ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​ថៃ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ជាង ១០% នៅ​ឆ្នាំ​ក្រោយ

1 ម៉ោង មុន

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៧ លាន​តោន នៅ​ឆ្នាំ ២០២៦ ពី​ប្រហែល…

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៧ លាន​តោន នៅ​ឆ្នាំ ២០២៦ ពី​ប្រហែល ៨ លាន​តោន នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ការ​ឡើងថ្លៃ​ប្រាក់​បាត​កាន់តែ​ខ្ពស់​ធ្វើ​ឱ្យ​ពិបាក​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ការ​ផ្គត់ផ្គង់​របស់​ប្រទេស​ឥណ្ឌា​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មី​ៗ​នេះ លោកស្រី អា​រ៉ា​ដា ហ្វួ​ង​តុង (Arada Fuangtong) ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​លើក​ឡើង​ថា រូបិយប័ណ្ណ​ថៃ​បច្ចុប្បន្ន​មាន​កម្រិត​ខ្ពស់​ជាង​រូបិយប័ណ្ណ​របស់​ប្រទេស​ជា​ដៃគូ​ប្រកួតប្រជែង​ពី ១០ ទៅ ២០%​។ លោកស្រី​បាន​បន្ថែម​ថា បើ​ប្រាក់​បាត​បន្ត​ឡើងថ្លៃ វា​នឹង​បង្ក​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ផលិតផល​កសិកម្ម​ក្នុងស្រុក​។

លោកស្រី​បាន​កត់​សម្គាល់ថា កិច្ចព្រមព្រៀង​លក់​អង្ករ​ចំនួន ៥០ ម៉ឺន​តោន​ទៅ​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​។ កាលពី​ខែ​មុន ប្រទេស​ថៃ​ក៏​បាន​យល់ព្រម​ផ្គត់ផ្គង់​អង្ករ​រហូត​ដល់ ១០ ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ក្នុង​រយៈពេល ៥ ឆ្នាំ​។ ថៃ​ក៏​កំពុង​ស្វែងរក​ការ​ពង្រីក​ការ​នាំ​ចេញ​អង្ក​រស និង​អង្ករ​ស្ងោ (Parboiled Rice) ទៅ​កាន់​ប្រទេស​អ៊ី​រ៉ា​ក់ អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​ដទៃ​ទៀត​នៅ​មជ្ឈិមបូព៌ា រួម​ទាំង​អាហ្វ្រិក​ផង​ដែរ​។

ប្រទេស​ថៃ​ក៏​មាន​គម្រោង​ស្វែងរក​ឱកាស​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ស្វី​ស និង​សហរដ្ឋអាមេរិក​សម្រាប់​ពូជ​អង្ករ​លំដាប់​ខ្ពស់​ក្រោម​គម្រោង «​ខាវ​ប្រា​នៀ​ត​» (Khaopraneat) ដែល​លើកកម្ពស់​អង្ករ​ថៃ​ជា​ផលិតផល​វប្បធម៌​មាន​រសជាតិ អត្តសញ្ញាណ និង​តម្លៃ​ពិសេស​។

លោកស្រី អា​រ៉ា​ដា បាន​បន្ថែម​ថា នៅ​ក្នុង​ឆ្នាំ ២០២៥ ការ​ដឹក​ជញ្ជូន​អង្ករ​របស់​ថៃ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ឈាន​ដល់ ៧,៨៨ ទៅ ៨ លាន​តោន លើស​ពី​គោលដៅ ៧,៥ លាន​តោន ដោយសារ​តម្រូវការ​ខ្លាំង​នៅ​ចុងឆ្នាំ​។ ទោះជា​យ៉ាងណា​ក៏​ដោយ បរិមាណ​នឹង​នៅ​តែ​ទាប​ជាង​ជិត ១០ លាន​តោន ដែល​បាន​នាំ​ចេញ​នៅ​ឆ្នាំ ២០២៤ នៅ​ពេល​ដែល​ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី ២ លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​៕ ប្រភព ៖ VNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com