ប្រទេសថៃ៖ ភ្នាក់ងារសារពត៌មាន Bangkok Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ កន្លងមកថា រដ្ឋាភិបាលថៃបានកាត់បន្ថយគោលដៅនាំចេញពី ៨%មកស្មើ ៣%សម្រាប់ឆ្នាំនេះព្រោះតែការអន់ថយសេដ្ឋកិច្ចជុំវិញពិភពលោក ការតានតឹងឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន និងភាពមិនប្រាកដប្រជាផ្នែកនយោបាយក្នុងទ្វីបអ៊ឺរ៉ុប ។
យោងទៅតាមលោកឧប្បនាយករដ្ឋមន្ត្រី Somkid Jatusripitak បានឲ្យដឹងថា ការនាំចេញអាចនឹងស្មើ ២៦០ប៊ីលានដុល្លារក្នុងឆ្នាំនេះ ដែលទាបជាងការព្យាករណ៍មុនដែលស្មើ ២៧០ប៊ីលានដុល្លារ ។ លោកបាននិយាយថា «ក្រៅពីការអន់ថយនៃតម្រូវការពិភពលោកហើយ សង្គ្រាមពាណិជ្ជកម្មបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញជាពិសេសគ្រឿងអេឡិចត្រូនិច យានយន្ត សម្លៀកបំពាក់ ជ័រកៅស៊ូនិងប្លាស្ទិចដែលទាក់ទិននឹងខ្សែសង្វាក់ផ្គត់ផ្គង់អាមេរិកនិងប្រទេសចិន»។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថ្មីបានឲ្យដឹងថា ការនាំចេញបានធ្លាក់ចុះ ១.៩% មកស្មើ ៨០.៥ប៊ីលានដុល្លារកាលពី៤ខែដំបូងនាឆ្នាំនេះ ខណៈដែលការនាំចូលបានធ្លាក់ចុះ ១.១% មកស្មើ ៨០ប៊ីលានដុល្លារផងដែរ ធ្វើឲ្យប្រទេសថៃមានអតិរេកពាណិជ្ជកម្ម៥៥០លានដុល្លារ ។
ក្រសួងនេះបានធ្លាប់ឲ្យដឹងថានិន្នាការនៃការនាំចេញរបស់ប្រទេសថៃស្របទៅនឹងស្ថានការជុំវិញពិភពលោក និងប្រទេសអាស៊ីដទៃដែរដែលមានការអន់ថយការនាំចេញព្រោះតែសង្គ្រាមពាណិជ្ជកម្មដែលកាន់តែតានតឹងឡើង ។
លោក Somkid បានបន្ថែមថា ការនាំចេញត្រូវតែផ្តោតសំខាន់លើទីផ្សារដែលមានសក្តានុពលផ្សេងៗដូចជាឥណ្ឌា ខណៈដែលការលូតលាស់សេដ្ឋកិច្ចអាចនឹងស្មើ៧%ក្នុងឆ្នាំនេះ ។
ក្រសួងពាណិជ្ជកម្មត្រូវតែសហការជាមួយនឹងគណៈកម្មាធិការវិនិយោគ និងអាជ្ញាធរទេសចរណ៍ប្រចាំប្រទេសថៃដើម្បីលើកស្ទួយដល់ការវិនិយោគ និងវិស័យទេសចរណ៍ ជំរុញដល់សេដ្ឋកិច្ច ខណៈដែលបន្តការគាំទ្រដល់កសិករដើម្បីបង្កើនប្រសិទ្ធិភាព និងគុណភាពផលិតផល ។
លោក Somkid បានបន្តថា ការអភិវឌ្ឍន៍គួរតែផ្តោតសំខាន់លើបច្ចេកវិទ្យានិងការបង្កើតថ្មីខណៈដែលការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូណិចនឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញដល់តម្លៃកសិផល ។
រដ្ឋាភិបាលថៃក៏សន្យាថានឹងជួយកាត់បន្ថយការចំណាយផ្នែកដឹកជញ្ជូន និងធ្វើឲ្យដំណើរការពន្ធកាន់តែប្រសើរឡើងផងដែរ ព្រមទាំងជំរុញដល់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ