កាសែត «Beijing Youth Daily» របស់ចិនផ្សាយថា «Badaling» ជាទីតាំងទេសចរណ៍របស់ចិន និងជាផ្នែកមួយនៃកំផែងចិនស្ថិតនៅក្រុងប៉េកាំង នឹងកំណត់ចំនួនភ្ញៀវទេសចរឲ្យចូលទស្សនាក្នុងមួយថ្ងៃមិនឲ្យលើសពី៦៥.០០០នាក់ ចាប់ផ្ដើមកាលពីថ្ងៃទី១ មិថុនាតទៅ ។
កំផែង«Badaling» ស្ថិតនៅស្រុកយៀនឈីង ឆ្ងាយពីប៉េកាំងប្រហែល៦០គីឡូម៉ែត្រ បានទទួលចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ ។ ចាប់ពីខែមិថុនាតទៅមានចុះបញ្ជីក្នុងការទិញសំបុត្រ ដើម្បីគ្រប់គ្រងការកក់សំបុត្រទុកជាមុន អតិថិជនអាចកក់សំបុត្រទុកមុនបាន៧ថ្ងៃតាមប្រព័ន្ធ«www.badaling.cn» និង«WeChat» ។
ក្នុងឆ្នាំ២០១៨កំផែងនេះមានភ្ញៀវចូលទស្សនាជាង៩,៩លាននាក់ ប៉ុន្តែចំនួនភ្ញៀវមានភាពខុសប្លែកគ្នារវាងរដូវទេសចរណ៍ និងមិនមែនរដូវទេសចរណ៍ អាជ្ញាធរចាំបាច់ត្រូវបង្កើតប្រព័ន្ធការកក់សំបុត្រទុកមុន និងកំណត់ចំនួនភ្ញៀវចូលទស្សនា ។
លើកំផែងBadaling មានបំពាក់ប្រព័ន្ធប្រកាសអាសន្ន៣កម្រិតសម្រាប់ភ្ញៀវចូលទស្សនា ដោយកម្រិតពណ៌លឿងនៅពេលចំនួនភ្ញៀវកើនដល់៣៩.០០០នាក់ ពណ៌ទឹកក្រូចនៅពេលភ្ញៀវកើនដល់៥២.០០០នាក់ និងពណ៌ក្រហមភ្ញៀវឡើងដល់៦៥.000នាក់ ។
ក្រៅពីទីកន្លែងមួយនោះក៏នៅមានទីតាំងទេសចរណ៍ជាច្រើនទៀតបានកំណត់ចំនួនភ្ញៀវចូលទស្សនាក្នុងមួយថ្ងៃ ដូចជានៅសារមន្ទីរ «GuGong» ក្នុងអតីតព្រះរាជវាំងជាដើម ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ