ប្រទេសហុងឌូរ៉ាស ៖ បណ្ដាមនុស្សបិទមុខកាលពីថ្ងៃទី៣១ឧសភា បានវាយប្រហារដោយដុត នៅមុខមាត់ទ្វារស្ថានទូតអាមេរិក ប្រចាំំក្រុងតេហ្គូស៊ីហ្គាល់ប៉ារដ្ឋធានីហុងឌូរ៉ាស នៅខាងក្រៅបាតុកម្ម២ថ្ងៃជាប់គ្នា ប្រឆាំងការកែទម្រង់ផ្នែករដ្ឋ។
បាតុករប្រមាណជា១០.០០០នាក់ពិសេសបណ្ដាគ្រូពេទ្យ បុគ្គលិកសិក្សានិងនិស្សិត ទាមទារឲ្យបោះបង់ចោលក្រិត្យ២របស់រដ្ឋាភិបាលដែលគ្រោង ធ្វើឯកជនភាវូបនីយកម្មសេវាកម្មសុខាបាលនិងអប់រំ។ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែកពួកបាតុករ។
នៅស្ថានទូតអាមេរិកពួកអ្នកពន្លត់ភ្លើងបានលើកមកពន្លត់ភ្លើងដែលគេដុតមាត់ទ្វារស្ថានទូត នាំឲ្យមាត់ទ្វារនោះរងការខូចខាត តែពុំបណ្ដាលឲ្យអគារស្ថានទូតរងការខូចខាតឡើយ។ បន្ទាប់ពីឧប្បត្តិហេតុនោះស្ថានទូតអាមេរិកបានចេញសេចក្ដីប្រកាសមួយ ស្នើដល់ពលរដ្ឋហុងឌូរ៉ាសកុំប្រព្រឹត្តអំពើហិង្សា។
យោងតាមប៉ូលិសថាបុរសម្នាក់អាយុ២៣ឆ្នាំត្រូវបានចាប់ខ្លួន។
ពួកបាតុករបានចោទប្រកានពីការលួចបញ្ចូលមនុស្សរបស់រដ្ឋាភិបាលមកក្នុងជួរបាតុករ ទើបមានឧប្បត្តិហេតុបែបនេះ។ មុននេះពួកបាតុករបានលើកគ្នាដើរឆ្ពោះទៅកាន់ព្រលានយន្តហោះរដ្ឋធានី ហើយរងការបង្រាបដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ស្នងការជាន់ខ្ពស់អ.ស.បខាងសិទ្ធិមនុស្ស សម្ដែងការបារម្ភចំពោះការប្រើឧស្ម័នបង្ហូរទឹកភ្នែកជ្រុលហួស ហេតុនិងប្រើប្រាស់អាវុធ ពីសំណាក់កងកម្លាំងប៉ូលិសមួយចំនួន ប្រឆាំងពួកបាតុករបណ្ដាលឲ្យមនុស្ស២នាក់រងរបួស៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ