ស្គាល់​ហើយ​ខ្មាន់កាំភ្លើង​បាញ់​ក្នុង​ខារ៉ាអូខេ​ប៊ី ហ្គោ​ល ជា​ច្រើន​គ្រាប់​តាម​ពិតជា​យោធា​(​មាន​វី​ដេ​អូ​)


ខេត្តកណ្ដាល ៖ ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​និង​ធ្វើ​អោយ​នារី​ៗ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ​ប៊ី​ហ្គោ​ល​នោះ​បាន​រត់​បាតជើង​ស​ព្រាត​ដោយ​ព្រលឹង​ចុង​សក់ មិនតែប៉ុណ្ណោះ​ធ្វើ​អោយ​អ្នក​បើករថយន្ត​កុងតឺន័រ​ភ័យ​លួស​ព្រលឹង​ដោយសារ​គ្រាប់កាំភ្លើង​ហោះ​ផ្លោង​ទៅ​ចំ​កញ្ចក់​រថយន្ត ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​មុខ​ទីតាំង​នោះ ។

មិន​បាន​ប៉ុន្មាន​ម៉ោង​ផង លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ទីតាំង​នោះ​បាន​កំណត់​មុខសញ្ញា​បាន​ហើយ​ខ្មាន់កាំភ្លើង​នោះ​មានឈ្មោះ​សាន សុច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ខារ៉ាអូខេ B-Gold ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា ខ្មាន់កាំភ្លើង​បន្ទាប់​ពី​ធ្វើការ​បាញ់​ហើយ​បាន​បន្សល់​ទុក​មាន​ស្រោម​កាំភ្លើង​ពណ៌​ខ្មៅ​ចំនួន​០១ សោ​ម៉ូតូ​១​ចង្កោម (​កូនសោ​ម៉ូតូ​១ កូនសោ​រថយន្ត​១ តេ​ឡេ​រថយន្ត​១) គ្រាប់​កាំភ្លើងខ្លី​ម៉ា​កឡុក ចំនួន​០៤ បាញ់​ផ្ទុះ​អស់​៣​គ្រាប់ (​លេខ​A-USA 9MM-LUGER) ។

បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង B Gold បន្ទប់​លេខ 888 ជាមួយ​មិត្តភក្តិ ប្រុស​០២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ។ រួច​មក​ក៏​បាន​ឈ្លោះប្រកែក​គ្នា ហើយ​គេ​ឃើញ​ជនសង្ស័យ​ដើរ​ចេញ​មក​ក្រៅ​ហាង​ចាក់​កែបម៉ូតូ​យក​កាំភ្លើងខ្លី​ម៉ា​កឡុក​ពណ៌​ខ្មៅ យក​ដើរ​ចូល​ទៅ​បាញ់​ក្នុង​ហាង​បាញ់​ចំនួន​០៤​គ្រាប់ ហើយ​ផ្ទុះ​០៣​គ្រាប់ ហើយ​ស្រែ​កថា «​អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញ​មក អញ​បាញ់​ឲ្យ​ងាប់​!!» រួច​ហើយ​ជិះ​ម៉ូតូ​តាម​ផ្លូវ​១១៥ ទៅ​ទិស​ខាងលិច​រួច​បាញ់​ឡើង​លើ​០១​គ្រាប់​ទៀត តែ​មិន​បណ្តាល​អោយ​មាន​អ្នក​របួស​ហើយ​គេចខ្លួន​បាត់​ទៅ ។

លោកស្នងការ​បានអោយ​ដឹង​ទៀត​ថា លោក​បាន​បញ្ជា​អោយ​តាម​ចាប់ខ្លួន​យោធា​នោះ​មក​ហើយ ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ