ទីក្រុងអង់ការ៉ា៖ ថ្ងៃនេះមានការប៉ះទង្គិចគ្នាប្រដាប់អាវុធមួយប្រាវរវាងកងសន្តិសុខតួកគី និងក្រុមអាយស៊ីសបណ្ដាលឱ្យនគរបាលតួកគីបីនាក់ និងយុទ្ធជនរបស់អាយស៊ីស៦នាក់ស្លាប់។ ឆាកប្រយុទ្ធគ្នានេះកើតឡើងនៅភាគពាយព្យប្រទេសតួកគី។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រៅពីនេះ នគរបាលតួកគីយ៉ាងតិច៨នាក់ និងភ្នាក់ងារសន្តិសុខយាមពេលយប់ម្នាក់រងរបួស។

ការប្រយុទ្ធគ្នាកើតមាននៅក្នុងស្រុកអែលម៉ាលី (Elmali) ខេត្តយ៉ាឡូវ៉ា (Yalova) ភាគខាងត្បូងទីក្រុងអ៊ីស្តាន់ប៊ូល។ នៅពេលនោះ នគរបាលវាយឆ្មក់ចូលផ្ទះមួយកន្លែងដែលគេសង្ស័យថាជាទីជម្រកលាក់ខ្លួនរបស់យុទ្ធជនក្រុមអាយស៊ីស។ ប្រភពខ្លះឱ្យដឹងថានគរបាលបើកប្រតិបត្តិការសឹកនៅម៉ោង២ទៀបភ្លឺ។ សាក្សីនិយាយថាពួកគេស្ដាប់ឮសំឡេងបាញ់កាំភ្លើងតដៃគ្នារប៉េះរប៉ោះនៅកន្លែងកើតហេតុ។ ការប្រយុទ្ធគ្នាមិនមែនតូចតាចប៉ុន្មានទេព្រោះបានអូសបន្លាយពេលរហូតដល់ទៅជិត៨ម៉ោង។

រដ្ឋមន្ត្រីមហាផ្ទៃតួកគីថ្លែងថាយុទ្ធជនអាយស៊ីសដែលបានស្លាប់នៅក្នុងការប្រយុទ្ធគ្នានោះសុទ្ធតែជាជនជាតិតួកគីទាំងអស់។ លោកថ្លែងបន្តទៀតថាក្រោយការប្រយុទ្ធគ្នា សមត្ថកិច្ចបាននាំយកស្ត្រី៥នាក់ និងក្មេងៗ៦នាក់ចេញពីក្នុងបរិវេណផ្ទះកើ់តហេតុ។ ប្រតិបត្តិការតាមកម្ចាត់ក្រុមអាយស៊ីសនៅពេលនោះធ្វើឡើងដោយប្រយ័ត្នប្រយែងខ្ពស់ព្រោះក្មេងៗ និងស្ត្រីមួយចំនួននៅក្នុងនោះដែរ។ នេះបើយោងតាមការផ្សាយរបស់វ៉ាស៊ីនតោនប៉ុស្តិ៍ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ