ចក្រភពអង់គ្លេស ៖ លោក Brooklyn Beckham បានប្រកាសជាសាធារណៈហើយថាមិនចង់ផ្សះផ្សាទំនាក់ទំនងប្រេះឆាជាមួយគ្រួសារខ្លួននោះទេ ដោយថែមទាំងបានចោទប្រកាន់ឪពុកម្តាយ គឺលោក David Beckham អ្នកស្រី Victoria Beckham ថារៀបចំផែនការដើម្បីបង្កាច់បង្ខូចខ្លួនលើប្រព័ន្ធផ្សព្វផ្សាយ និងព្យាយាមបំផ្លាញអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនាង Nicola Peltz ដែលជាប្រពន្ធ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Instagram ដ៏វែង និងគួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ Brooklyn វ័យ ២៦ ឆ្នាំ បានទម្លាយពីជម្លោះគ្រួសារ ដែលត្រូវបានគេសង្ស័យថា កើតឡើងជាយូរមកហើយជាលើកដំបូង ដោយបានបញ្ជាក់ថា រូបគេកំពុងតែក្រោកឈរឡើងដើម្បីខ្លួនឯង។ Brooklyn ដែលជាកូនប្រុសច្បងរបស់អតីតកីឡាករបាល់ទាត់ឆ្នើមក្រុមជម្រើសជាតិអង់គ្លេស David Beckham និងអ្នករចនាម៉ូដដ៏ល្បីអង់គ្លេស អ្នកស្រី Victoria បានអះអាងថា ឪពុកម្តាយរបស់គេបានបង្កើតរឿងរ៉ាវជាច្រើនលើបណ្តាសារព័ត៌មានអស់ពេលជាច្រើនឆ្នាំ ដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អ និងម៉ាកយីហោជំនួញត្រកូល Beckham នៅក្នុងក្រសែភ្នែកសាធារណៈ។
Brooklyn បានសរសេរដូច្នេះថា «ខ្ញុំនៅស្ងៀមអស់ពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែឪពុកម្តាយខ្ញុំ និងក្រុមរបស់គាត់នៅតែបន្តនិយាយពីនេះពីនោះទៅកាន់សារព័ត៌មាន ដែលធ្វើឱ្យខ្ញុំគ្មានជម្រើសអ្វីក្រៅពីនិយាយវាដោយខ្លួនឯងនោះទេ»។ ពាក់ព័ន្ធនឹងរឿងអាស្រូវអាពាហ៍ពិពាហ៍ Brooklyn អះអាងថា ឪពុកម្តាយគេបានព្យាយាមគ្មានទីបញ្ចប់ ដើម្បីបំផ្លាញទំនាក់ទំនងរបស់ខ្លួនជាមួយ Nicola ដែលជាកូនស្រីមហាសេដ្ឋីអាមេរិក លោក Nelson Peltz តាំងពីមុនពេលពួកគេរៀបការនៅឆ្នាំ ២០២២ មកម្ល៉េះ។
Brooklyn ថែមទាំងអះអាងដែរថា ទាំងឪពុកម្តាយបានទទូចឱ្យគេចុះហត្ថលេខាមុនថ្ងៃរៀបការ ជាមួយលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀង ខណៈដែលការពន្យារពេលចុះហត្ថលេខាបានប៉ះពាល់ដល់ថ្ងៃបើកប្រាក់ខែរបស់គេ ហើយចាប់តាំងពីពេលនោះ ឪពុកម្តាយគេលែងធ្វើល្អចំពោះគេដូចពីមុន ជាមួយនឹងរឿងដ៏ចម្រូងចម្រាសដែលបានកើតជាច្រើនផ្សេងទៀតផងដែរ។ លើសពីនេះ Brooklyn បានអះអាងថា បងប្អូនបង្កើតរបស់គេត្រូវបានជំរុញឱ្យវាយប្រហារគេលើបណ្តាញទំនាក់ទំនងសង្គមថែមទៀតផង។
Brooklyn ក៏បានបញ្ជាក់ដែរថា Nicola មិនទទួលបានការគោរពពីគ្រួសារ ដោយមិនត្រូវបានឱ្យចូលរួមពិធីខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់លោក David Beckham។ Brooklyn និយាយថា «គ្រួសារខ្ញុំផ្តល់តម្លៃដល់ការផ្សព្វផ្សាយជាសាធារណៈ និងការគាំទ្រលើសពីអ្វីៗទាំងអស់។ ម៉ាកយីហោ Beckham តែងមកមុនគេ។ សេចក្តីស្រឡាញ់របស់គ្រួសារត្រូវបានសម្រេចដោយចំនួននៃការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬល្បឿនដែលអ្នកលះបង់អ្វីៗគ្រប់យ៉ាងដើម្បីបង្ហាញខ្លួន និងថតរូបគ្រួសារ ទោះប៉ះពាល់ដល់កាតព្វកិច្ចវិជ្ជាជីវៈរបស់យើងក៏ដោយ។ ហើយរឿងរ៉ាវដែលថា ប្រពន្ធខ្ញុំគ្រប់គ្រងខ្ញុំគឺផ្ទុយស្រឡះ។ ខ្ញុំត្រូវបានគ្រប់គ្រងដោយឪពុកម្តាយខ្ញុំអស់ពេលភាគច្រើននៃជីវិតរបស់ខ្ញុំ»។
អ្នកថតរូបជំនាញ និងជាអតីតតារាម៉ូដែលរូបនេះ បានបន្តទៀតថា «ខ្ញុំធំឡើងជាមួយការថប់បារម្ភយ៉ាងខ្លាំង។ ជាលើកដំបូងក្នុងជីវិតខ្ញុំ តាំងពីចាកចេញពីគ្រួសារខ្ញុំ ការថប់បារម្ភទាំងនោះបានបាត់ទៅវិញ។ ខ្ញុំភ្ញាក់ពីដំណេករាល់ព្រឹកដោយដឹងគុណចំពោះជីវិតដែលខ្ញុំបានជ្រើសរើស ហើយរកឃើញសន្តិភាព និងការធូរស្បើយ។ ខ្ញុំ និងប្រពន្ធមិនចង់បានជីវិតបង្កើតឡើងដោយរូបភាព សារព័ត៌មាន ឬការរៀបចំនោះទេ។ អ្វីដែលយើងចង់បានគឺសន្តិភាព ភាពឯកជន និងសុភមង្គលសម្រាប់យើង និងគ្រួសារនាពេលអនាគតរបស់យើង»៕ ប្រភព ៖ The Guardian និង VnExpress




ចែករំលែកព័តមាននេះ