ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ដាក់​ពង្រាយ​ជើង​ទម្រ​បា.ញ់​មីស៊ីល​ម៉ាក​ថយ​ហ្វុន​នៅ​ក្នុង​សមយុទ្ធ​យោធា​ជា​មួយ​ជប៉ុន

1 នាទី មុន

ទី​ក្រុង​តូក្យូ៖ អាមេរិក​ថ្ងៃនេះ​ចាប់​ផ្ដើម​ដាក់​ពង្រាយ​​ជើង​ទម្រ​បាញ់​មីស៊ីល​​ម៉ាក​ថាយ​ហ្វុន (Typhon) នៅ​លើ​ទឹក​ដី​ជប៉ុន​ជា​លើក​ដំបូង​។ ការ​ដាក់​ពង្រាយ​​​មីស៊ីល​​ដែល​មានវង់​ប្រតិ​បត្តិ​ការ​មធ្យម​​នេះ​បង្ហាញ​ថា​ទីក្រុង​វាស៊ីនតោន និង​តូ​ក្យូ​មាន​ឆន្ទៈ​ចង់​ដាក់​ពង្រាយ​អាវុធ​នៅ​លើ​ទី​ចំហ​។ ប៉ុន្តែ​ទង្វើ​នេះ​ត្រូវ​ប្រទេស​ចិន​ប្រកាស​ថ្កោល​ទោស​ខ្លាំង​ៗ​។ ចិន​ថា​នេះ​ជា​ការ​បង្ក​អស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។ ​ថាយ​ហ្វុន​ជា​​​មីស៊ីល​បាញ់​ចេញ​ពី​ដី​គោក ហើយ​អាច​​​បាញ់​គ្រាប់​មីស៊ីល​បណ្ដែត​​ម៉ាក​ថូម៉ាកហក​…

ទី​ក្រុង​តូក្យូ៖ អាមេរិក​ថ្ងៃនេះ​ចាប់​ផ្ដើម​ដាក់​ពង្រាយ​​ជើង​ទម្រ​បាញ់​មីស៊ីល​​ម៉ាក​ថាយ​ហ្វុន (Typhon) នៅ​លើ​ទឹក​ដី​ជប៉ុន​ជា​លើក​ដំបូង​។ ការ​ដាក់​ពង្រាយ​​​មីស៊ីល​​ដែល​មានវង់​ប្រតិ​បត្តិ​ការ​មធ្យម​​នេះ​បង្ហាញ​ថា​ទីក្រុង​វាស៊ីនតោន និង​តូ​ក្យូ​មាន​ឆន្ទៈ​ចង់​ដាក់​ពង្រាយ​អាវុធ​នៅ​លើ​ទី​ចំហ​។ ប៉ុន្តែ​ទង្វើ​នេះ​ត្រូវ​ប្រទេស​ចិន​ប្រកាស​ថ្កោល​ទោស​ខ្លាំង​ៗ​។ ចិន​ថា​នេះ​ជា​ការ​បង្ក​អស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។

​ថាយ​ហ្វុន​ជា​​​មីស៊ីល​បាញ់​ចេញ​ពី​ដី​គោក ហើយ​អាច​​​បាញ់​គ្រាប់​មីស៊ីល​បណ្ដែត​​ម៉ាក​ថូម៉ាកហក​ (Tomahawk) ចេញ​ពី​ប្រទេស​ជប៉ុន​ទៅ​ដល់​តំបន់​ជាប់​សមុទ្រ​ខាង​កើត​ប្រទេស​ចិន និង​​ប្រទេស​រុស្ស៊ី​​​។ មីស៊ីល​នេះ​ត្រូវ​អា​មេរិក និង​ជប៉ុន​ប្រើ​ប្រាស់​នៅ​ក្នុង​សមុទ្រ​យោធា​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា​នាគ​កំណាច​។ លំហាត់​យោធា​រយៈ​ពេល​២​សប្ដាហ៍​​នេះ​​មិន​សាមញ្ញ​ពេក​ទេ​ព្រោះ​​បាន​​​ប្រើ​ប្រាស់​កម្លាំង​ទ័ព​២​ម៉ឺន​នាក់​ រួម​ទាំង​នាវា​ចម្បាំង និង​ជើង​ទម្រ​បាញ់​មីស៊ីល​ជា​ច្រើន​គ្រឿង​។

​វត្ត​មាន​របស់​ជើង​ទម្រ​ម៉ាក​ថាយ​ហ្វុន​នៅ​លើ​ទឹក​ដី​ជប៉ុន​កើត​ឡើង​បន្ទាប់​ពី​អាមេរិក​​​​​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មីស៊ីល​ម៉ាក​ដូច​គ្នា​នេះ​នៅ​លើ​ទឹក​ដី​ហ្វ៊ីលីពីន​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២៤​។ ទង្វើ​នេះ​ត្រូវ​រុស្ស៊ី និង​ចិន​រិះ​គន់​ខ្លាំង​ៗ​។ ប្រទេស​ទាំង​២​ចោទ​ប្រកាន់​ថា​អាមេរិក​កំពុង​ជំរុញ​ឱ្យ​មាន​ការ​រត់​ប្រណាំង​សព្វាវុធ​។ នៅ​ឆ្នាំ​នេះ អាមេរិក​ក៏​បាន​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​នៅ​លើ​ទឹក​ដី​អូស្ត្រាលី​ផង​ដែរ​។

​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ប្រទេស​ចិន​នៅ​មិន​ស្រណុក​ខ្លួន​នោះ​គឺ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​រវាង​អាមេរិក និង​ជប៉ុន​ដែល​ស្ថិត​នៅ​កៀក​នឹង​របង​ផ្ទះ​របស់​ខ្លួន​​តែ​ម្ដង​។ ក្រុម​អ្នក​វិភាគ​យល់​ថា​ចិន​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ ហើយចិន​នឹង​ធ្វើ​អ្វី​ម៉្យាង​ដើម្បី​ជា​ការ​បញ្ចេញ​ប្រតិ​កម្ម​។ អាមេរិក​ចាត់​ទុក​កោះ​អ៊ីវ៉ា​គូនិ (Iwakuni) ជា​ផ្នែក​មួយ​នៃ​ស្រឡាយ​កោះ​នានា​ដែល​លាត​សន្ធឹង​ចាប់​ពី​​ជប៉ុន​រហូត​ដល់​ហ្វ៊ីលីពីន​។

ជើង​ទម្រ​ម៉ាក​ថាយ​​ហ្វុន​ក្រៅ​ពី​អាច​បាញ់​មីស៊ីល​បណ្ដែត​ម៉ាក​​ថូម៉ាកហក វា​ក៏​អាច​បាញ់​មីស៊ីល​ម៉ាក​អែស​អឹម​៦ (SM-6) បាន​ផង​ដែរ​។ មីស៊ីល​នេះ​ផលិត​ឡើង​សម្រាប់​បាញ់​នាវា​ចម្បាំង ឬ​យន្ត​ហោះ​ចម្បាំង​នៅ​ក្នុង​រង្វង់​ប្រតិ​បត្តិ​ការ​២​រយ​គីឡូ​ម៉ែត្រ​។ អាមេរិក​ឥឡូវ​នេះ​កំពុង​ពន្លឿន​ការ​ផលិត​អាវុធ​ប្រឆាំង​នាវា​ចម្បាំង​ដើម្បី​ដាក់​ពង្រាយ​នៅ​ទូទាំង​ទ្វីប​អាស៊ី​។

ខុស​ពី​មីស៊ីល​ជំនាន់​ក្រោយ​ៗ​ទៀត ថាយ​ហ្វុន​អាច​បាញ់​គ្រាប់​មីស៊ីល​ដែល​កំពុងប្រើ​ប្រាស់​សព្វ​ថ្ងៃ​ ​ហើយ​ងាយ​ស្រួលផលិត​ថែម​ទៀត​ផង​។ ដូច្នេះធ្វើ​ឱ្យ​អាមេរិក​ងាយ​ស្រួល​សហ​ការ​ដាក់​ពង្រាយ​នៅ​តា​ម​គោល​ដៅ​សំខាន់​ៗ​។ ប្រទេស​ជប៉ុន​ចាប់​ផ្ដើម​កសាង​កម្លាំង​យោធា​ឡើង​វិញ​ជាប​ណ្ដើរ​ៗ​ និង​ត្រៀម​បង្កើត​ខ្ទង់​ថវិកា​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​បន្ថែម​ទៀត​។ ជប៉ុន​ទិញ​មីស៊ីល​បណ្ដែត​ថូម៉ា​ហក​សម្រាប់​បំពាក់​នៅ​លើ​នាវា​ចម្បាំង​របស់​ខ្លួន​។ ក្រៅ​ពី​នេះ ជប៉ុន​ក៏​ផលិត​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ដោយ​ខ្លួន​ឯង​ផង​ដែរ​។

ដោយ​សារ​ស្ថាន​ការណ៍​ប្រែ​ប្រួល​នៅ​ក្នុង​តំបន់​ និង​នៅ​លើ​​​ពិភព​លោក​ ​កោះ​តៃវ៉ាន់​ក៏​ត្រៀម​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​នៅ​ឆ្នាំ​២០២៦​ផង​ដែរ​។ ពោល​គឺ​បង្កើន​ដល់​៣%​នៃ​ផលិត​សរុប​ក្នុង​ស្រុក​ ជីឌីភី (GDP) របស់​ខ្លួន។ ក្រោយ​ពេល​ធ្វើ​សមយុទ្ធ​យោធា​អាមេរិក-​ជប៉ុន​រួច​ហើយ​ ជើង​ទម្រ​ថាយ​ហ្វុន​នឹង​ត្រូវ​រុះ​រើ​ទៅ​ដាក់​នៅ​ទី​តាំង​ថ្មី​។ មន្ត្រី​យោធា​អាមេរិក​សូម​មិន​​​ធ្វើ​អត្ថា​ធិប្បាយ​ថា​តើ​ជើង​ទម្រ​នេះ​នឹង​យក​ទៅ​ដាក់​នៅ​ទី​ណា​ ឬ​ក៏​ថា​នឹង​វិល​ទៅ​ជប៉ុន​វិញ​​ដែរ​ឬ​ទេ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ