ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តដំណើរការចរចាជាមួយអ៊ីរ៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងថ្មីមួយ បើទោះបីជាមានការដាក់សម្ពាធពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យអាម៉េរិកបន្ថែមលក្ខខណ្ឌតឹងរ៉ឹងលើកម្មវិធីមីស៊ីលបាលីស្ទិកក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈនេះ។
ជំនួបបិទទ្វារនៅសេតវិមាននាពេលនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ “ការទូតអមដោយការគំរាមកំហែង” របស់លោក ត្រាំ ដែលម្ខាងព្យាយាមបញ្ចៀសសង្គ្រាមតាមរយៈការចរចានៅប្រទេសអូម៉ង់ ប៉ុន្តែម្ខាងទៀតបានបញ្ជាឱ្យត្រៀមក្រុមនាវាផ្ទុកយន្តហោះចម្បាំងទីពីរទៅកាន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់។ ទោះបីជាមានបំណងចង់សម្រេចកិច្ចព្រមព្រៀងជាស្ថាពរ ប៉ុន្តែ “ជញ្ជាំងនៃភាពមិនទុកចិត្ត” និងជំហរមិនចរចាលើបញ្ហាមីស៊ីលរបស់អ៊ីរ៉ង់ នៅតែជាឧបសគ្គដ៏ធំដែលធ្វើឱ្យស្ថានភាពសន្តិសុខតំបន់ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ៕
ចែករំលែកព័តមាននេះ