រាជធានីភ្នំពេញ ៖ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ព្រះសង្ឃ និងសិស្សនិស្សិត ដែលជាសមាជិកសមាជិកាបក្សប្រជាជននៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវបានរៀបចំកម្មវិធីហូបនំបញ្ចុក សាមគ្គីជាតិចំនួន៤១កន្លែងនៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ។

ការហូបនំបញ្ចុក នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់នាំគ្នាហូបនំបញ្ចុកសាមគ្គីជាតិ និងឯកភាពជាតិនៅថ្ងៃទី៩ ខែមិថុនា នេះជាការឆ្លើយតបទៅនឹងយុទ្ធនាការ«ហូបនំបញ្ចុក»របស់អតីតបក្សប្រឆាំងដែលបានប្រើប្រាស់ជាយុទ្ធនាការ ហូបនំបញ្ចុក ដើម្បីកៀរគរកម្លាំងអតីតសមាជិកបក្ស CNRP ដែលបានស្លាប់ទៅហើយនោះ ។

នៅព្រឹកនេះដែល អាជ្ញាធរមូលដ្ឋាននៅតាមភូមិ សង្កាត់ ខណ្ឌនានា អង្គភាព វត្តអារាម វិហារអ៊ិស្លាម សាលារៀន នៅក្នុងរាជធានីភ្នំពេញក៍បាននាំរៀចំពិធីហូបនំបញ្ចុកសាមគ្គីជាតិនិងឯកភាពជាតិយ៉ាងផុសផុលផងដែរ។

នៅក្នុងឱកាសនោះដែរ លោកជា ពិសី អភិបាលខណ្ឌបានអោយដឹងថា នំបញ្ចុក ជាអាហារប្រពៃណី និងជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែប៉ុន្មានខែក្រោយនេះ ក្រុមអតីតគណបក្សសង្គ្រោះជាតិ បានយក«នំបញ្ចុក»មកប្រើផលប្រយោជន៍នយោបាយរបស់ខ្លួន ។

លោកអភិបាលក៏បានអោយដឹងទៀតថា ការរៀបចំកម្មវិធីហូបនំបញ្ចុកដើម្បីបង្ហាញពីការសាមគ្គីជាតិ មិនមែនជាការបែកបាក់ជាតិនោះទេ ។ ម្យ៉ាងទៀត ការហូបនំបញ្ចុក ជាការអបអរសាទរលទ្ធផលបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល គជប បានប្រកាសកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ គឺគណបក្សប្រជាជនទទួលបានជាប្រធានក្រុមប្រឹក្សាទាំងអស់នៅទូទាំងប្រទេស។

លោកអភិបាលខណ្ឌបានបន្តទៀតថា នៅថ្ងៃនេះ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវមានការរៀបចំកម្មវិធីហូបនំបញ្ចុកចំនួន៤១កន្លែង ក្នុងនោះ នៅសាលាខណ្ឌចំនួនមួយកន្លែង នៅសង្កាត់ចំនួន៦កន្លែង តាមភូមិចំនួន៣០កន្លែង វិហារអ៊ិស្លាមចំនួនមួយកន្លែង សាលារៀនចំនួន២កន្លែង និងមន្ទីរពេទ្យសម្តេចឪចំនួនមួយកន្លែង ដែលមានមន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមប្រមាណជាង៦ពាន់នាក់៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ