ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី ដូ​ណា​ល់ ត្រាំ ធ្វើ​ដាក់​ប៉ុណ្ណឹង​ហើយ​តែ ឥណ្ឌា នៅ​តែ​ងាក​ទៅ​រក​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ពួក​គេ​នឹង​បន្ត​ព្យាយាម​ស្ថាបនា​ទំនាក់ទំនង​សេដ្ឋកិច្ច​រឹង​មាំ​ជាមួយនឹង​សហរដ្ឋអាមេរិក​បើ​ទោះជា​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ…

ប្រទេស​ឥណ្ឌា ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ពួក​គេ​នឹង​បន្ត​ព្យាយាម​ស្ថាបនា​ទំនាក់ទំនង​សេដ្ឋកិច្ច​រឹង​មាំ​ជាមួយនឹង​សហរដ្ឋអាមេរិក​បើ​ទោះជា​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សម្រេចចិត្ត​បញ្ចប់​ការ​ផ្តល់​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​ដល់​ឥណ្ឌា​ចាប់ពី​ថ្ងៃ​ទី​៥ ខែមិថុនា ខាង​មុខ​ពិតមែន​ក៏​ដោយ ។

មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ធ្លាប់​បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​អាច​នឹង​បង្កើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ប្រមាណ​២០​មុខ​ប្រសិនបើ​លោក​ប្រធានាធិបតី ត្រាំ ដក​ឥណ្ឌា​ចេញពី​បញ្ជី​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​ពី​សហរដ្ឋអាមេរិក ។ រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​ថា «​ដូច​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ដែរ ប្រទេស​ឥណ្ឌា​នឹង​រក្សា​អត្ថប្រយោជន៍​ជាតិ​ក្នុង​បញ្ហា​ទាំងនេះ​»​។

អត្ថប្រយោជន៍​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ទៅ​ឥណ្ឌា​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) របស់​សហរដ្ឋអាមេរិក​ដែល​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ផលិតផល​ឥណ្ឌា​ប្រមាណ​៥.៦​ប៊ី​លាន​ដុល្លារ​ដោយ​មិន​ជាប់ពន្ធ​ក្នុង​មួយ​ឆ្នាំ​។ ឥណ្ឌា​គឺជា​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​ច្រើន​ជាងគេ ។

រដ្ឋាភិបាល​ឥណ្ឌា​បាន​បន្ត​ថា ពួក​គេ​គិត​ថា​បញ្ហា​នេះ​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​សហរដ្ឋអាមេរិក ហើយ​ពួក​គេ​នឹង​បន្ត​ស្ថាបនា​ទំនាក់ទំនង​ជាមួយនឹង​សហរដ្ឋអាមេរិក​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​រវាង​ប្រជាជន ។ ពួក​គេ​បាន​បន្ថែម​ថា ពួក​គេ​ជឿជាក់​ថា​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​សហការ​គ្នា​យ៉ាង​ដិត​ដល់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទាំងនេះ ។

សហរដ្ឋអាមេរិក​បាន​ពន្យា​ពេលធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​លុប​បំបាត់​អត្ថប្រយោជន៍​ទាំងនេះ​សម្រាប់​ឥណ្ឌា​រហូត​ដល់​ថ្ងៃ​ទី ២៣​ខែឧសភា​កន្លង​មកនេះ ។ សហរដ្ឋអាមេរិក​មិន​ពេញចិត្ត​នឹង​ការ​ដែល​ប្រទេស​ឥណ្ឌា​រឹត​បន្តឹង​ច្បាប់​ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ និង​ជួយ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ។ ជា​ពិសេស​គឺ​ការ​រឹត​បន្តឹង​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​ដែល​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន Amazon និង Walmart របស់​សហរដ្ឋអាមេរិក​ជាដើម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ