ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ៖ បើ​អា​មេ​រិ​ក​ចង់​ប្រយុទ្ធ ពួក​យើង​នឹង​ប្រយុទ្ធ​ដល់ទី​បញ្ចប់

4 ឆ្នាំ មុន

បេ​កាំ​ង ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ថ្នាក់ខ្ពស់​មក​ពី​រដ្ឋាភិបាល​ចិន និង​អ្នក​ចរចា​ពាណិជ្ជកម្ម​ម្នាក់​បាន​និយាយ​ថា សហរដ្ឋអាមេរិក​មិន​អាច​ប្រើ​សម្ពាធ​ដើម្បី​បង្ខំ​ឲ្យ​មានការ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ទេ…

បេ​កាំ​ង ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ថ្នាក់ខ្ពស់​មក​ពី​រដ្ឋាភិបាល​ចិន និង​អ្នក​ចរចា​ពាណិជ្ជកម្ម​ម្នាក់​បាន​និយាយ​ថា សហរដ្ឋអាមេរិក​មិន​អាច​ប្រើ​សម្ពាធ​ដើម្បី​បង្ខំ​ឲ្យ​មានការ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ទេ ។

គួរ​បញ្ជាក់​ដែរ​ថា ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ខែ​មុន​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ដល់​ប្រទេស​ចិន​ថា​លេប​ពាក្យ​សម្តី​ដែល​បាន​សន្យា​ថា​នឹង​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សកម្មភាព​សេដ្ឋកិច្ច​របស់​ពួក​គេ ។ បន្ទាប់​មក រដ្ឋាភិបាល​លោក​ប្រធានាធិបតី ត្រាំ បាន​ដាក់​ពន្ធ​បន្ថែម ២៥%​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ដែល​បង្ក​ឲ្យ​ប្រទេស​ចិន​ចេញ​វិធានការ​ឆ្លើយ​តប ។

លោក Wang Shouwen ដែល​ជា​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ក្នុង​ស​ន្និ​សិ​ទ​មួយ​ថា​សហរដ្ឋអាមេរិក​ពិតជា​គ្មាន​ទំនួល​ខុស​ត្រូវ​ណាស់​ដែល​ចោទប្រកាន់​ថា​ប្រទេស​ចិន​លេប​ពាក្យ​សម្តី​ដូច្នេះ ។ លោក​បាន​និយាយ​ថា «​ប្រសិនបើ​ភាគី​អា​មេ​រិ​ក​ចង់​ប្រើ​សម្ពាធ​ដើម្បី​បង្កើន​ភាព​តានតឹង​ជម្លោះ​ពាណិជ្ជកម្ម​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​ចិន​ចុះចាញ់ និង​លះបង់​នោះ វា​មិន​អាច​ទៅ​រួច​ទេ​»​។

លោក​បាន​បន្ត​ថា «​ក្នុង​កំឡុង​ពេល​ចរចា ប្រទេស​ចិន​បាន​ឆ្លងកាត់​ទុក្ខ​លំបាក​ជា​ច្រើន និង​បាន​រក​ឃើញ​ដំណោះស្រាយ​ដែល​អាច​អនុវត្ត​បាន ។ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​លេប​ពាក្យ​សម្តី ហើយ​ពេល​ដែល​អ្នក​ឲ្យ​ពួក​គេ​បន្តិច ពួក​គេ​ចង់បាន​លើស​នោះ​បន្ថែម​ទៀត​»​។ លោក​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​បាន​ទាមទារ​មិន​សម​ហេតុ​សម​ផល និង​បាន​ទាមទារ​ទាក់ទិន​នឹង​សិទ្ធិ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន​ក្នុង​កិច្ចព្រមព្រៀង​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Wei Fenghe ដែល​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​ចិន​បាន​និយាយ​នៅ​វេទិកា​សន្តិសុខ​ក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃអាទិត្យ ដែរ​ថា «​ប្រសិនបើ​សហរដ្ឋ​អាមេរិក​ចង់​ចរចា ពួក​យើង​នឹង​រក្សា​ទ្វា​បើក​ទូលាយ ។ ប្រសិនបើ​ពួក​គេ​ចង់​ប្រយុទ្ធ​គ្នា ពួក​យើង​នឹង​ប្រយុទ្ធ​ដល់ទី​បញ្ចប់​»​។

លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ថា លោក​នឹង​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង របស់​ប្រទេស​ចិន​នៅ​កិច្ចប្រជុំ G20 ក្នុង​ប្រទេស​ជប៉ុន​នៅ​ចុងខែ​នេះ ប៉ុន្តែ​ប្រទេស​ចិន​មិន​ទាន់​បាន​បញ្ជាក់​ពី​កិច្ចប្រជុំ​នេះ​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ