ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ៖ កម្ពុជា​តវ៉ា​ជំទាស់​នឹង​សកម្មភាព​ខុសច្បាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថាកម្ពុជា​តវ៉ា ជំទាស់​នឹង​សកម្មភាព​ខុសច្បាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ។ ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា
កម្ពុជា​តវ៉ា ជំទាស់​នឹង​សកម្មភាព​ខុសច្បាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​កម្ពុជា សូម​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ជា​បន្តបន្ទាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​តំបន់​មួយ​ចំនួន ក្នុង​ខេត្តបន្ទាយមានជ័យ នៃ​ប្រទេស​កម្ពុជា ដែល​ថៃ បាន​កាន់កាប់​។ ការ​តវ៉ា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វី​ល និង​អគារ​រដ្ឋបាល​បន្ថែម​ទៀត ត្រូវ​បាន​យោធា​ថៃ​វាយ​កម្ទេច​បំផ្លិចបំផ្លាញ​នៅ​តំបន់​បឹង​ត្រកួន ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣៣ និង ៣៦ ក្នុងស្រុក​ថ្មពួក​។ នៅ​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​ស្ថិត​នៅ ចន្លោះ បង្គោល​ព្រំដែន​លេខ​៤៦ និង​៤៧. មានការ​ជីក​ប្រឡាយ និង​សាងសង់​ផ្លូវ​មួយ​ខ្សែ ព្រមទាំង ការ​ចាក់ ដី​លុប​ស្រះ​ទឹក ។

សកម្មភាព​ទាំងនេះ ដែល​បាន​កែប្រែ​ភូមិសាស្ត្រ នៃ​តំបន់​នោះ គឺជា​ការ​ប៉ុនប៉ង​យ៉ាង​ជាក់ច្បាស់​ក្នុង​ការ​បង្កើត​ភាព​ស្របច្បាប់​ចំពោះ​ការ​កាន់កាប់​ដោយ​ខុសច្បាប់ នៃ​ទឹកដី​កម្ពុជា​។ ទ​ង្វើ​ទាំងនេះ បំពាន​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​ចំណុច​ទី​១ នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ស្តី​ពី វិធានការ​បន្ធូរបន្ថយ​ភាព​តានតឹង ក៏​ដូច​ជា​កំណត់ហេតុ នៃ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ព្រំដែន ចម្រុះ​កម្ពុជា​-​ថៃ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​បញ្ជាក់​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន និង​ឥត​ងាករេ​ចំពោះ ការ​ដោះស្រាយ​ជម្លោះព្រំដែន​ទាំងអស់​ដោយ​សន្តិវិធី និង​មិត្តភាព​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ ប្រទេស​ជិតខាង​ទាំងអស់​របស់​ខ្លួន ស្រប​តាម​ច្បាប់​អន្តរជាតិ ទន្ទឹម​នេះ ប្រកាន់​ភ្ជាប់​នូវ​គោល​ជំហរ ជា​គោលការណ៍​ថា ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ