ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូមសាំងដាក់ដប ផ្ទុះឆេះឡានអស់១កំណាត់ និង​​ម៉ូតូ​ហ្មត់ឈឹង

1 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សំណាង​ណាស់ ការ​ឆាបឆេះ​ប្រេងសាំង មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ខណៈ​កំពុង​អង្គុយ​បូម​ប្រេងសាំង​ចេញពី​ប៊ីដុង​ចំណុះ​៣០​លី​ត្រ ដាក់​ចូល​ទៅ​ក្នុង​ដប​ចំណុះ​១​លី​ត្រ ទុក​សម្រាប់​លក់ ។ ទោះបីជា​បែប​ណា…

ខេត្តសៀមរាប ៖ សំណាង​ណាស់ ការ​ឆាបឆេះ​ប្រេងសាំង មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ខណៈ​កំពុង​អង្គុយ​បូម​ប្រេងសាំង​ចេញពី​ប៊ីដុង​ចំណុះ​៣០​លី​ត្រ ដាក់​ចូល​ទៅ​ក្នុង​ដប​ចំណុះ​១​លី​ត្រ ទុក​សម្រាប់​លក់ ។ ទោះបីជា​បែប​ណា ការ​ឆាបឆេះ​បាន​រាលដាល​ដល់​រថយន្ត​១​គ្រឿង និង ម៉ូតូ​១​គ្រឿង បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​មួយ​កំណាត់​ខាងក្រោយ និង​ម៉ូតូ​ឆេះ​អស់ទាំង​ស្រុង ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

ឧប្បត្តិហេតុ​ឆាបឆេះ​រថយន្ត និង​ម៉ូតូ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​បរិវេណ​មុខ​ផ្ទះ​ជួល​របស់​ជន​រង​គ្រោះ ក្នុង​ក្រុម​១ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថា អ្នក​ជួល​ផ្ទះ​ឈ្មោះ ជួប រ៉ា​វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជា​ប្តី មានស្រុក​កំណើត​នៅ ស្រុក​ប្រា​រាយ​ណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ជួល​ផ្ទះ​រកស៊ី​លក់ដូរ​នៅ​ក្នុង​ក្រុម​១ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​ប្រពន្ធ​ឈ្មោះ សូ ដា​នី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ ខេត្តកំពង់ចាម ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ប្រេងសាំង ឆេះ​រថយន្ត និង​ម៉ូតូ​នេះ បណ្តាល​មក​ពី​ឈ្មោះ សូ ដា​នី បាន​អង្គុយ​បូម​ប្រេងសាំង​ចេញពី​ប៊ីដុង​ចំណុះ​៣០​លី​ត្រ ដាក់​ចូល​ដប​ចំណុះ​១​លី​ត្រ​ទុក​សម្រាប់​លក់ ​(​ដប​សាំង​) នៅ​ពេល​កំពុង​បូម​សាំង​នោះ ក៏​មានការ​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង ឆេះ​ពី​ក្នុង​ប៊ីដុង​ជះ​មក​ខាងក្រៅ ហើយ​ស្ត្រី​អ្នក​បូម​ប្រេង​ដាក់​ដប បាន​ស្ទុះ​រត់​ចេញ ហើយ​អណ្តាតភ្លើង​ក៏​ឆាបឆេះ​រាលដាល​ដល់ ម៉ូតូ​១​គ្រឿង ម៉ាក HONDA CLICK ពណ៌​ស ស៊េរី​ឆ្នាំ​២០១៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BV-៣៦៥៩ គឺ​ឆេះ​អស់ទាំង​ស្រុង រីឯ​រថយន្ត​ម៉ាក Toyota Prius ពណ៌​ស ស៊េរី​ឆ្នាំ​២០០៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AP-៨៨៤៤ ឆេះ​ខូចខាត​មួយ​កំណាត់​ខាងក្រោយ ជា​របស់​ខ្លួន​ផ្ទាល់ ក្រៅពី​នេះ គឺ​មិន​មានការ​ខូចខាត និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់ ឬ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

សូម​បញ្ជាក់​ថា ករណី​ឆ​ឆប​ឆេះ​រថយន្ត និង​ម៉ូតូ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់ និង​ទាញ​ទុយោ​ទឹក​បាញ់ ព្រមទាំង​ដងទឹក​មក​ជះ​ពន្លត់ ទើប​អាច​ទប់​ទល់​នឹង​ស្ថានភាព​ភ្លើង​ឆេះ​នេះ​បាន ពេល​នោះ​ក៏​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ មក​ជួយ​បាញ់​ពន្លត់ ប្រើប្រាស់​ទឹក​អស់​១​រថយន្ត ។ ការ​ឆាបឆេះ​រថយន្ត និង​ម៉ូតូ​អស់ទាំង​ស្រុង​នេះ បណ្តាល​មក​ពី​ម្ចាស់​ធ្វេសប្រហែស ក្នុង​ការ​បូម​សាំង​ដាក់​ដប​លក់ ។ តម្លៃ​នៃ​ការ​ខូចខាត បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជា ៥ ០០០​ដុល្លារ ។

ហានិភ័យ​បែប​នេះ នៅ​តែ​ជា​ប្រភព​នៃ​ការ​រង​គ្រោះ ដោយសារ​តែ​ការ​លក់ដូរ​ប្រេងឥន្ធនៈ​ដាក់​ដប មិន​មាន​ធានា​សុវត្ថិភាព​នោះ​ទេ នេះ​ជា​សំណាង​ហើយ ដែល​ការ​ឆាបឆេះ​មាន​ទំហំ​មិន​ម​ធំដុំ ដែល​កន្លង​មក​មានការ​ឆេះ​ស្លាប់​ទាំង​មនុស្ស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ