ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ប្រកាស​ពី​វឌ្ឍនភាព​ការងារ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន នៅ​ព្រំដែន​កម្ពុជា​-​ថៃ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានអំពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន របស់​ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា​-​ថៃ នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានអំពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន របស់​ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា​-​ថៃ នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 42-47 និង​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ 52-59 ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

១- វឌ្ឍនភាព​ការងារ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ បង្គោល​លេខ 42-47 ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ទាំង​ពីរ បាន​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្តែង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 42-43 ដែល​មាន​ប្រវែង​ប្រមាណ ៧​គីឡូម៉ែត្រ នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​បាន​បញ្ចប់​ទាំងស្រុង ការងារ​ថតរូប​ពីលើ​អាកាស ដោយ​ប្រើ​ដ្រូ​ន ដើម្បី​បង្កើត​ផែនទី​រូបថត (Photomap)​។ ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ទាំង​ពីរ នឹង​បន្តការងារ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន​នៅ​លើ​ដី​ជាក់ស្តែង ។

២- វឌ្ឍនភាព​ការងារ​ចុះ​វាស់វែង​និង​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ 52-59 ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ទាំង​ពីរ បាន​ចុះ​អនុវត្ត​ការងារ​លើ​ដី​ជាក់ស្ដែង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 52-59 ដែល​មាន​ប្រវែង​ប្រមាណ ៨.៣​គីឡូម៉ែត្រ នៅ​ក្នុង​ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដោយ​បាន​បញ្ចប់​ការងារ​វាស់វែង និង​បោះបង្គោល បណ្តោះអាសន្ន​នៅ​លើ​ដី​ជាក់ស្តែង​សរុប​ចំនួន ១៦៦​បង្គោល​បណ្តោះអាសន្ន​។ ក្រុម​វាស់វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ នឹង​បន្តការងារ​ថតរូប​ពីលើ​អាកាស​ដោយ​ប្រើ​ដ្រូ​ន ដើម្បី​បង្កើត​ផែនទី​រូបថត (Photomap) ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​បញ្ជាក់​ជូន​ជនរួមជាតិ និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​សា​ជា​ថ្មី​ម្តងទៀត​ថា ការងារ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន​នៅ​លើ​ដី​ជាក់ស្តែង​របស់​ក្រុម​វាស់វែង​ចម្រុះ គឺជា​ការ​បន្ត​អនុវត្ត​ការងារ​ជា​ជំហាន​ៗ ដើម្បី​ឈាន​ទៅ​ដល់​ការ​ខណ្ឌសីមា​លើ​ដី​ជាក់ស្ដែង ដែល​កិច្ចការ​នេះ​ធ្វើ​ឡើង​យ៉ាង​ហ្មត់ចត់ និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ឯកសារ​គតិ​យុ​ត្ត ដែល​បន្សល់​ទុក ពី​អាណាព្យាបាល​បារាំង ជា​ពិសេស​កំណត់ហេតុ (Procès Verbaux) បោះបង្គោល​របស់​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩០៨-១៩០៩ និង​គណៈកម្មការ​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន សៀម ឆ្នាំ​១៩១៩-១៩២០ និង​ស្រប​តាម​ខ្លឹមសារ នៃ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​(MOU)​ឆ្នាំ​២០០០, បែបបទ ការងារ (TOR) ឆ្នាំ​២០០៣ និង​ស្មារតី នៃ​កំណត់ហេតុ​កិច្ចប្រជុំ JBC នា​ពេល​កន្លង​មក ព្រមទាំង​អនុវត្ត តាម​បែបបទ​ណែនាំ​បច្ចេកទេស (Technical Instruction) ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ។

ឆ្លៀត​ក្នុង​ឱកាស​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ និង​សាធារណជន ទាំងអស់​មេត្តា​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា ដែល​ជា​និច្ចកាល​តែង​ប្រកាន់ខ្ជាប់​នូវ​មនសិការ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ដោយ​ប្រកាន់ខ្ជាប់ នូវ​ការ​គោរព​ច្បាប់​អន្តរជាតិ គោរព​គោលការណ៍​ព្រំដែន​មិន​កែប្រែ និង​ខ្សែ​ព្រំដែន​អន្តរជាតិ កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​លើកទឹកចិត្ត​ឱ្យ​មានការ​ចែករំលែក និង​ផ្សព្វផ្សាយ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឱ្យ​បាន​ទូលំទូលាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ