លុះដល់ ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច​នគរបាល​បាន​ទំនាក់ទំនង​ទៅ​ឈ្មោះ ស៊ីវ សុ​ជាតិ ជា​ឳ​ពុក​របស់ឈ្មោះ​ស៊ីវ ជ័យ​សិ​ដ្ឋ ដើម្បី​ឱ្យ​គាត់​សហការ​បញ្ជាក់​ពី​ករណី​នេះ​ក្នុង​នោះ​គាត់​បាន​បញ្ជាក់​ថា រថយន្ត​ម៉ា​កមក​ស៊ី​ដេ​ស MERCEDESBENZ AMG GT53 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២០​ពាក់​ផ្លា​ក​លេខ កម្ពុជា​ C.S.6168 គឺជា​កម្ម​សិទ្ធ​របស់​កូន គាត់​ឈ្មោះ​ ស៊ីវ ជ័យ​សិ​ដ្ឋ ប្រាកដ​មែន នៅ​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ​២០២៦​ គាត់​បានដឹង​ថា​ កូន​គាត់​នេះ​បើករថយន្តខាងលើ ចេញពី​ភ្នំពេញ មក​ផ្លូវ​បាត់ដំបង មិន​ទៅ​តាម​ផ្លូវ​សៀមរាប​ទេ ហើយ​ថ្ងៃ​ដដែល​គាត់​បាន​ទទួល​ទូរសព្ទ​ពីប្រពន្ធ​គាត់​ប្រាប់​ថា កូន​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបាត់ដំបង ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ គាត់មិន​បាន​ទទួល​ដំណឹង​ថា កូន​របស់​គាត់​ស្ថិត​នៅ​ទីណា​នោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​ស្នើ​ឱ្យឈ្មោះ ស៊ីវ សុ​ជាតិ មន្ត សហការ​ជាមួយ​សមត្ថកិច្ច​ ក្នុង​ការ​ស្វែងរក​កូន​របស់​គាត់​មក​ទទួលខុសត្រូវ​លើ​ករណី​នេះ​ ។

ក្រៅពី​ការ​កសាង​សំណុំរឿង​ស្រប​តាម​ជំនាញ ស្រប​តាម​នីតិវិធី មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នគរបាល​បន្ត ​៖ ប្រមូល​ភស្តុ​តាង​បន្ថែម​ទៀត​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ​នៅ​តាម​ដងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ​មក​ខេត្តបាត់ដំបង និងប្រភព​ផ្សេង​ៗ​ទៀត ​ដែល​អាច​វាយតម្លៃ​ និង​សន្និដ្ឋាន​បាន​ថា ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ពិតជា​បាន​បើកបរ​រថយន្ត​ខាងលើ បង្ក​គ្រោះថ្នាក់​បណ្តាល​ឱ្យ​ស្លាប់​ និង​របួស​ជន​រង​គ្រោះ​ដូច​ខាងលើ​ ហើយ​ខណៈ​ពេល​នេះ ​សមត្ថកិច្ច​កំពុង​សហការ ស្វែងរក​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ យក​មក​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ