រាជធានីភ្នំពេញ ៖ កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ នេះបើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ថ្លែងការណ៍របស់ក្រសួងការបទេសចេញផ្សាយ នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី ។
ថ្លែងការណ៍បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន ទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ។
កម្ពុជា ចាត់ទុកបញ្ហា ដែលទាក់ទងនឹងតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់ ៕


ចែករំលែកព័តមាននេះ