ទីក្រុងតេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់សូមការយោគយល់អធ្យាស្រ័យចំពោះការបង្ក្រាបបាតុកម្មលើកនេះរាងធ្ងន់ដៃបន្តិចហើយស្លាប់រហូតដល់រាប់ពាន់នាក់ត្រឹមតែមួយប៉ប្រិចភ្នែក។ ថ្ងៃនេះ អ៊ីរ៉ង់រំលឹកខួបទី៤៧ឆ្នាំនៃការផ្ទុះបដិវត្តឥស្លាមកាលពីឆ្នាំ១៩៧៩។ លទ្ធិនយោបាយសាសនាធិបតេយ្យនៅអ៊ីរ៉ង់កំពុងទទួលរងសម្ពាធ។ ម៉្យាង បើចរចានុយក្លេអ៊ែរមិនត្រូវគ្នាទេគឺមានតែសង្គ្រាមប៉ុណ្ណោះ។

លោកត្រាំប្រកាសរួចហើយថាលោកត្រៀមបញ្ជូននាវាដឹកយន្តហោះមួយគ្រឿងទៀតទៅតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត សាធារណជនបង្ហាញការខឹងសម្បារនឹងការបង្ក្រាបអ្នកតវ៉ាស្លាប់អស់ជាច្រើននាក់។ ការរំលឹកខួបនោះធ្វើឡើងក្រោមរូបភាព២ផ្សេងគ្នា។ នៅក្នុងទិដ្ឋភាពមួយ មនុស្សរាប់ម៉ឺននាក់ចូលរួមពិធីជួបជុំដែលរៀបចំឡើងដោយក្រុមអ្នកគាំទ្ររដ្ឋាភិបាល។ ក្នុងនោះមានការដុតទង់ជាតិអាមេរិក និងការដាក់ទំនាយឱ្យអាមេរិកវិនាសអន្តរាយជាដើម។

ប៉ុន្តែនៅក្នុងទិដ្ឋភាពមួយទៀត ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ុត ប៉េហ្សេស្គាន (Masoud Pezeshkian) ឡើងទៅលើវេទិកាដែលរៀបចំនៅទីលានអាហ្សាឌី (Azadi) នៃរដ្ឋធានីតេអេរ៉ង់។ លោកនិយាយទទូចថាអ៊ីរ៉ង់នៅតែប្ដេជ្ញាចិត្តចរចាគ្នាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ។ លោកថ្លែងដូច្នេះចំពេលដែលដំណើរការចរចានុយក្លេអ៊ែរជាមួយអាមេរិកស្ថិតនៅក្នុងលក្ខណៈផ្សងព្រេងមិនដឹងថានឹងទទួលបានជោគជ័យ ឬយ៉ាងណានោះទេ។ ក្រុមប្រទេសនៅមជ្ឈិមបូព៌ាកំពុងតែដេកភ័យ ខ្លាចសង្គ្រាមផ្ទុះឡើងទូទាំងតំបន់នេះ។

លោកប៉េហ្សេស្គានហាក់ដូចជាបានសូមអភ័យទោសចំពោះអ្នកដែលរងផលប៉ះពាល់ពីការតវ៉ាទូទាំងប្រទេស និងក៏សូមអភ័យទោសចំពោះការប្រើប្រាស់កម្លាំងបង្ក្រាបដ៏បង្ហូរឈាម។ ទន្ទឹមនឹងនោះ លោកក៏ប្រកាសថ្កោលទោសអ្វីដែលលោកហៅថាជាការឃោសនាអកុសលរបស់ក្រុមបស្ចិមប្រទេសដើម្បីនិយាយពន្យុះឱ្យមនុស្សមានចិត្តជ្រើមជ្រួលហែបាតុកម្ម។

លោកប៉េហ្សេស្គានថ្លែងថាលោកយល់ច្បាស់ណាស់នូវក្ដីទុក្ខសោករបស់អ្នកដែលចូលរួមនៅក្នុងបាតុកម្ម និងដែលរងការបង្ក្រាប។ យើងមានចិត្តអាម៉ាស់នៅចំពោះមុខប្រជាជន ហើយយើងមានកាតព្វកិច្ចត្រូវតែជួយសម្រួលអ្នកដែលរងទុក្ខសោកនៅក្នុងឧបទ្ទវហេតុទាំងនោះ។ យើងគ្មានចិត្តចង់ចាញ់ចង់ឈ្នះជាមួយប្រជាជនទេ៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ