ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កោះ​ហៅប្រទេស​ខ្លះ​ទៅតវ៉ា​ករណីបញ្ចេញ​មតិ​អវិជ្ជ​មាន​លើ​ការ​កាត់​ទោស​សេដ្ឋី​ហុង​កុង

24 វិនាទី មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ​ ប្រទេស​ចិន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស១​​ចំនួន​ទៅ​ឆ្លើយ​បំភ្លឺ និង​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ករណី​ដែល​ពួក​គេ​ធ្វើអត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទោស​លោក​​ជីមី​ឡៃ​ (Jimmy Lai) ​ជា​អតីត​ចាង​ហ្វាង​សារ​ព័ត៌​មាន​អេផល​ ដេលី (Apple Daily)​…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ​ ប្រទេស​ចិន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស១​​ចំនួន​ទៅ​ឆ្លើយ​បំភ្លឺ និង​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ករណី​ដែល​ពួក​គេ​ធ្វើអត្ថា​ធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទោស​លោក​​ជីមី​ឡៃ​ (Jimmy Lai) ​ជា​អតីត​ចាង​ហ្វាង​សារ​ព័ត៌​មាន​អេផល​ ដេលី (Apple Daily)​ ដែល​​​គាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​តែង​តែ​រិះគន់​រដ្ឋាភិបាល​ចិន​។ គាត់​ត្រូវ​តុលា​ការ​ទី​ក្រុង​ហុង​កុង​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​ម្ភៃ​ឆ្នាំ​ពី​បទ​ឃុប​ឃិត​ជា​មួយ​បរទេស​ និង​ពី​បទ​ផ្សព្វ​ផ្សាយ​អត្ថ​បទ​ញុះញង់​ឱ្យ​មាន​អំពើ​បះ​បោរ​។

ការិយាល័យ​ទំនាក់​ទំនង​ការ​បរទេស​ចិន​ប្រចាំ​ទី​ក្រុង​ហុង​កុង​ថ្លែង​ថា​ខ្លួន​បាន​កោះ​ហៅ​អ្នក​គ្រប់​គ្រង​ស្ថាន​បេសក​កម្ម​របស់​អង់គ្លេស អាមេរិក អូស្ត្រាលី និង​សហ​ភាព​អឺរ៉ុប​ដែល​បាន​បញ្ចេញ​មតិ​បែប​អវិជ្ជ​មាន​ចំពោះ​ដំណើរ​ការ​កាត់​ក្ដី​លោក​ជីមី​ឡៃ​។ ការិយាល័យ​ដដែល​នេះ​ថ្លែង​ថា​ខ្លួន​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ និង​សូម​ប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​ការ​បញ្ចេញ​មតិ​នោះ។

ការិយាល័យ​សូម​​ឱ្យ​រដ្ឋា​ភិបាល​ប្រទេស​ទាំង​នោះ​គោរព​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ចិន និ​ង​គោរព​ប្រព័ន្ធ​នីតិ​រដ្ឋ​នៅ​ទី​ក្រុង​ហុង​កុង​ ព្រម​ទាំង​ឈប់​ធ្វើ​អត្ថា​ធិប្បាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិ​សុខ​ជាតិ និង​ឈប់​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​​ទី​ក្រុង​ហុង​កុង និង​ប្រទេស​ចិន​។ ក្រោយ​ការ​កាត់​ទោស​លោក​ជីមី​ឡៃ ក្រុម​បស្ចិម​ប្រទេស​ចោទ​ជា​សំណួរ​អំពី​ឯក​រាជ្យ​ភាព​របស់​​ប្រព័ន្ធ​តុលាការ​នៅ​​ទី​ក្រុង​ហុង​កុង និង​សម្ដែង​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​​​ការ​ដាក់​ទោស​ធ្ងន់​ពេក​រហូត​ដល់​ម្ភៃ​ឆ្នាំ​ប្រៀប​បាន​នឹង​ឱ្យ​លោក​ជី​មី​ឡៃ​ស្លាប់​នៅ​ក្នុង​គុក​តែ​ម្ដង​ព្រោះ​គាត់​អាយុ​៧៨​ឆ្នាំ និង​មាន​ជំងឺ​ធ្ងន់​ៗ​ប្រចាំ​កាយ​ដូច​ជា​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះ​ដូង​ជា​ដើម​។

នៅអំឡុង​ពេល​ជួប​គ្នា​រវាង​អ្នក​តំណាង​ប្រទេសចិនជាមួយ​អ្នក​តំណាង​ស្ថានបេសក​កម្ម​ប្រទេស​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មន្ត្រី​រដ្ឋាភិបាល​ចិន​សម្ដែង​​ការ​​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ហើយ​ក៏​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ផង​ដែរ​ទៅ​នឹង​ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​ពួក​គេ​​។ មន្ត្រី​​រដ្ឋាភិបាល​​ចិន​ចាត់​ទុកថា​ការ​បញ្ចេញ​មតិ​ទាំង​នោះ​ប្រៀប​បាន​នឹង​ការ​ធ្វើ​ផ្គើន​ដាក់​ប្រព័ន្ធ​យុត្តិ​ធិការ​របស់​ទី​ក្រុង​ហុង​កុង​ដូច្នោះ​ដែរ​។ តាម​រយៈ​ការ​កោះ​ហៅ​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​ទៅ​ឆ្លើយ​បំភ្លឺ និង​សម្ដែង​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដូច​ខាង​លើ​នេះ​​ ​​ប្រទេស​​ចិន​​ចង់​ផ្ញើ​សារ​នយោបាយ​ឱ្យ​បាន​ច្បាស់​ៗ​ប្រាប់​ទៅ​ពួក​គេ​ថា​រាល់​ការ​ដាក់​សម្ពាធ​ពី​ខាង​ក្រៅ​ទៅ​លើ​កិច្ច​ការ​ច្បាប់​នៅ​ក្នុ​ងដែន​សមត្ថ​កិច្ច​របស់​ចិន​​នឹង​មិន​ត្រូវ​បាន​អត់​ឱន​​ជា​ដាច់​ខាត​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ