ខេត្តសៀមរាប ៖ ក្នុងន័យសម្រេចឲ្យបាននូវមហិច្ឆិតាគៀងគរទេសចរចិនឲ្យបានចំនួនច្រើនតាមការគ្រោងទុក រឿងចាំបាច់បំផុតមួយក្នុងចំណោមរឿងជាច្រើនដែលត្រូវធ្វើឲ្យបានល្អប្រសើរនោះគឺការបណ្តុះបណ្តាលធនធានមនុស្សដែលអាចប្រើប្រាស់ភាសាចិនបានល្អ ។ ជាក់ស្តែង ក្រសួងទេសចរណ៍បានសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន និងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលភាសាចិន រួមទាំងជំនាញពិសេសៗមួយចំនួនទៀតដល់គ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនចំនួន១២០នាក់ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប ដែលវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំពេលវេលា និងស្របតាមផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ សំដៅឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍ទាំងបរិមាណ និងគុណភាព។
សម្រាប់ទិសដៅទាញស្រូបទេសចរចិន គឺនៅឆ្នាំ២០២០ខាងមុខ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ៣ លាននាក់ ហើយនឹងកើនឡើងដល់ ៥ លាននាក់នៅ ឆ្នាំ ២០២៥ និង ៨ លាននាក់នៅឆ្នាំ ២០៣០។
លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង ទេសចរណ៍បានមានប្រសាសន៍ក្នុងពិធីបើកវគ្គជំនាញនេះថា ពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ រូបនេះបានបញ្ជាក់ថា «តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមពង្រឹងសមត្ថភាពគ្រូបង្រៀនមគ្គុ ទ្ទេសក៍ទេសចរណ៍លើជំនាញភាសាចិន ដោយផ្អែកលើការប្រើប្រាស់វិធីសាស្ត្រថ្មី ក្នុងការបណ្តុះបណ្តាលភាសាចិន និងការបណ្តុះបណ្តាលគ្រូបង្គោល ការចងក្រង និងអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលភាសាចិនលក្ខណៈជាប្រព័ន្ធ និងការពង្រឹងសមត្ថភាពភាសាចិនប្រើប្រាស់ សម្រាប់បកស្រាយពន្យល់ដល់ទេសចរសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ សំដៅឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន»។
វគ្គបណ្តុះបណ្តាលពិសេសនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកម្រិតសមត្ថភាពជំនាញភាសាចិន ដល់គ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។ លោកប៉ាក់ សុខុមបានបន្ថែមថា តាមរយៈការសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ វាបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងភាពដៃគូរវាងមជ្ឍមណ្ឌលអាស៊ាន ចិន វិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន និងក្រសួងទេសចរណ៍លើការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅត្រៀមទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនដែលបាន និងកំពុងមានការកើនឡើងយ៉ាងរហ័សក្នុងពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថារយៈពេល៣ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជាង ១.៨លាននាក់ កើនឡើង ៩.៧% ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៦៨៣,៤៣៦នាក់ កើនឡើង ៣៥.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ហើយទេសចរចិនឈរចំណាត់ថ្នាក់លេខ ១ នាំមុខទេសចរស្បែកស ពីអឺរ៉ុប អាមេរិកនិងជប៉ុនផងដែរ ។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ៥ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានបញ្ជាក់ថាក្នុងពេលអនាគត វិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ ព្រោះបណ្តាប្រទេស មួយចំនួនធំគឺសម្លឹងឃើញពីសក្តានុពលនៃទេសចរចិន ក្នុងការរកចំណូលសម្រាប់ឧស្សាហ កម្មគ្មានផ្សែង រួមទាំងប្រទេសកម្ពុជាផងដែរ ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ