ទីក្រុងវ៉ាស៊ីនតោន៖ នេះជារឿងគួរឱ្យភ្ញាក់ផ្អើលដែលមន្ត្រីយោធាអាមេរិកអញ្ជើញទៅជាភ្ញៀវដើម្បីទស្សនាការធ្វើសមយុទ្ធយោធារួមគ្នារវាងកងទ័ពបេឡារូស និងរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិបេឡារូសប្រាប់មន្ត្រីទាំងនោះថាពួកគេអាចសង្កេតមើលពីអ្វីៗគ្រប់យ៉ាងទៅតាមចំណង់ចំណូលចិត្ត។ សមយុទ្ធយោធាឈ្មោះថាហ្សាប៉ាត់២០២៥មានគោលដៅពង្រឹងសមត្ថភាពកងទ័ពជើងគោកប្រទេសទាំង២។
សមយុទ្ធយោធាដែលចាប់ផ្ដើមកាលពីថ្ងៃសុក្រនោះក៏ធ្វើឡើងចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូបន្ទាប់ពីមានករណីដ្រូនរបស់រុស្ស៊ីជាច្រើនគ្រឿងហោះចូលដែនអាកាសប៉ូឡូញដែលជាសមាជិកអង្គការណាតូ។ វត្តមានរបស់មន្ត្រី យោធាអាមេរិកនៅបេឡារូសត្រូវក្រសួងការពារជាតិប្រទេសនេះចាត់ទុកជាព្រឹត្តិការណ៍ដែលគួរឱ្យភ្ញាក់ផ្អើល។
ក្រសួងបានសរសេររៀបរាប់ថានរណាទៅនឹកស្មានដល់ថានៅពេលព្រឹកបន្ទាប់មានអ្វីកើតឡើង។ ក្រៅពីមន្ត្រីយោធាអាមេរិកដែលចូលរួមសង្កេតការណ៍ ក៏មានមន្ត្រីមកពីប្រទេសជាងម្ភៃទៀតចូលរួមសង្កេតការណ៍ផងដែរ។ នៅក្នុងចំណោមនោះមានមន្ត្រី២រូបមកពីប្រទេសអង្គការណាតូគឺតួកគី និងហុងគ្រី។ ក្រសួងការពារជាតិបេឡារូសបានបង្ហាញរូបវីឌីអូមន្ត្រីអាមេរិកស្លៀកពាក់ឯកសណ្ឋានយោធា២រូប។ ពួកគេថ្លែងអំណរគុណរដ្ឋាភិបាលបេឡារូសដែលអញ្ជើញពួកគេជាភ្ញៀវ។
វត្តមានរបស់មន្ត្រីទាំងនោះជាសញ្ញាល្អនៃការកែសម្រួលទំនាក់ទំនងឡើងវិញរវាងអាមេរិក និងបេឡារូសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី។ បេឡារូសធ្លាប់ឱ្យរុស្ស៊ីខ្ចីទឹកដីរបស់ខ្លួនប្រើប្រាស់ដើម្បីវាយប្រហារអ៊ុយក្រែនកាលពីឆ្នាំ២០២២។ អ្នកតំណាងរបស់លោកត្រាំបានធ្វើដំណើរទៅបេឡារូសកាលពីសប្ដាហ៍មុនដើម្បីពិភាក្សាជាមួយប្រធានាធិបតិប្រទេសនេះលោកលូកាសិនកូដែលយល់យល់ព្រមដោះលែងអ្នកទោស៥២នាក់ពីពន្ធនាគារ។
ជាកិច្ចឆ្លើយតប អាមេរិកយល់ព្រមបន្ធូរបន្ថយទណ្ឌកម្មដែលដាក់ទៅលើក្រុមហ៊ុនអាកាសចរណ៍ជាតិបេឡារូសឈ្មោះបេឡាវា (Belavia)។ ដូច្នេះ ក្រុមហ៊ុនអាចទិញគ្រឿងបន្លាស់ពីអាមេរិក ហើយអាចកុម្ម៉ង់ទិញយន្តហោះម៉ាកបូអ៊ីងរបស់អាមេរិកបាន។ លោកត្រាំចង់បើកស្ថានទូតអាមេរិកនៅបេឡារូសឡើងវិញនៅពេលឆាប់ៗនេះដើម្បីធ្វើប្រក្រតីកម្មទំនាក់ទំនងការទូត និងភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្នា។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាមេរិក៕
ចែករំលែកព័តមាននេះ