ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ធ្វើ​សមយុទ្ធ​យោធា​បា.ញ់​គ្រា.ប់​កាំ​.ភ្លើ.ង​ពិត​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ដើម្បីព្រ.មាន​ក្រុម​ផ្ដាច់​ទឹក​ដី

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ​ប្រទេស​ចិន​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ដោយ​ដាក់​ពង្រាយ​កង​ទ័ព នាវា​ យន្ត​ហោះ និង​កាំ​ភ្លើង​ធំ​។ សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា​បេសក​កម្ម​យុត្តិធម៌​ឆ្នាំ​២០២៥​។ ​តៃវ៉ាន់​ក៏​បញ្ចេញ​ទាហាន​របស់​ខ្លួន និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ដែល​ទិញ​ពី​អាមេរិក​ដើម្បី​ហាត់​សម​ការ​វាយ​រុញ​ច្រាន​កង​ទ័ព​របស់​បច្ចា​មិត្ត​ឱ្យ​ថយ​ក្រោយ​វិញ​។ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ប្រចាំ​ទិស​ខាង​កើត​របស់​កង​ទ័ព​ប្រជា​ជន​ចិន​ថ្លែង​ថា​ខ្លួន​ប្រមូល​ផ្ដុំ​កម្លាំង​នៅ​ភាគ​ខាង​ជើង​ និង​និរតី​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ​ប្រទេស​ចិន​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​ហ៊ុម​ព័ទ្ធ​កោះ​តៃវ៉ាន់​ដោយ​ដាក់​ពង្រាយ​កង​ទ័ព នាវា​ យន្ត​ហោះ និង​កាំ​ភ្លើង​ធំ​។ សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា​បេសក​កម្ម​យុត្តិធម៌​ឆ្នាំ​២០២៥​។ ​តៃវ៉ាន់​ក៏​បញ្ចេញ​ទាហាន​របស់​ខ្លួន និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ដែល​ទិញ​ពី​អាមេរិក​ដើម្បី​ហាត់​សម​ការ​វាយ​រុញ​ច្រាន​កង​ទ័ព​របស់​បច្ចា​មិត្ត​ឱ្យ​ថយ​ក្រោយ​វិញ​។

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ប្រចាំ​ទិស​ខាង​កើត​របស់​កង​ទ័ព​ប្រជា​ជន​ចិន​ថ្លែង​ថា​ខ្លួន​ប្រមូល​ផ្ដុំ​កម្លាំង​នៅ​ភាគ​ខាង​ជើង​ និង​និរតី​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​បាញ់​គ្រាប់​កាំ​ភ្លើង​ពិតទៅ​លើ​គោល​ដៅ​នៅ​លើ​ដី និង​សមុទ្រ​។ សមយុទ្ធ​​យោធា​នេះ​នឹង​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​អង្គារ​ ហើយ​នឹង​រួម​បញ្ចូល​ទាំង​ការ​ហ្វឹក​ហាត់​បិទ​ខ្ទប់​កំពង់​ផែ​ធំៗ​របស់​តៃវ៉ាន់​ និង​ហ៊ុម​ព័ទ្ធ​កោះ​នេះ​យ៉ាង​ជុំ​ជិត​តែ​ម្ដង​។​

មន្ត្រី​យោធា​ជាន់​ខ្ពស់​តៃវ៉ាន់​​ប្រាប់​​ថា​អូប័រ​ដឹក​ទាហាន​ចិន​រាប់​សិប​គ្រឿង និង​យន្ត​ហោះ​ចម្បាំង​បាន​បើក​ប្រតិ​បត្តិ​ការ​សឹក​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​។ នៅ​ក្នុង​ចំណោម​​នោះ អូប័រ និង​យន្ត​ហោះ​ខ្លះ​បើក​ទៅ​កៀក​នឹង​តំបន់​មាត់​សមុទ្រ​តៃវ៉ាន់​តែ​ម្ដង​ដែល​មាន​​ចម្ងាយ​២៤​ម៉ាយ (៣៨​គីឡូ​ម៉ែត្រ) ពី​ដី​គោក​។ នេះ​ជា​ការ​​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​លើក​ទី​៦​របស់​ចិន​ចាប់​តាំង​ពី​ឆ្នាំ​២០២២​។ សមយុទ្ធ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ថ្លែង​នៅ​ក្នុង​សភា​កាលពី​ដើម​ខែ​វិច្ឆិកា​ថា​ចង់​បញ្ជូន​ទ័ពទៅ​ជួយ​តៃវ៉ាន់​។

សមយុទ្ធ​នេះ​ធ្វើ​ឡើង​១១​ថ្ងៃ​ក្រោយ​ពេល​អាមេរិក​ប្រកាស​លក់​អាវុធ​តម្លៃ​ជាង​១១​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់​។ ក្រុម​អ្ន​ក​វិភាគ​អំពី​ស្ថាន​ការណ៍​សឹក​យល់​ថា​យុទ្ធ​សាស្ត្រ​ធ្វើ​សមយុទ្ធ​យោធា​របស់​ប្រទេស​ចិន​ឥឡូវ​នេះ​មាន​ភាព​ប្រឡាំ​ប្រកូវ​គ្នា​រវាង​ការ​ធ្វើ​សមយុទ្ធ​ទៅ​តាម​ទម្លាប់​ធម្មតា​ និង​ការ​ត្រៀម​លក្ខណៈ​សម្បត្តិវាយ​ប្រហារ​តៃវ៉ាន់​។ នេះ​ជា​យុទ្ធ​សាស្ត្រ​បំភាន់​ភ្នែក​។

ជួន​កាល​អាមេរិក និង​សម្ព័ន្ធ​មិត្ត​អាល័យ​តែ​ភ្លេច​ត្រចៀក​ ចិន​វាយ​តៃវ៉ាន់​ប្រាវ​តែ​ម្ដង​។ ​​អ្នក​នាំ​ពាក្យ​បញ្ជា​ការ​ដ្ឋានខាង​កើត​ថ្លែង​ថា​សមយុទ្ធ​យោធា​នេះ​ជា​ការ​ព្រមាន​ធ្ងន់​ៗ​ទៅ​កាន់​ក្រុម​ដែល​ចង់​បំបែក​ទឹក​ដី​នៅ​កោះ​តៃវ៉ាន់​ និង​​ក៏​ព្រមាន​ផង​ដែរ​ទៅ​កម្លាំងបរទេស​ដែល​ចង់​ជួយ​តៃវ៉ាន់​។ ​សមយុទ្ធ​នេះ​ត្រូវ​រដ្ឋាភិបាល​តៃវ៉ាន់​ប្រកាសថ្កោល​ទោស​ជា​ទម្ងន់​។

ក្រសួង​ការ​ពារ​ជាតិ​តៃ​វ៉ាន់​បង្ហោះ​វីឌីអូ​ឃ្លីប​នៅ​លើហ្វេស​ប៊ុក​​ដោយ​បង្ហាញ​អាវុធ​យុទ្ធ​ភ័ណ្ឌ​របស់​ខ្លួន​រួម​ទាំង​កាំជ្រួច​ហ្វូង​ម៉ាក​ហាយ​ម៉ាស់​ (HIMARS) ដែល​អាច​បាញ់​បាន​ចម្ងាយ​៣​រយ​គីឡូ​ម៉ែត្រ​។ ពោល​គឺ​អាច​បាញ់​ដល់​ខេត្ត​ហ៊្វូចៀន​ (Fujian) របស់​ប្រទេស​ចិន​។ ចំណែក​ឆ្មាំ​ល្បាត​ដែន​សមុទ្រ​តៃ​វ៉ាន់​ថ្លែង​ថា​ខ្លួន​បាន​បញ្ចេញ​​​នាវា​ខ្នាត​ធំ​ដើម្បី​ឆ្លើយ​តប​ទៅ​កង​ល្បាត​របស់​ប្រទេស​ចិន​ដែល​បើក​ទៅ​កៀក​នឹង​ឆ្នេរ​សមុទ្រ​តៃវ៉ាន់​ខ្លាំង​ពេក​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com