រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់កាប់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ។
ប្រភពបានលើកឡើងថា ការតវ៉ានេះធ្វើឡើងបន្ទាប់ ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និង៣៦ ក្នុងស្រុកថ្មពួក ។
នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅ ចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងការចាក់ដីលុបស្រះទឹក ។
ក្រសួងបានលើកឡើងថា សកម្មភាពទាំងនេះ ដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា ។
ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះ ការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយ ប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះ ប្រកាន់ភ្ជាប់នូវគោលជំហរ ជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ ៕
ចែករំលែកព័តមាននេះ