ប្រទេសជប៉ុន៖ យោងទៅតាមភ្នាក់ងារសារព័ត៌មាន Asia Focus ដែលបានចេញផ្សាយកាលពីថ្ងៃទី៣ មិថុនា កន្លងមកបានឲ្យដឹងថា ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចម៉ាក្រូរបស់អាស៊ានបូកបី (Amro) បានប្រាប់ថា អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ត្រូវតែកសាងសមត្ថភាព និងភាពតភ្ជាប់បន្ថែមដើម្បីទាញអត្ថប្រយោជន៍ពីការធ្វើបដិវត្ដន៍ឧស្សាហកម្មទីបួន និងរក្សាការលូតលាស់ក្នុងបែបបទសេដ្ឋកិច្ចថ្មី ។
សេដ្ឋវិទូមកពី Amro បានឲ្យដឹងថា តំបន់នេះនៅជួបប្រទះឧបសគ្គរយៈពេលមធ្យម និងវែងដូចជាការអន់ថយនៃប្រសិទ្ធិភាពផលិតកម្ម និងការវិនិយោគក្នុងករណីមួយចំនួនដែលមិនល្អប្រសើរឡើងតាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៧ មក ។ ប្រសិនបើមិនត្រូវបានដោះស្រាយទេនោះ បញ្ហាទាំងនេះនឹងប៉ះពាល់ដល់ការលូតលាស់និងរីកចម្រើន ។
លោក Hoe Ee Khor ដែលជាប្រធានសេដ្ឋវិទូនៅ Amro បានឲ្យដឹងថា ការអន់ថយនៃប្រសិទ្ធិភាពផលិតកម្មគឺជាការព្រមានថាផលិតកម្មសម្រាប់ការនាំចេញដែលបានជំរុញដល់ការរីកចម្រើនអស់រយៈពេលជាច្រើនទសវត្សមកនេះមិនគ្រប់គ្រាន់សម្រាប់ការលូតលាស់ដែលមានចិរភាពទេ ។ លោកបានបន្តថា ការងាកទៅវិស័យសេវាកម្មគឺចៀសមិនផុតទេ ។
លោកបានកត់សម្គាល់ថា GDP របស់តំបន់អាស៊ានបូកបីលូតលាស់យ៉ាងលឿន ដែលនៅឆ្នាំ ២០១៨ ស្មើ ២៣.៨%នៃ GDP ពិភពលោក ឬ ១៩.៩ទ្រីលានដុល្លារ ។ ចំនួននេះត្រូវបានគិតថានឹងកើនដល់ ៤០ទ្រីលានដុល្លារ ឬ២៩%នៃ GDP រួមក្នុងឆ្នាំ ២០៣៥ ។ Amro ព្យាករណ៍ថា GDP របស់អាស៊ាននឹងកើនដល់ ៧.៨ទ្រីលានដុល្លារ ឬ ៥.៧%នៃ GDP ពិភពលោកផងដែរ ។
លោក Hoe Ee Khor ដែលជាប្រធានសេដ្ឋវិទូនៅ Amro បានឲ្យដឹងថាសេដ្ឋកិច្ចនាពេលអនាគតនឹងមានរូបរាងខុសប្លែកយ៉ាងខ្លាំងព្រោះវិស័យផលិតកម្មនិងសេវាកម្មត្រូវបានកែទម្រង់ដោយបច្ចេកវិទ្យាថ្មី ។ វិស័យផលិតកម្មនឹងបន្តអន់ថយខណៈដែលវិស័យសេវាកម្មនឹងក្លាយជាកត្តាជំរុញសំខាន់ជាងគេដល់សេដ្ឋកិច្ច ។
យោងទៅតាមលោក Khor បានឲ្យដឹងថា មានកត្តាជំរុញបីសម្រាប់សេដ្ឋកិច្ចថ្មី។ កត្តាទីមួយគឺបច្ចេកវិទ្យាថ្មីៗដូចជា Artificial Intelligence, ការធ្វើស្វ័យប្រវត្តិកម្ម, 5G និង Internet of Things (IoT) ។ កត្តាទីពីរគឺកត្តាប្រជាសាស្ត្រដែលប្រជាជនកាន់តែកើនអាយុ ខណៈដែលប្រជាជនថ្នាក់កណ្តាលកើនឡើងដែលជំរុញដល់ការធ្វើនគរភាវូបនីយកម្ម និងតម្រូវការផលិតផលនិងសេវាកម្មដែលកាន់តែប្រសើរជាងមុន ។
កត្តាចុងក្រោយគឺការប្រឆាំងនឹងការធ្វើសកលភាវូបនីយកម្មដែលកើតមានឡើងនៅលោកខាងលិចដែលនឹងប៉ះពាល់ដល់ការលូតលាស់ជុំវិញពិភពលោកក្នុងរយៈពេលខ្លី។ ប៉ុន្តែនៅរយៈពេលវែង កត្តាប្រជាសាស្ត្រនឹងជាកត្តាដែលជះឥទ្ធិពលជាងគេដល់ការលូតលាស់នៃទ្វីបអាស៊ី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ