រាជធានីភ្នំពេញ ៖ ពស់ថ្លាន់ចំនួន៣ក្បាលទៀត ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បានជាបន្តបន្ទាប់ នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីវាចេញពីព្រៃលួចស៊ីទារបស់ពលរដ្ឋ រយៈពេល២យប់ ។

តាមប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមទា បានអោយដឹងថា ពស់ចំនួន៣ក្បាល ត្រូវពួកគាត់ចាប់បានជាបន្តបន្ទាប់ នៅក្នុងរយៈពេល២ថ្ងៃ ។ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ចាប់បានចំនួន២ក្បាល និងយប់ថ្ងៃទី២៥ ខែវិច្ឆិកា ចាប់បានចំនួន១ក្បាល ខណៈវាលួចចេញពីព្រៃមកចាប់សត្វទាស៊ីរបស់ពួកគាត់ ។ ពស់ទាំង៣ក្បាលនេះ ធំជាងលើកមុន ដែល១ក្បាល មានទង្ងន់៨គីឡូក្រាម និង២ក្បាលទៀតមួយ មានទង្ងន់១០គីឡូក្រាម និងមួយទៀត១០.៥០គីឡូក្រាម ។


ប្រជាពលរដ្ឋក៏បានអោយដឹងទៀតថា ខំប្រឹងទិញកូនទាចំនួន៤០ក្បាល មកចិញ្ចឹមមិនទាន់បានពងផង ចោរ(ពស់) លួចស៊ីជាបន្តបន្ទាប់ជិតអស់ ។


តាមព័ត៌មាន បានអោយដឹងថា ពស់ថ្លាន់សម្បូរណាស់ នៅក្នុងស្រះទឹកឈូក និងក្នុងព្រៃដីឡូតិ៍មួយកន្លែង ក្បែរកន្លែងចិញ្ចឹមទា ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយបានលូនមកស៊ីទាជាបន្តបន្ទាប់ ។ បន្ទាប់ពីចាប់បានជាបន្តបន្ទាប់ នៅក្បែរនោះគេឃើញមានដានពស់ជាច្រើន ទំនងជាវាមករកគ្នាវា ដែលបានចាប់បានលើកមុន ។

គួរបញ្ជាក់ថា កាលពីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបាននាំគ្នាចាប់បានពស់ថ្លាន់ជាបន្តបន្ទាប់ក្នុង១យប់ ចំនួន៤ក្បាល នៅពេលវាលូនមកស៊ីទា នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពស់ថ្លាន់នីមួយៗមានប្រវែងជាង២ម៉ែត្រ និងមានទម្ងន់ជាង៧គីឡូក្រាម និងខ្លះជាង៨គីគូក្រាម ។ ពស់ទាំងនោះបានលូនមកស៊ីទាជាបន្តបន្ទាប់ អស់ប្រមាណជាង២០ក្បាល មកហើយ ។ បន្ទាប់ពីចាប់បានចោរ(ពស់) លួចស៊ីទាក៏បានយកទៅលែងវិញ នៅដីវាលនៅក្បែរអតីតរ៉ាសំរោងក្នុង សង្កាត់សំរោងក្រោម ។

បើគិតទាំងលើកនេះទៀត ក្នុងរយៈពេល៣ថ្ងៃ ចាប់បានពស់ថ្លាន់ចំនួន៧ក្បាលមកហើយ ។ ចុងក្រោយពស់ ៣ក្បាលនេះ ម្ចាស់ក៏បានទាក់ទងទៅមន្ត្រីអភិរក្សសត្វព្រៃមកយកទៅលែងនៅភ្នំតាម៉ៅ ហើយមន្ត្រីរូបនោះនឹងមកយកទៅលែងនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកានេះ ៕


ចែករំលែកព័តមាននេះ