ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ភ្លាមត្រជាក់​ភ្នែកណាស់​! ដែន​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​ទាក់ទាញ​បំផុត​របស់​កម្ពុជា

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដែន​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​ទាក់ទាញ​បំផុត​របស់​កម្ពុជា​គឺ «​ព្រែក​ទាល់​» ជា​តំបន់ជីវៈ​ចម្រុះ​មួយ​ក្នុង​ចំណោម​បី​របស់​បឹង​ទន្លេសាប ដែល​ទី​នេះ​ស្ថិត​នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយ​ត្រូវធ្វើ​ដំណើរ​តាម​កាណូត​លើ​ផ្លូវទឹក​ចេញពី​ស្ទឹង​សង្កែ​ក្រុង​-​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ ដែន​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​ទាក់ទាញ​បំផុត​របស់​កម្ពុជា​គឺ «​ព្រែក​ទាល់​» ជា​តំបន់ជីវៈ​ចម្រុះ​មួយ​ក្នុង​ចំណោម​បី​របស់​បឹង​ទន្លេសាប ដែល​ទី​នេះ​ស្ថិត​នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយ​ត្រូវធ្វើ​ដំណើរ​តាម​កាណូត​លើ​ផ្លូវទឹក​ចេញពី​ស្ទឹង​សង្កែ​ក្រុង​-​ខេត្តបាត់ដំបង ត្រូវ​ចំណាយពេល​ប្រមាណ​ជិត​៤​ម៉ោង​ក្នុង​ចម្ងាយ​ផ្លូវទឹក​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន​តាម​ផ្ទៃ​ទឹក ដូច​ជា វត្ត​ឈើខ្មៅ​ជាដើម ។

ដោយ​ប្រជាជន​មាន​ជំនឿ​ថា តួ​វិហារ​វត្ត​នេះ​មិន​ចេះ​លិច​ទឹក​ឡើយ គឺ​អណ្តែត​តាម​ទឹក​ឡើង ទោះបី​មានទឹក​ឡើង​ខ្លាំង​លិច​តំបន់​ផ្សេង​ៗ​អស់​ក៏​ដោយ ហើយ​ក៏​ជា​ព្រំប្រទល់​ក្នុង​បឹង​ទន្លេសាប​ជាមួយ​ខេត្តសៀមរាប និង​ពោធិសាត់​ផង​ដែរ បើ​យើង​ទៅ​ដល់​ព្រែក​ទាល់ ហើយ ចង់ទៅ​សៀមរាប​ជា​ការ​ងាយ​បំផុត ដោយ​ត្រូវ​ប្រើ​ពេល​ជិត​២​ម៉ោង យើង​អាច​ឡើង​នៅ​ចំណុច​ភ្នំ​ក្រោម ក្នុង​ខេត្តសៀមរាប​បាន ។

តាម​ឯកសារ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា ជាមួយនឹង​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​គួរ​ឲ្យ​ទាក់ទាញ​ព្រែក​ទាល់​បាន​ក្លាយទៅជា​តំបន់​មួយ ដែល​ទទួល​បាន​ភ្ងៀ​វ​ទេសចរ​ជា​ច្រើន​រៀង​រាល់​ឆ្នាំ ហើយ​ទី​នេះ​ជា​កន្លែង​មួយ​ដែល​ប្រមូលផ្ដុំ​នូវ​សត្វ​ស្លាប​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​មក​រស់នៅ​យ៉ាងច្រើន​សម្បើម និង​បង្កើត​ជា​សម្បុក​រស់នៅ​យ៉ាង​គួរ​ឲ្យ​ចង់​ទស្សនា​ដែល​មាន​ច្រើន​នៅ​ក្នុង​ចន្លោះ​ខែធ្នូ ដល់​ខែកុម្ភៈ ហើយ​ភ្ញៀវ​ទេសចរ​នឹង​បានឃើញ​ការ​ប្រមូលផ្ដុំ​ដ៏​អស្ចារ្យ​របស់​សត្វ​បក្សី​នានា ដូចដែល​អ្នក​តែងតែ​ឃើញ​នៅ​ក្នុង​រូបភាព​វី​ឌី​អូ​ឯកសារ​សត្វ​នោះ​ផង​ដែរ ។

នៅ​ពេល​ដែល​ទឹក​នា​តំបន់​ផ្សេង​ចាប់ផ្ដើម​ស្រក សត្វ​បក្សី​មក​ពី​គ្រប់​ទិស​ទី​បាន​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ ហើយ​បក្សី​ទាំងនោះ​នៅ​តែ​បន្ត​រស់នៅ​ក្នុង​តំបន់​នេះ​រហូត​ដល់​ចុងខែ​កុម្ភៈ ប៉ុន្តែ​ទឹក​មិនសូវ​ជា​ច្រើន​ដូច​ពេល​មុន​ប៉ុន្មាន​នោះ​ទេ ហើយ​លោក​អ្នក​ក៏​អាច​ឃើញ​មាន​សត្វ​ទាំងនេះ​ផង​ដែរ​នៅ​ក្នុង​អំឡុង​ខែកញ្ញា ប៉ុន្តែ​វា​មិនសូវ​មាន​ចំនួន​ច្រើន​ប៉ុន្មាន​ដូច​ខែ​ទឹក​ស្រក​នោះ​ទេ ។

អ្នកជំនាញ​បាន​បញ្ជាក់​ថា ពេលវេលា​ដែល​ល្អ​បំផុត សម្រាប់​ការ​ទស្សនា​សត្វ​នៅ​ទី​នេះ គឺ​ពេល​ព្រឹក​ព្រលឹម និង​ពេល​រសៀល ដូច្នេះ​បើ​អស់លោក​អ្នក​ចង់​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​សត្វ​ស្លាប​ទាំងនេះ អ្នក​ត្រូវ​តែ​ចំណាយពេល​មួយ​យប់ ក្នុង​ការ​ស្នាក់ នៅ​ក្នុង​តំបន់​ព្រែក​ទាល់ ដែល​លោក​អ្នក​អាច​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ការិយាល័យ​បរិស្ថាន​ព្រែក​ទាល់​បាន​ជាមួយនឹង​ការ​រៀប​ចំការ​ស្នាក់​នៅ​បែប​សាមញ្ញ ប៉ុន្តែ​អាច​ទទួលយក​បានជា​មួយ​តម្លៃ​ចន្លោះ​១៥​ទៅ​២០​ដុល្លា​តែ​ប៉ុណ្ណោះ ។ សម្រាប់​ការ​ចំណាយ​របស់​អ្នក​នៅ​តំបន់​ទេសចរណ៍​ព្រែក​ទាល់ គឺ​មាន​ន័យ​ថា លោក​អ្នក​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​លើ​វិស័យ​អប់រំ និង​អភិរក្ស​ស្រឡាញ់​ទីនោះ​សប្បាយ​ជាមួយ​សត្វ​បក្សី​នៅ​តំបន់​នោះ​យ៉ាង​ប្លែក​ភ្នែក​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ