ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថារដ្ឋាភិបាលរបស់លោកកំពុងពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនកងទ័ពអាមេរិកទៅឈរជើងនៅអ៊ុយក្រែនក្នុងនាមជាអ្នកធានាសន្តិសុខ។ ក្រៅពីនេះ អាមេរិក និងអ៊ុយក្រែនក៏ពិភាក្សាអំពីព្រឹត្តិការណ៍ចុងក្រោយដែលរុស្ស៊ីចោទប្រកាន់ថាអ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហារផ្ទះរបស់លោកពូទីន។ អ៊ុយក្រែនអះអាងថានោះជាការចោទប្រកាន់គ្មានការពិត។

លោកហ្សេឡិនស្គីអះអាងរដ្ឋាភិបាលរបស់លោកនៅតែគោរពទៅតាមស្មារតីនៃការចរចាគ្នាជានិច្ចដើម្បីបញ្ចប់សង្គ្រាម ហើយក៏ត្រៀមជួបលោកពូទីននាពេលអនាគតផងដែរ។ លោកត្រាំថ្លែងថាលោក និងលោកហ្សេឡិនស្គីប្រកាន់ជំហរខិតជិតគ្នាកាន់តែខ្លាំងក្នុងការបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកទទួលស្គាល់ថាចំណុចរសើបពាក់ព័ន្ធនឹងបញ្ហាបូរណភាពទឹកដីមិនទាន់និយាយត្រូវរ៉ូវគ្នានៅឡើយទេ។

លោកត្រាំហាក់ដូចជាប្រកាន់ជំហរប្រយ័ត្នប្រយែងខ្លាំងជាងលោកហ្សេឡិនស្គីនៅក្នុងបញ្ហាធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ លោកអះអាងថាកិច្ចព្រមព្រៀងធានាសន្តិសុខនោះសម្រេចបាន៩៥%ហើយ ហើយលោករំពឹងថាអឺរ៉ុបនឹងចូលរួមចំណែកដ៏ធំមួយនៅក្នុងបញ្ហានេះ។ កាលពីថ្ងៃអង្គារ រុស្ស៊ីថ្លែងថាខ្លួនត្រូវតែប្រកាន់ជំហររឹងជាងមុននៅក្នុងការចរចាគ្នាព្រោះអ៊ុយក្រែនបានបញ្ជូនដ្រូនជាច្រើនគ្រឿងទៅវាយប្រហារផ្ទះរបស់លោកពូទីន។ ប៉ុន្តែដ្រូនទាំងនោះត្រូវរុស្ស៊ីស្ទាក់បាញ់ទម្លាក់នៅតាមផ្លូវ។

ហ្សេឡិនស្គីចង់ឃើញវត្តមានកងទ័ពអាមេរិកនៅអ៊ុយក្រែន
ហ្សេឡិនស្គីថ្លែងថាបើទាហានអាមេរិកឈរជើងនៅអ៊ុយក្រែនដើម្បីធានាសន្តិសុខ វាជាការធ្វើឱ្យមានភាពកក់ក្ដៅកាន់តែខ្លាំងសម្រាប់រដ្ឋាភិបាលរបស់លោក។ លោកថាលោកកំពុងពិភាក្សាបញ្ហានេះជាមួយលោកត្រាំ និងក្រុមអ្នកតំណាងលោកខាងលិច។ រហូតមកដល់ពេលនេះ សេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេពាក់ព័ន្ធនឹងលទ្ធភាពនៃការបញ្ជូនទ័ពអាមេរិកទៅអ៊ុយក្រែន។

ហ្សេឡិនស្គីថ្លែងថាលោកត្រៀមខ្លួនជួបគ្នាជាមួយលោកពូទីននៅក្នុងទម្រង់បែបណាក៏ដោយទោះបីលោកទាំង២គ្មានការទុកចិត្តគ្នាយ៉ាងណាក្ដី។ លោកថាលោកបានជម្រាបជូនលោកដូណាល់ត្រាំរួចហើយថាលោកត្រៀមខ្លួនជួបលោកពូទីន។ លោកមិនខ្លាចនឹងជួបលោកពូទីនទេ។ ណាស់តែលោកពូទីនទៅវិញទេដែលខ្លាចមិនហ៊ានជួបលោក។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថាអ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហារផ្ទះរបស់លោកពូទីននោះ អ៊ុយក្រែនយល់ថារុស្ស៊ីយកបញ្ហានេះធ្វើជាលេសដើម្បីធ្វើសង្គ្រាមជាបន្តទៀត។ នៅទីក្រុងប៉ារីស ប្រភពដែលស្និទ្ធនឹងលោកម៉ាក្រុងប្រាប់ថាគ្មានភស្តុតាងជាក់លាក់បង្ហាញថាអ្វីដែលរុស្ស៊ីចោទប្រកាន់នោះគឺជាការពិតទេ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ