សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ផ្លែខ្នុរគឺជាផ្លែឈើត្រូពិកដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមអស្ចារ្យ ដូចជាវីតាមីន C ក្រុមវីតាមីន B និងអាស៊ីតហ្វូលិក ចំណែកឯគ្រាប់របស់វាក៏ជាប្រភពនៃប្រូតេអ៊ីន និងជាតិដែកផងដែរ។
ទោះបីជាមានជំនឿតៗគ្នាថាការញ៉ាំខ្នុរអាចបណ្ដាលឱ្យពុល ប៉ុន្តែតាមពិតទៅមិនទាន់មានការសិក្សាវិទ្យាសាស្ត្រណាមួយបញ្ជាក់ថាផ្លែឈើនេះបង្កជាតិពុលក្នុងរាងកាយឡើយ។ ទោះជាយ៉ាងណា បញ្ហាសុខភាពអាចកើតមានឡើងប្រសិនបើអ្នកញ៉ាំមិនបានត្រឹមត្រូវ ព្រោះខ្នុរសម្បូរទៅដោយជាតិស្ករ Fructose និង Glucose ដែលធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ។
ការទទួលទានខ្នុរក្នុងបរិមាណច្រើនពេក ឬញ៉ាំលាយជាមួយទឹកដោះគោ និងដំឡូងបារាំង អាចបណ្ដាលឱ្យមានអាការៈហើមពោះ ពិបាករំលាយអាហារ កើតមុន និងលើសកាឡូរីដែលនាំឱ្យធាត់លើសទម្ងន់។ ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត និងរក្សាសុខភាពឱ្យបានល្អ អ្នកជំនាញណែនាំឱ្យទទួលទានក្នុងបរិមាណសមល្មមត្រឹមតែ ៥ ទៅ ៦ ក្លែបក្នុងមួយពេល។ បន្ថែមពីនេះ នៅពេលអ្នកញ៉ាំខ្នុរ លោកអ្នកគួរកាត់បន្ថយការញ៉ាំអាហារសម្បូរជាតិម្សៅ ឬបង្អែមផ្សេងៗទៀត ដើម្បីរក្សាតុល្យភាពជាតិស្ករ និងកាឡូរីក្នុងរាងកាយឱ្យបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ